(កំពង់ចាម)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះសព ឧបាសក ហេង ឃាង ជាឪពុកបង្កើតរបស់លោក ហេង សួរ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានទីតាំងនៅភូមិអំពិល ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០។

គួររំលឹកដែរថា ឧបាសក ហេង ឃាង បានទទួលមរណភាពនាថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១០៖១៨នាទីយប់ ក្នុងជន្មាយុ៧៦ឆ្នាំ ដោយជរាពាធ។

មរណភាពរបស់ឧបាសក ហេង ឃាង គឺជាការបាត់បង់ដ៏គួរឲ្យសោកស្តាយបំផុតនូវឧត្តមស្វាមី ឱពុកជាទីគោរពស្រឡាញ់ដែលប្រកបដោយព្រហ្មវិហារធម៌ ដែលមួយជីវិតរបស់ឧបាសិក បានបូជាកម្លាំងកាយចិត្ត ស្មារតី និងពេលវេលាចូលរួមចំណែកក្នុងការលើកស្ទួយនូវវិស័យព្រះពុទ្ធសាសនា។

ឆ្លៀតក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត បានសម្តែងនូវសមានទុក្ខសោកស្តាយ អាឡោះអាល័យក្រៃលែង និងចូលរួមរំលែកនូវមរណទុក្ខជាមួយលោក ហេង សួរ និងលោកស្រី រួមទាំងក្រុមគ្រួសារ បងប្អូនកូនចៅទាំងអស់ ចំពោះការបាត់បង់សមាជិកគ្រួសារនាពេលនេះ និងបានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសក ហេង ឃាង ឆាប់បានចាប់បដិសន្ធិ ក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

នារសៀលថ្ងៃដដែលនោះ បន្ទាប់ពីបានបញ្ចុះសពរួចរាល់មក ក៏មានពិធីបុណ្យទក្ខិណានុប្បទានគម្រប់ ៧ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធឧបាសក ហេង ឃាង ផងដែរ៕