(ភ្នំពេញ)៖ ទោះបីជាមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី បានព្រមានកូនចៅនៅសហរដ្ឋអាមេរិក មិនឱ្យពាក់ព័ន្ធក្នុងការធ្វើបាតុកម្មប្រឆាំង នឹងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាយ៉ាងណាក្តី ប៉ុន្តែត្រូវបានលោក ហ៊ុន ម៉ានិត​ កូនប្រុសសម្តេចតេជោ ហ៊ុន សែន នៅតែអះអាងថា ការធ្វើបាតុកម្មនេះត្រូវបានរៀបចំផែនការរួចជាស្រេច ដោយមន្រ្តីជាន់ខ្ពស់ក្នុងគណបក្សសង្រ្គោះជាតិ ហើយការព្រមានរបស់លោក សម រង្ស៊ី គឺគ្រាន់តែជាលេស និងល្បិចតែប៉ុណ្ណោះ។

លោក ហ៊ុន ម៉ានិត​ បានលើកឡើងប្រាប់អង្គភាព Fresh News នៅថ្ងៃសៅរ៍នេះថា លោក សម រង្ស៊ី ដែលកំពុងមានវត្តមានស្រាប់ នៅសហរដ្ឋអាមេរិកនាពេលនេះ ប្រាកដណាស់ពិតជាបានដឹងអំពីផែនការរៀបចំធ្វើបាតុកម្ម ប្រឆាំងនឹងសម្តេចតេជោ ហ៊ុន សែន នៅពេលទៅចូលរួមកិច្ចប្រជុំកំពូល អាមេរិក-អាស៊ាន នៅពាក់កណ្តាលខែកុម្ភៈខាងមុខ។

លោក ហ៊ុន ម៉ានិត បានបញ្ជាក់បន្ថែមថា ការព្រមានពីសំណាក់មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី ទៅលើសកម្មជនរបស់លោក មិនឱ្យចូលរួមធ្វើបាតុកម្មប្រឆាំងនឹង សម្តេចតេជោ ហ៊ុន សែន គឺគ្រាន់តែលេសដើម្បីកុំឲ្យជាប់ពាក់ព័ន្ធ នឹងករណីបាតុកម្មនេះតែប៉ុណ្ណោះ, ប៉ុន្តែធាតុពិតគឺគណបក្សសង្គ្រោះជាតិ នឹងនៅតែជាអ្នករៀបចំពីក្រោយខ្នងដដែល។​

លោក ហ៊ុន ម៉ានិត បានថ្លែងយ៉ាងដូច្នេះថា «ថ្មីៗនេះ គឺមានការរៀបចំបានទាក់ទងគ្នាទៅតាមប្រព័ន្ធអ៊ីនធើណិត ទៅតាម Group ដែលបានធ្វើឱ្យ យើងចាប់បាន និងដឹងថា ការរៀបចំរបស់គណបក្សសង្រ្គោះជាតិគឺមាន ហើយម្យ៉ាងវិញទៀត ដោយសារតែយើងបានចាប់បានកំហុសនេះហើយ ទើបគេកំពុងតែ ចង់កាត់ផ្តាច់ បញ្ហាបាតុកម្មពីគណបក្សសង្រ្គោះជាតិ ទៅជាប្រជាពលរដ្ឋវិញ។ ទោះបីជា លោក សម រង្ស៊ី បានប្រកាសឥឡូវក៏ដោយ ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ នាថ្មីៗនេះ បានប្រកាសបដិសេធក៏ដោយ ប៉ុន្តែការរៀបចំនៅតែរៀបចំ, ដោយគាត់ធ្វើយ៉ាងម៉េចឱ្យតែរូបភាព នៅខាងក្រៅមើលទៅដូចជា អត់មានការពាក់ព័ន្ធ ប៉ុន្តែផែនការគឺកំពុងដំណើរការទៅមុខទៀត»

ដោយឡែកមន្រ្តីសកម្មជនគណបក្សប្រឆាំងមួយរូប (សុំមិនបញ្ចេញឈ្មោះ) បានទម្លាយប្រាប់អង្គភាព Fresh News ពីសហរដ្ឋអាមេរិក បានឲ្យដឹងនៅថ្ងៃត្រង់ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា «សកម្មជនគណបក្សសង្រ្គោះជាតិមួយចំនួន នៅសហរដ្ឋអាមេរិក ក៏កំពុងត្រៀមខ្លួន ចូលរួមនៅក្នុងបាតុកម្មនេះ»។

សូមជំរាបថា កាលពីខែកញ្ញាឆ្នាំមុន, មុននឹងឈានដល់ បាតុកម្មប្រឆាំងសម្តេចតេជោ ហ៊ុន សែន ពេលទៅចូលរួមកិច្ចប្រជុំនៅបុរីញូវយ៉ក សហរដ្ឋអាមេរិក គណបក្សសង្រ្គោះជាតិ និងមេដឹកនាំគណបក្សនេះ ធ្លាប់បានប្រកាសថាមិនពាក់ព័ន្ធនឹងគម្រោងបាតុកម្មនេះទេ ប៉ុន្តែទីបំផុតក៏មានឯកសារបែកធ្លាយថា គណបក្សនេះបានឧបត្ថម្ភក្នុងការធ្វើបាតុកម្មនោះ អស់រាប់ពាន់ដុល្លារទៅវិញ។

ឯកសារបែកធ្លាយផ្ទៃក្នុងចេញពីទីក្រុង Houston រដ្ឋ Texas សហរដ្ឋអាមេរិក កាលពីចុងឆ្នាំ២០១៥ បានឱ្យដឹងថា ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៣ ក្រុមសកម្មជនបក្សប្រចាំនៅរដ្ឋតិចសាស បានចងក្រងជារចនាសម្ព័ន្ធដើម្បីជួយគណបក្សសង្គ្រោះជាតិ ទាមទារឲ្យមានការផ្លាស់ប្តូរតាម លទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា ដោយបានចំណាយថវិកាអស់ចំនួន ៦១,១៨៥ដុល្លារ។ ក្នុងនោះក៏មានការធ្វើបាតុកម្មនៅបុរីញូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥ ជាពេលសម្តេចតេជោ ហ៊ុន សែន បំពេញទស្សនកិច្ចនៅទីនោះផងដែរ។ ការធ្វើបាតុកម្មពេលនោះ សកម្មជនអ្នកគាំទ្រ CNRP ប្រចាំទីក្រុង Houston បានចូលរួមចំណាយ ១.២៨០ដុល្លារផងដែរ។

សូមបញ្ជាក់ថា នាថ្មីៗនេះ ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង លោក ទូច វិបុល ជាអ្នកធ្លាប់មានទំនាក់ទំនងជាមួយមន្រ្តីគណបក្សសង្រ្គោះជាតិ ហើយចេញមុខក្នុងការដឹកនាំបាតុកម្មប្រឆាំងសម្តេចតេជោ ហ៊ុន សែន ខាងមុខនេះនោះ បានប្រកាសថា បាតុកម្មប្រឆាំងនឹងសម្តេចតេជោ ហ៊ុន សែន នៅសហរដ្ឋអាមេរិក នៅថ្ងៃទី១៥ ខែកុម្ភៈ នឹងនៅតែកើតមានដោយមានមនុស្សចូលរួមប្រមាណ៣០០ទៅ៥០០នាក់។

ខាងក្រោមនេះជារបាយការណ៍ពីសកម្មជន CNRP ប្រចាំទីក្រុង Houston រដ្ឋ Texas សហរដ្ឋអាម៉េរិក ចូលរួមជួយថវិកាដើម្បីធ្វើបាតុកម្មប្រឆាំងនាយករដ្ឋមន្រ្តីកម្ពុជា៖