(ភ្នំពេញ)៖ សហរដ្ឋអាមេរិក គឺជាប្រទេសដំបូងបង្អស់រួមជាមួយនិងរាជរដ្ឋាភិបាលកម្ពុជា ផ្តួចផ្តើមនិងគាំទ្រសាកលវិទ្យាល័យយ៉េល (Yale University) ឲ្យមានការបង្កើតមជ្ឈមណ្ឌលឯកសារកម្ពុជាតាំងពីខែមករា ឆ្នាំ១៩៩៥មកម្ល៉េះ ដើម្បីស្រាវជ្រាវនិងចងក្រងឯកសារពីសម័យខ្មែរក្រហម (១៩៧៥-១៩៧៩) ក្នុងបុព្វហេតុយុត្តិធម៌ និងការចងចាំដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ការផ្សះផ្សារនិងថែរក្សាសន្តិភាពនៅកម្ពុជា។

ចាប់តាំងពីដំបូងមកទល់សព្វថ្ងៃនេះ សហរដ្ឋអាមេរិកនិងបណ្តាប្រទេសដទៃទៀតនៅទ្វីបអឺរ៉ុប រួមទាំងអង្គការសហប្រជាជាតិបានផ្តល់ថវិកាជាបន្តបន្ទាប់ គាំទ្រការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។ លោក ឆាំង យុ ដែលជាស្ថាបនិកមជ្ឈមណ្ឌលឯកសារកម្ពុជាបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាគឺជាអ្នកគាំទ្រយ៉ាងសំខាន់បំផុតនៅក្នុងដំណើរការស្រាវជ្រាវដ៏ស្មុគស្មាញមួយនេះ ជាពិសេសក្រសួងមហាផ្ទៃ និងលោកស្រី និន សាផុន ដែលចាត់តាំងសហការដោយសម្តេចតេជោ និងបច្ចុប្បន្នគឺជាសមាជិកសភាជាតិ តែងតែផ្តល់ការគាំទ្រដល់មជ្ឈមណ្ឌលឯកសារកម្ពុជាគ្រប់រូបភាពដោយវិជ្ជមាន និងឥតស្រាកស្រាន្តសោះឡើយ។

មជ្ឈមណ្ឌលឯកសារកម្ពុជាបានបង្កើតឲ្យមាន «បណ្ណាល័យសម្តេចម៉ែ» ស្ថិតនៅក្នុងទីក្រុងភ្នំពេញ ដើម្បីថ្វាយព្រះរាជកិត្តិយសជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ដែលបានខិតខំប្រឹងប្រែងដើម្បីសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ អតីតព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ប្រទេសជាតិកម្ពុជា និងប្រជាជនកម្ពុជា។

ថ្ងៃនេះលោកឯកអគ្គរដ្ឋទូត ផាទ្រីក មូហ្វី និងភរិយា បានអញ្ជើញធ្វើទស្សនកិច្ចមកកាន់ «បណ្ណាល័យសម្តេចម៉ែ»។ លោកបានស្នើសុំឲ្យមានទស្សនកិច្ចជាលើកទី២ សម្រាប់បុគ្គលិកស្ថានទូតទាំងអស់នៅពេលក្រោយទៀត។

ដំណើរទស្សនកិច្ច ចាប់ផ្តើមដោយការរៀបរាប់យ៉ាងពិស្តារ អំពីពិព័រណ៍នៃព្រះឆាយាល័ក្ខណ៍របស់សម្តេចព្រះបរមរតនកោដ្ឋ ព្រះវររាជ បិតាជាតិខ្មែរ, សម្តេចព្រះវររាជមាតាជាតិខ្មែរ និង រាជវង្សានុវង្ស ផ្តល់ដោយ បណ្ឌិត ហូលីយ៉ូ អេ. ជែល ដ្រេស អតីតអ្នកសរសេរព្រះរាជជីវប្រវត្តិ របស់សម្តេចព្រះបរមរតនកោដ្ឋ អមជាមួយនឹងភ្លេងដែលជាព្រះរាជនិពន្ធ របស់សម្តេចព្រះបរមរតនកោដ្ឋ។

លោក ឆាំង យុ បាន បង្ហាញដល់លោកឯកអគ្គរដ្ឋទូត និងភរិយានូវបណ្ណាល័យ ជាពិសេសគឺបណ្ណសារសោតទស្សន៍។ ឯកសារជាសំឡេងតម្កល់ នៅបណ្ណាល័យសម្តេចម៉ែ រួមមានបទសម្ភាសជាមួយអ្នករស់រានមានជីវិត ដែលក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា និងអ្នកសិក្សាស្រាវជ្រាវដទៃទៀតនៅជុំវិញពិភពលោក បានទៅជួបសម្ភាសក្នុងរយៈកាល៤០ឆ្នាំកន្លងមកនេះ។ យ៉ាងណាមិញនៅមានអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមយ៉ាងហោចណាស់ បួនលាននាក់ទៀតមិនទាន់ត្រូវបានជួបសម្ភាស និងចងក្រងប្រវត្តិសាច់រឿងជីវិតពីសម័យខ្មែរក្រហមនៅឡើយទេ។

លោក ឆាំង យុ បាន រៀបរាប់យ៉ាងលម្អិតអំពីសាវតា និងអត្ថន័យនៃប្លង់រចនារបស់អគារវិទ្យាស្ថាន ស្លឹករឹតរបស់លោកស្រី ហ្សាហា ហាឌីដ ដែលជាស្ថាបត្យករស្រ្តីដ៏ល្បីល្បាញ និងកម្រមួយរូប។ លោកស្រី សូ ហ្វារីណា បានបង្ហាញអំពីទីតាំងស្រាវជ្រាវ, មជ្ឈមណ្ឌលស្រាវជ្រាវនិងបណ្ណាល័យខ្មែរក្រហម នៅតាមបណ្តាខេត្តទាំង១០ ដែលគឺជា ផ្នែកមួយនៃគម្រោងអប់រំអំពីរបបកម្ពុជាប្រជាធិបតេយ្យ នៃគម្រោងសំណងតាមផ្លូវតុលាការ នៅក្នុងក្របខណ្ឌនៃសំណុំរឿង០០២ របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា កាលពីឆ្នាំ២០១៣។

លោក ឯកអគ្គរដ្ឋទូត ផាទ្រីក មូហ្វី តំណាងឲ្យស្ថានទូតសហរដ្ឋ អាមេរិកប្រចាំនៅកម្ពុជាបានចារ ចំណារអនុស្សារីយ៍លើសៀវភៅក្រាំងមាសរបស់ «បណ្ណាល័យសម្តេចម៉ែ» ដែលមានខ្លឹមសារ ដូចតទៅ៖

«នេះគឺជាកិត្តិយសដ៏អស្ចារ្យក្នុងដំណើរទស្សនកិច្ចមកកាន់ “អ្នកជិតខាង” របស់ខ្ញុំគឺមជ្ឈមណ្ឌលឯកសារកម្ពុជា និងទស្សនាបណ្ណាល័យ សម្តេចម៉ែថ្មីមួយប្រកបដោយ សោភ័ណភាព ព្រមទាំងបានមើលឃើញបរិក្ខារ តម្កល់ទុក និងវិភាគឯកសារសំខាន់ៗដែលរក្សាការចងចាំអំពីប្រវត្តិសាស្ត្រដ៏ស្មុគស្មាញរបស់ប្រទេសកម្ពុជា។ បណ្ណសារដែល តម្កល់ទុកនេះបានរៀបចំយ៉ាងល្អប្រសើរ ដែលនឹងដើរតួនាទីជាធនធានស្រាវជ្រាវយ៉ាងសំខាន់សម្រាប់មនុស្សជំនាន់ក្រោយ។ សហរដ្ឋអាមេរិកមានសេចក្តីរីករាយក្នុងការគាំទ្រកិច្ច ខិតខំប្រឹងប្រែងនេះ។ សូមអបអរសាទរដល់អ្នក និងថ្វាយអំណរសាទរទូលដល់សម្តេចម៉ែ។ - ផាទ្រីក មូហ្វី ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំ នៅព្រះរាជាណាចក្រកម្ពុជា»៕