(កំពង់ចាម)៖ កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយជំនាញ អធិការដ្ឋាននគរបាលស្រុកកំពង់សៀម អាជ្ញាធរមូលដ្ឋានឃុំកៀនជ្រៃ និងជំនាញខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានចុះបង្ក្រាបបទល្មើសជលផល (នេសាទខុសច្បាប់ លូស្បៃមុង) បានចំនួន០២ករណី។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ករណីទី១៖ ស្ថិតនៅត្រង់ចំណុចទួលកណ្តាក និងចំណុចជើងភ្នំត្រងិល ស្ថិតក្នុងឃុំស្រក ស្រុកកំពង់សៀម ជាលទ្ធផលបង្ក្រាបបាន រួមមាន ឧបករណ៍លូស្បៃមុង ចំនួន២៥មាត់, របាំងលូស្បៃមុងប្រវែង ៧៥០ម៉ែត្រ, បង្គោលចម្រឹង ៦២៥ដើម និងចាក់លែងកូនត្រី ៤៣គីឡូក្រាម។

ករណីទី២៖ ស្ថិតនៅត្រង់ចំណុចទំនប់ជ្រោយចេក និងចំណុចទំនប់សំរោង ស្ថិតក្នុងឃុំទ្រាន ស្រុកកំពង់សៀម ជាលទ្ធផលបង្ក្រាបបាន រួមមាន លូស្បៃមុង ចំនួន៣៦មាត់, របាំងស្បៃមុងប្រវែង ១,០៨០ម៉ែត្រ, បង្គោលចម្រឹងឬស្សី ចំនួន៩០០ដើម និងចាក់លែងត្រីចម្រុះទម្ងន់ ១៧គីឡួក្រាម។

វត្ថុតាងខាងលើត្រូវបានកម្លាំងជលផលបំផ្លាញចោលនៅនឹងកន្លែង ដោយមានការឯកភាពពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម៕