(ពោធិ៍សាត់)៖ ជនសង្ស័យ២នាក់ ជាអ្នករត់រថយន្តឈ្នួលភ្នំពេញ-ពោធិ៍សាត់ ត្រូវសមត្ថកិច្ចចាប់ខ្លូន ក្រោយពីពួកគេបានបន្លំលួចទូរស័ព្ទម៉ាក iPhone 6 និង iPhone 6S ចំនួន៦គ្រឿង របស់ម្ចាស់ទ្រព្យដែលផ្ញើតាមពួកគេ។ ការចាប់ខ្លួនជនសង្ស័យទាំង២នាក់នេះ បានធ្វើឡើងក្រោយពីមានពាក្យបណ្តឹង របស់ម្ចាស់ហាងលក់ទូរស័ព្ទ នៅខេត្តពោធិ៍សាត់ ឈ្មោះ សេង ហេង។

ជនរងគ្រោះបានប្រាប់ថា វេលាម៉ោង៣រសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ ខ្លួនបានកម្ម៉ង់ទិញទូរស័ព្ទពីហាងលក់ទូរស័ព្ទ នៅភ្នំពេញឈ្មោះ Arine ហើយត្រូវបានម្ចាស់ហាង ផ្ញើទូរស័ព្ទតាមរថយន្ត ពីភ្នំពេញមកពោធិ៍សាត់ តាមរថយន្តដឹកទំនិញ របស់ឈ្មោះផាត (ប្តី) និងឈ្មោះ អេង (ប្រពន្ធ) នៅភូមិដូងជ្រុំ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ប៉ុន្តែនៅពេលដែលគេផ្ញើនោះ ជនសង្ស័យទាំង២នាក់ បានលួចយកទូរស័ព្ទទាំងទាំងនេះទៅលក់បន្តទៀត។

លោក ប៊ិច ស៊ីផាន់ នាយនគរបាលប៉ុស្តិ៍រដ្ឋបាលផ្ទះព្រៃ បានប្រាប់ភ្នាក់ងារ Fresh News ថា ជនសង្ស័យមានឈ្មោះ លៀម ឡូ (ហៅម៉ៅ) អាយុ ៣២ឆ្នាំ មានស្រុកកំណើតភូមិយាង ឃុំយាង ស្រុកពួក ខេត្តសៀមរាប បច្ចុប្បន្នរស់នៅភូមិអូរតូង សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ជាព្រូរថយន្ត។

លោកអនុសេនីយ៍ឯក ប្រាក់ ណុល នាយផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាល ក្រុងពោធិ៍សាត់បានឲ្យដឹងដែរថា តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ លៀម ឡូ នៅវេលាម៉ោង ៣:៣០ទៀបភ្លឺ ចូលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦ ខ្លួនបានលួចយកកេសពីរថយន្ត ដោយក្នុងនោះមានទូរស័ព្ទចំនួន០៤គ្រឿង (iPhone 6 ២គ្រឿង& iPhone 6S ២គ្រឿង) និងទឹកក្រូចមួយកេសហើយរក្សាទុក។ លុះដល់វេលាម៉ោង១១ព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ជនសង្ស័យបានយកទូរស័ព្ទចំនួន០២គ្រឿង (iPhone 6 & iPhone 6S) មកលក់នៅហាងទូរស័ព្ទឈ្មោះ ធូ ថាប់ នៅសង្កាត់លលកស ក្នុងតម្លៃ២៥០ដុល្លារ។

ដោយឡែកនៅថ្ងៃទី០៦ ខែកុម្ភៈ វេលាម៉ោង១០:៣០ព្រឹកនេះ ជនសង្ស័យបានយកទូរស័ព្ទ ចំនួន០២គ្រឿងទៀត (iPhone 6 & iPhone 6S) មកលក់នៅហាងទូរស័ព្ទឈ្មោះ សេង គី នៅសង្កាត់ផ្ទះព្រៃ ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ព្រមទាំងបាននាំយកជនសង្ស័យ ទៅបង្ហាញទីតាំងដែលជនសង្ស័យលក់ នៅសង្កាត់លលកសផងដែរ។ តាមចម្លើយសារភាពរបស់ជនសង្ស័យជាលើកទី២ ថាខ្លួនពិតជាបានលួយទូរស័ព្ទចំនួន៤គ្រឿងនោះ ពិតប្រាកដមែន ហើយទូរស័ព្ទចំនួន២គ្រឿងទៀត ខ្លួនបានបែងចែកទៅឲ្យឈ្មោះ សេន សារ៉ុន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ជាព្រូរថយន្ត។ បច្ចុប្បន្នជនសង្ស័យទាំងពីរ កំពុងសាកសួរ និងបញ្ជូនសំណុំរឿងដោះស្រាយតាមនីតិវិធី៕