(ភ្នំពេញ)៖ ក្រុមជជែកពិភាក្សាតស៊ូមតិ នៃសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ដែលមាន កញ្ញា សាងុំាសុភ័ក្រ រតនៈ, កញ្ញា ហង្ស ណារី និងលោក ហាហ្សាន់ នូរ៉នីអាកាស៊ី ទទួលបានជ័យលាភីជើងឯក ផ្នែកប្រកួតប្រជែងពិភាក្សាតស៊ូមតិក្នុងកម្មវិធី SpringBoard Debate Championship ប្រចាំឆ្នាំ២០១៦ នៅវគ្គផ្តាច់ព្រ័ត្រ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦ ហើយពួកគេនឹងតំណាង ឱ្យព្រះរាជាណាចក្រកម្ពុជា ដើម្បីទៅចូលរួមប្រកួតប្រជែង ដណ្តើមយកពានរង្វាន់ក្នុងការប្រកួតជជែកពិភាក្សា ថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក នៅប្រទេសថៃ ក្នុងខែឧសភា ឆ្នាំ២០១៦ខាងមុខនេះ ។

ការប្រកួតប្រជែងនេះត្រូវបានរៀបចំដោយ SpringBoard4Cambodia និងស្ថានទូតអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ ( CKCC ) ដែលមានទីតាំងស្ថិតនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមអធិបតីភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត, លោក Bill Longhurst ឯកអគ្គរាជទូតអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកស្រី Katie Longhurst ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ លោកគ្រូអ្នកគ្រូ សិស្សនិស្សិត និងអាណាព្យាបាល ដែលមានចំនួនសរុបជាង ៧០០នាក់ បានចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ។

ការប្រកួតប្រជែងនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងអភិវឌ្ឍជំនាញនិយាយភាសាអង់គ្លេស របស់សិស្ស-និស្សិតកម្ពុជា ក្រោមប្រធានបទទាក់ទងនឹងការអប់រំ ដូចជាវិទ្យាសាស្រ្តបច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា ព្រមទាំងជួយអភិវឌ្ឍនូវភាព ជាអ្នកដឹកនាំហើយនឹងធ្វើឲ្យសិស្ស-និស្សិត មានទំនុកចិត្តលើខ្លួនឯង។ មិនតែប៉ុណ្ណោះបេក្ខជន និងបេក្ខនារី មានឱកាសឡើងលើឆាក ដើម្បីបញ្ចេញមតិជាសាធារណៈដល់សាធារណជន ទៅលើប្រធានបទផ្សេងៗ ដើម្បីទទួលបាននូវបទពិសោធន៍ពីគ្នាទៅវិញទៅមក។

ចុងបញ្ចប់នៃកម្មវិធី លោកស្រី Katie Longhurst និងលោក Colin Glass ដែលជាប្រធាននៃ SpringBoard4Cambodia បានថ្លែងកោតសរសើរដល់បេក្ខជន និងផ្តល់កិត្តិយសប្រគល់រង្វាន់មេដាយមាស ជូនទៅដល់បេក្ខជនជ័យលាភីក្នុងកម្មវិធី SpringBoard Debate Championship ប្រចាំឆ្នាំ២០១៦ ប្រកបដោយមោទនភាព និងសោមនស្សរីករាយក្រៃលែង ៕