(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ក្នុងឱកាសខួបលើកទី១៦ឆ្នាំ នៃការឡើងគ្រងរាជសម្បត្ដិរបស់ព្រះអង្គ។

ក្នុងសារលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន បានថ្វាយព្រះពរថា៖ ក្នុងឱកាសដ៏មហានក្ខត្តប្ញក្សដ៏ឧត្តុងឧត្តមនៃព្រះរាជពិធីខួប១៦ឆ្នាំ ការឡើងគ្រងព្រះបរមសេរីរាជសម្បត្តិរបស់ ព្រះករុណាថ្លៃវិសេស ខណៈនេះទូលព្រះបង្គំខ្ញុំ និងភរិយា សូមព្រះរាជានុញ្ញាតចូលរួមអបអរសាទរ ដោយមនោសញ្ចេតនាសោមនស្សរីករាយជាអនេកប្បការ និងលំឱនកាយថ្វាយព្រះសព្វសាធុកាពរ បវរសួស្ដីជ័យមង្គល វិបុលសុខមហាប្រសើរ សូមព្រះករុណាជាអម្ចាស់ ទ្រង់ស្ដេចមានព្រះរាជសុខភាពល្អបរិបូណ៍ ព្រះពលានុភាពមាំមួនខ្លាំងក្លា ព្រះបញ្ញាភ្លឺថ្លាវាងវៃ ព្រះជន្មាទីឃាយឺនយូរជាងរយព្រះវស្សា ដើម្បីព្រះអង្គគង់ប្រថាប់គ្រោងព្រះបរមសិរីសម្បត្តិជាម្លប់ដល់ប្រជាពលរដ្ឋ ជាមីងមា បងប្អូនកូនចៅ របស់ព្រះអង្គជ្រកកោនត្រជាក់ត្រជុំសុខសាន្តមនោរម្យជានិច្ចនិរន្តរ៍អស់កាលដ៏យូរអង្វែងតរៀងទៅ។

ក្នុងអភិសមយប្រពៃថ្លៃថ្លាខ្ពង់ខ្ពស់ឧត្តុង្គឧត្តមនេះ ទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមថ្លែងនូវព្រះសម្ភារវកថា ស្ងប់ស្ងែងជ្រាលជ្រៅជាអតិបរមា ថ្វាយព្រះករុណាជាអម្ចាស់ជីវិត ដែលជានិច្ចកាលទ្រង់ស្ដេចបំពេញព្រះរាជបូជនីយកិច្ចបម្រើឧត្តមប្រយោជន៍ជាតិ សាសនា មហាប្រជានុរាស្រ្តប្រកបដោយព្រះព្រហ្មវិហារធម៌ ព្រះទសពិធរាជធម៌ ដ៏ក្សេមក្សាន្តបំផុត ពិសេសស្ដេចយាងចុះសួរសុខទុក្ខ ប្រទានព្រះរាជអំណោយដល់ ជនរួមជាតិទីទ័លក្ររបស់ព្រះអង្គ គ្រប់ច្រកល្ហក់ដោយពុំមាននឿយណាយព្រះកាយពលឡើយ៕

ខាងក្រោមនេះជាសារលិខិត សម្ដេចតេជោ ហ៊ុន សែនថ្វាយព្រះពរព្រះមហាក្សត្រ៖