(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងជំរុញឲ្យអ្នកម្តាយគ្រប់រូប ដែលទើបប្រសូត្របុត្រ ត្រូវបំបៅដោះកូន ដោយទឹកដោះម្តាយ ដែលជាទឹកដោះដំបូង ចាប់ពីទើបកើត រហូតដល់៦ខែ ដើម្បីឲ្យកូនមានការលូតលាស់ និងសុខភាពល្អ។

ថ្លែងក្នុងពិធីអបអរសារទរ សប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយ ក្រោមប្រធានបទ «គាំទ្រការបំបៅកូនដោយទឹកដោះម្តាយធ្វើឲ្យមនុស្ស ទូទាំងពិភពលោក មានសុខភាពកាន់តែប្រសើរឡើង» ដែលបានរៀបចំធ្វើឡើងនៅមណ្ឌលសុខភាពស្រអែម ស្រុកជាំក្សាន្ត នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នេះ លោក គួង ឡូ បានបញ្ជាក់ថា ទឹកដោះដំបូងរបស់ម្តាយ មានសារៈសំខាន់ណាស់ សម្រាប់ការលូតលាស់របស់ទារកគ្រប់ៗរូប។

លោកប្រធានមន្ទីរសុខាភិបាល បានជំរុញអ្នកម្តាយគ្រប់រូប ត្រូវបំបៅកូនដោយទឹកដោះម្តាយ ទឹកដោះដំបូងចាប់ពីទើបសម្រាល ដល់៦ខែ និងបន្តរហូតអាយុ២ឆ្នាំ បូកអាហាររូបត្ថម្ភផ្សេងៗ ដោយអនុវត្តឲ្យបានគ្រប់ទីកន្លែងក្រុង ស្រុក និងនៅតាមសហគមក្នុងខេត្តព្រះវិហារ។ ជាមួយគ្នានេះ សូមអាជ្ញាធរមូលដ្ឋាន ត្រូវផ្សព្វផ្សាយទៅដល់អ្នកម្តាយ និងអ្នកថែទាំទារក ឲ្យមានការយល់ដឹងពីគុណសម្បត្តិ នៃការបំបៅកូនដោយទឹកដោះម្តាយ (ទឹកដោះដំបូង)។

លោក គួង ឡូ បានធ្វើការអំពាវនាវផងដែរឲ្យស្ត្រីមានផ្ទៃពោះគ្រប់រូប មកទទួលយកសេវាថែទាំពេលមានផ្ទៃពោះ ពេលសម្រាលកូន និងការថែទាំក្រោយសម្រាល តាមការណាត់ជួបរបស់គ្រូពេទ្យ ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពីកញ្ចប់ថវិការបស់ស្ត្រីមានផ្ទៃពោះ ដែលមានប័ណ្ណសមធម៌ ឬប័ណ្ណអថិភាព។

ទន្ទឹមនឹងនោះ លោកវេជ្ជបណ្ឌិត គួង ឡូ ក៏ជំរុញឲ្យប្រជាពលរដ្ឋគ្រប់រូប ប្រញាប់មកទទួលសេវាថែទាំសុខភាពឲ្យបានទាន់ពេល ព្រោះថវិកាពុំមែនជាឧបសគ្គ ឬជារនាំង នៃការមកទទួលសេវាថែទាំ ការព្យាបាលជំងឺនៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាពរបស់ប្រជាពលរដ្ឋឡើយ និងត្រូវបន្តការពារខ្លួន ពីជំងឺរាតត្បាតផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩៕