(សៀមរាប)៖ ក្រុមហ៊ុន SCG សហការជាមួយក្រុមហ៊ុន ទិត ហ៊ុន ត្រេឌីង បានបើកសម្ពោធ តំណាងចែកចាយផ្លូវការរបស់ក្រុមហ៊ុន SCG ក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី០៦ ខែកម្ភៈ ឆ្នាំ២០១៦នេះ ដែលនេះជាតំណាងចែកចាយផ្លូវការជាលើកដំបូងនៅប្រទេសកម្ពុជា នូវផលិតផលស៊ីម៉ងត៍ដំរី ឬស៊ីម៉ងត៍ SCG និងក្បឿងបេតុង SCG ជាដើម ដែលជាផលិតផលឈានមុខគេមួយក្នុងតំបន់អាស៊ាន ព្រមទាំងទទួលស្គាល់គុណភាព និងមានការពេញនិយមក្នុងចំណោមអតិថិជននៅកម្ពុជា។

ពិធីសម្ពោធនេះមានការចូលរួមជាអធិបតីពី លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងលោកស្រី, លោកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប, លោក Aree Chavalitcheewingul អគ្គនាយករងទទួលបន្ទុកអាជីវកម្មប្រចាំតំបន់ នៃក្រុមហ៊ុន SCG និងលោក ហ៊ុយ ភៀវ ប្រធានក្រុមហ៊ុន ទិត ហ៊ុន ត្រេឌីង និងលោកស្រី ព្រមទាំងវត្តមានអស់លោក លោកស្រីជាភ្ញៀវកិត្តិយសជាច្រើនរូបទៀត ។

លោក ហ៊ុយ ភៀវ ប្រធានក្រុមហ៊ុន ទិត ហ៊ុន ត្រេឌីង បានថ្លែងឲ្យដឹងថា រូបលោកមានសេចក្ដីរីករាយជាខ្លាំង ដែលបានសហការជាមួយក្រុមហ៊ុន SCG បើកសម្ពោធ តំណាងចែកចាយផ្លូវការដំបូងក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា ដែលផ្គត់ផ្គង់នូវផលិតផលគ្រឿងសំណង់ប្រកបដោយគុណភាព ទំនើបៗ និងមានស្តង់ដារខ្ពស់។

លោក Somwang Manapimonchai នាយកក្រុមហ៊ុន SCG ប្រចាំកម្ពុជា បានថ្លែងថា ក្រុមហ៊ុន ទិត ហ៊ុន ជាក្រុមហ៊ុនគំរូល្អ យើងជឿជាក់ថា ក្រុមហ៊ុននឹងអភិវឌ្ឍនូវស្ដង់ដារថ្មី ហើយជម្រុញការធ្វើពាណិជ្ជកម្មបែបទំនើប ក្នុងវិស័យអាជីវកម្មគ្រឿងសំណង់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជននៅកម្ពុជា។ ហើយលោកសង្ឃឹមនៅពេលខាងមុខ ខាងក្រុមហ៊ុននឹងបានបើកតំណាងចែកចាយផ្លូវការរបស់ខ្លួន ជាច្រើនទីតាំងបន្ថែមទៀត នៅទូទាំងប្រទេសកម្ពុជា ។

លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានឡើងថ្លែងនៅក្នុងពិធីបើកសម្ពោធនាព្រឹកនេះថា ការដាក់ឲ្យដំណើរការទីតាំងក្រុមហ៊ុន ទិត ហ៊ុន ត្រេឌីង នាពេលនេះ គឺបង្ហាញឲ្យឃើញ ពីការរីកចំរើនថ្មីៗបន្ថែមទៀតក្នុងខេត្តសៀមរាប។ ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលបានថ្លែងអំណរគុណចំពោះវិនិយោគិនជាតិ និងអន្តរជាតិ ដែលបានមកបណ្ដាក់ទុននៅកម្ពុជា ក៏ដូចជានៅខេត្តសៀមរាប ។ ជាក់ស្ដែងនាថ្ងៃនេះ យើងបានធ្វើពិធីសម្ពោធទីតាំងថ្មីរបស់ក្រុមហ៊ុន ទិត ហ៊ុន ត្រេឌីង ដែលជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសំណង់ដ៏ធំមួយ ក្នុងខេត្តសៀមរាប បានបង្កើតឡើងតាំងពីឆ្នាំ១៩៩៣ ហើយទទួលបានការគាំទ្រពីសាធារណជនទូទៅ ទើបក្រុមហ៊ុនបានសហការជាមួយក្រុមហ៊ុន SCG ក្នុងការបង្កើតទីតាំងថ្មី សម្រាប់ចែកចាយសម្ភារសំណង់គ្រប់ប្រភេទ ដែលមានទំហំបរិមាណធំជាងមុន និងប្រកបដោយលក្ខណៈស្ដង់ដារ និងគុណភាពខ្ពស់ផងដែរ ។

សូមបញ្ជាក់ថា ផលិតផលរបស់ក្រុមហ៊ុន SCG មានដូចជា ស៊ីម៉ងត៍ដំរី ឬ ស៊ីម៉ងត៍អេសស៊ីជី និងក្បឿងបេតុង អេសស៊ីជី ជាដើម សុទ្ធតែមានការទទួលស្គាល់គុណភាព និងមានការពេញនិយមក្នុងចំណោមអតិថិជននៅកម្ពុជា ជាយូរមកហើយ ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនត្រូវបានប្រជាមតិកត់សម្គាល់ថា ជាក្រុមហ៊ុន ដែលមានទំនួលខុសត្រូវសង្គមខ្ពស់ តាមរយៈសកម្មភាពសង្គមជាច្រើន ដូចជា អាហារូបករណ៍ SCG ចែករំលែកក្ដីសុបិន្ត និងព្រឹត្តិការណ៍បាល់ទាត់មនុស្សធម៌ SCG Muangthong United ASEAN Tour ឆ្នាំ២០១៦ ជាដើម ៕