(កណ្តាល)៖ ដោយមានសទ្ធាជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនា និងតាមសំណើសុំបិណ្ឌបាត្ររបស់ព្រះគ្រូចៅអធិការ គណៈកម្មការ អាចារ្យ រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្តព្រះធម៌កំពូលត្រ័យភព (ហៅវត្តអំពិលទឹក) នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នេះ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី, អនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ, រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកមុខកំពូល និងលោកស្រី រួមជាមួយសហការី មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃស្រុកមុខកំពូល និងបងប្អូនប្រជាពលរដ្ឋ ដែលជាពុទ្ធបរិស័ទចំណុះជើងវត្ត បានដង្ហែអង្គកឋិនទាន ដើម្បីវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅក្នុងពុទ្ធសីមាវត្តព្រះធម៌កំពូលត្រ័យភព ស្ថិតនៅភូមិអំពិលទឹក ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។

អង្គកឋិនទានសាមគ្គីនេះ ប្រមូលបច្ច័យបានប្រមាណជិត ៤៣៧ លានរៀល សម្រាប់ប្រើប្រាស់ក្នុងការកសាងសមិទ្ធផលផ្សេងៗនៅក្នុងវត្តទៅតាមពុទ្ធានុ ហើយក៏យកទៅសាងសង់ព្រះវិហារផងដែរ ដែលវត្តមាននេះមិនទាន់មានព្រះវិហារនៅឡើយទេ។

គួរបញ្ជាក់ដែរថា កឋិនទាន គឺជាបុណ្យមួយ ដែលមានតែក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះ និងជាទានមានមកតាមផ្លូវព្រះវិន័យ ហើយក៏ជាកាលទានដ៏ពិសេសមួយមានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើនៅពេលណា ក៏បានតាមចិត្តចង់ នោះឡើយ។ គឺរយៈកាលទទួលកឋិនទានក្ដី និងរយៈកាលកឋិនទានក្ដី អាចធ្វើបានតែក្នុងសម័យតែ ១ខែគត់ ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក។

នៅឱកាសនោះដែរលោក វង្សី វិស្សុត បានណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ត្រូវបន្ត យកចិត្តទុកខ្ពស់ដល់ការបង្ការការឆ្លង និងការរីករាលដាលនៃជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួង សុខាភិបាល ដើម្បីការពារអាយុជីវិតរបស់ប្រជាជនពីជំងឺដ៏កាចសាហាវនេះ និងត្រូវបន្តតាមដានជាប់ជាប្រចាំអំពីផលប៉ះពាល់នានា ដែលអាចកើតមានឡើងជាយថាហេតុពីទឹកជំនន់នាពេលថ្មីៗនេះ នៅក្នុងភូមិសាស្រ្តស្រុកមុខកំពូល ដើម្បីអាចដាក់ចេញនូវវិធានការចាំបាច់នានាបានទាន់ពេលវេលា ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសការបង្កបង្កើនផលផ្សេងៗ។

ទន្ទឹមនឹងនេះ ក៏ត្រូវបន្តពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ទោះពីយើងត្រូវជាប់ដៃជាមួយនឹងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការគំរាមកំហែងពីទឹកជំនន់ក្តី៕