(ភ្នំពេញ)៖ ក្នុងឱកាសប្រជាពលរដ្ឋ បាននិងកំពុងចូលរួមប្រកបដោយសុទ្ធាជ្រះថ្លា ផ្ដើមជាអង្គកឋិនទាន ប្រមូលបច្ច័យ ត្រៃចីវរ និងគ្រឿងបរិក្ខារ ដង្ហែទៅកាន់ទីអារាមនានា ដើម្បីចូលរួមលើក កម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ, ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន់ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, លោកស្រីឧកញ៉ាហេមចិត្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន់, លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោកស្រី ជាខេង ព្រមទាំងក្រុមគ្រួសារ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នេះ បានដង្ហែអង្គកឋិនសាមគ្គី ចូលវត្តលលកសចាស់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ពិធីបុណ្យកឋិនទាននេះ បានប្រារព្ធធ្វើតាមគន្លងប្រពៃណីព្រះពុទ្ធសានា ដោយនៅវេលាល្ងាចថ្ងៃ ១២កើត ខែកក្តិក ឆ្នាំជូត ទោស័កពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ និមន្តព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្ត និងសម្ដែងព្រះធម៌ទេសនា នៅគេហដ្ឋានរបស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ស្ថិតនៅខណ្ឌទួលគោក រាជធានីភ្នំពេញ លុះព្រឹកថ្ងៃ១៣កើត ខែ-ឆ្នាំដដែល ត្រូវនឹងថ្ងៃទី២៩ ខែតុលា ជួបជុំអ្នកផ្តើមបុណ្យ និងពុទ្ធបរិស័ទជិតឆ្ងាយ ប្រារព្ធពិធីដង្ហែអង្គកឋិនទានសាមគ្គី រួចវេរប្រគេន ព្រះសង្ឃក្រាលគ្រង តាមពុទ្ធានុញ្ញាតិ និងពុទ្ធបញ្ញាត្តិ។

បន្ទាប់ពីបានរៀបចំពិធីនៅរាជធានីភ្នំពេញរួចមក នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នេះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានចាត់តាំងឧត្តមសេនីយ៍ឯក ឡាយ គឹមលី នាយកខុទ្ទកាល័យ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី លឹម ស្រីនី បានដឹកនាំក្រុមការងារអាជ្ញាធរជាតិប្រយុទ្ឋប្រឆាំងគ្រឿងញៀន ដង្ហែអង្គកឋិនទានរបស់ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និងលោកស្រីឧកញ៉ាហេមចិត្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ និងលោករដ្ឋមន្រ្តី ស៊ុយ សែម និងលោកស្រី ជាខេង ទៅវេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមារវត្តលលកសសុខារាម ហៅវត្តលលកសចាស់ ស្ថិតក្នុងភូមិព្រែកត្នោត សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះឧត្តមសេនីយ៍ឯក ឡាយ គឹមលី បានពាំនាំបណ្តាំសាកសួរសុខទុក្ខក្តីនឹករលឹកពីថ្នាក់ដឹកនាំជាតិមានសម្តេចតេជោ ហ៊ុន សែន, សម្តេចពញាចក្រី ហេង សំរិន, សម្តេចវិបុលសេនា សាយ ឈុំ, ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកឧកញ៉ាហេមចិត្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ ជូនចំពោះបងប្អូនលោកតាលោកយាយ អ្នកពោធិសាត់ទាំងអស់គ្នា និងបានជូនពរដល់អ្នកពោធិ៍សាត់ និងបងប្អូនជិតឆ្ងាយទាំងអស់សូមជួបតែសេចក្តីសុខគ្រប់ប្រការ និងសូមទទួលបានផល្លានិសង្សដែលកើតចេញពីបុណ្យកឋិនទាននាពេលនេះគ្រប់ៗគ្នា កុំបីខានឡើយ និងសូមថែរក្សាសុខភាពបង្ការទប់ស្កាត់ការរីករាលដាលបញ្ហាគ្រឿងញៀន ជំងឺកូវីដ-១៩ គ្រុនឈាម និងគ្រុនឈីក។

ឧត្តមសេនីយ៍ឯក ឡាយ គឹមលី បានបន្តថា បច្ច័យដែលទទួលបានពីបុណ្យកឋិនទាននាពេលនេះមានចំនួនសរុប ៥២៨,៩១៨,៤០០រៀល សូមវេរប្រគេនជូនព្រះសង្ឃសម្រាប់កសាងសាលាឆាន់ និងបានវេរប្រគេនព្រះសង្ឃ ក្រាលគ្រង ព្រះសង្ឃហត្ថបាស សាមណេរចំនួន៥០ម៉ឺនរៀល និងឧបត្ថម្ភអាចារ្យ គណៈកម្មការវត្ត អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ចជាច្រើនទៀតផងដែរ។

ជាមួយនឹងឱកាសពោរពេញដោយសុទ្ធាជ្រះថ្លានៃបុណ្យកឋិនទាននេះ ព្រះសង្ឃ ប្រជាពលរដ្ឋ លោកតា លោកយាយទាំងអស់សូមថ្លែងអំណរគុណ និងបួងសួងដល់វត្ថុស័ក្តសិទ្ធក្នុងលោក ទេវតាព្រះនាមគោរាគៈទេវី សូមប្រសិទ្ធពរជ័យបវរមហាប្រសើរជូនចំពោះឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រីឧកញ៉ាហេមចិត្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ សូមមានសុខភាពល្អបរិបូរណ៍។

គួរជម្រាបថា កឋិនទានគឺជាបុណ្យមួយ ដែលមានតែក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះ និងជាទានមានមកតាមផ្លូវព្រះវិន័យហើយ ក៏ជាកាលទានដ៏ពិសេសមួយមានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើនៅពេលណាក៏បានតាមចិត្តចង់នោះឡើយ។

អ្នកទទួលត្រូវតែជាភិក្ខុសង្ឃ ដែលបានគង់ចាំវស្សា ដោយចប់សព្វគ្រប់រយៈពេលបីខែ ហើយក៏ត្រូវតែជាការចូលបឋមវស្សាហើយ ត្រូវតែគ្មានជម្លោះធំដុំកើតឡើង ក្នុងចំណោមភិក្ខុសង្ឃ ក្នុងអារាមនោះ។ ក្នុងព្រះវិន័យបានកំណត់ច្បាស់ថា សាមណេរគ្មានសិទ្ធិទទួលកឋិនបានទេ គឺបានតែភិក្ខុហើយ បើភិក្ខុនោះមិនបានចូលវស្សា ឬបានចូលវស្សាដែរប៉ុន្តែបានធ្វើដាច់វស្សា ក៏មិនអាចទទួលកឋិនបានដែរ ហើយបើទោះជាមិនដាច់វស្សា ប៉ុន្តែភិក្ខុទាំងនោះមានជម្លោះឈ្លោះទាស់ទែងគ្នា ក៏មិនអាចទទួលកឋិនបានដែរ។

កឋិន ជាប្រភេទចីវរទាន ហេតុនេះវត្ថុដែលប្រើប្រាស់ដែលជាតួអង្គកឋិន មានតែស្បង់ចីពរ ឬសង្ឃាដី (ទីទៃពីនេះទៅហៅថាបរិវាកឋិន ឬអានិសង្សលាភហើយគេអាចនាំសម្ភារនានាទៅរួម ក្នុងកឋិននេះបានតាមប្រាថ្នា)។ ប៉ុន្តែសំពត់ដែលអាចប្រើប្រាស់ជាសំពត់កឋិនបានលុះណាតែធ្វើត្រឹមត្រូវ តាមខ្នាតដែលបានកំណត់ដោយវិន័យ។

ក្នុងមួយឆ្នាំរយៈពេលដែលអាចធ្វើកឋិនបាន មានតែ២៩ថ្ងៃប៉ុណ្ណោះ គឺចាប់ពី០១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក ដែលឆ្នាំ២០២០នេះ ត្រូវនឹងថ្ងៃទី០៣ ដល់ថ្ងៃទី ៣១ ខែតុលា ហៅថា កឋិនកាល៕