(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន សហការជាមួយនគរបាលខណ្ឌសែនសុខ និងនគរបាលខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានបន្តប្រតិបត្តិការ ចុះទៅចាប់ខ្លួនមេជួញដូរគ្រឿងញៀន ជនជាតិចិន២នាក់បន្ថែម ទៀតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ មុនពេលដែលពួកគេប្រុងឡើងយន្តហោះ ឆ្ពោះទៅក្រៅប្រទេស។ ការចាប់ខ្លួនជនសង្ស័យទាំង២នាក់នេះ បានធ្វើឡើងក្រោយពី បក្ខពួកម្នាក់ត្រូវបានកម្លាំង នគរបាលចាប់ខ្លួននៅខណ្ឌជ្រោយចង្វារ នៅថ្ងៃម្សិលមិញ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា កម្លាំងនគរបាលក្រោមការដឹកនាំពីលោក ប៊ន សំអាត ស្នងការរង និងលោកអធិការទាំង២ខណ្ឌ បានចុះទៅឃាត់មុខសញ្ញាជនជាតិចិនទាំង២នាក់ ព្រមទាំងដកហូតវត្ថុតាង មួយចំនួនផងដែរ នៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ក្រោយចាប់ខ្លួនជនសង្ស័យទាំងនេះ ត្រូវបានបញ្ជូនទៅសួរនាំ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕