(ភ្នំពេញ)៖ ទិន្នន័យដែលកត់ត្រាដោយសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ចាប់តាំងពីកម្ពុជាចុះអនុស្សរណៈយោគយល់គ្នាជាមួយចិន ក្នុងការនាំចេញអង្ករ កាលពីឆ្នាំ២០១៤ រហូតមកដល់ត្រឹម៩ខែឆ្នាំ២០២០នេះ ការនាំចេញអង្កររបស់កម្ពុជាទៅប្រទេសចិន មានចំនួនជិត១លានតោន និងអាចឈានដល់១.២លានតោនក្នុងពេលឆាប់ៗខាងមុខនេះ។ 

នេះការលើកឡើងរបស់លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងជំនួបជាមួយលោក Wu Guoquan អគ្គកុងស៊ុលសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតចិន ប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នាស្ថានទូតចិតន ដែលផ្តោតសំខាន់លើ ការជំរុញការនាំចេញអង្ករកម្ពុជាបន្ថែមទៀតទៅកាន់ប្រទេសចិន។

កឧកញ៉ា សុង សារ៉ន បានគូសបញ្ជាក់ជំរាបជូន លោកអគ្គកុងស៊ុល និងអង្គប្រជុំអំពីភាពរីករាយ និងសាទររបស់កម្ពុជា ចំពោះកិច្ចសហការលើការនាំចេញអង្ករកម្ពុជា ទៅកាន់ប្រទេសចិន។ លោកបានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០១៤ មានការចុះអនុស្សរណៈយោគយល់គ្នា រវាងកម្ពុជា-ចិន បានចំនួន៥អនុស្សរណៈ ហើយបាន និងកំពុងបន្តការនាំចេញ មកដល់ត្រឹមខែ៩ឆ្នាំ២០២០ ទំហំនៃការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន មានការកើនឡើងចំនួនជិត១លានតោន ហើយនឹងឈាន ដល់១.២លានតោនក្នុងពេលឆាប់ៗខាងមុខនេះ ។

លោកឧកញ៉ាបានបន្តថា ការកើនឡើងនេះ គឺកើតចេញពីខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ប្រកបដោយឆន្ទៈ និងមានគោលបំណងច្បាស់លាស់ក្នុងការបង្កើនចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ លើសេដ្ឋកិច្ច និងនយោបាយ។ បន្ថែមលើសពីនេះទៀត វិស័យឯកជន ជាពិសេស សហព័ន្ធស្រូវអង្ករកម្ពុជា ដែលជាស្ថាប័នតំណាងអោយវិស័យស្រូវអង្ករនៅកម្ពុជា បានខិតខំសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយ ក្រុមហ៊ុនរដ្ឋ និងក្រុមហ៊ុនឯកជន របស់ប្រទេសចិន ជាពិសេសក្រុមហ៊ុន COFCO Corporation ក្នុងការជំរុញការនាំចេញ និងពង្រីកទីផ្សារអង្ករកម្ពុជា នៅក្នុងប្រទេសចិន។

ឧកញ៉ាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានលើកឡើងអំពីការងារ និងមហិច្ឆតា នៃការនាំចេញរបស់កម្ពុជា ដែលមានបំណងជំរុញអោយបានការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ អោយបានចំនួន១លានតោន ចាប់ពីឆ្នាំ ឆ្នាំ២០២១ ដែលជាកំណើនប្រកបដោយប្រាក់ចំណេញ និងមាននិរន្តរភាពទីផ្សារ។

ការសំរេចបាននូវគោលដៅនាំចេញនេះ គឺមិនអាចខ្វះបាននៃចំណែកទីផ្សាររបស់ប្រទេសចិន។ សម្រាប់ឆ្នាំ២០២០ តាមការរំពឹងទុក និងការវាយតំលៃរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា ការនាំចេញអង្ករកម្ពុជានឹងឈានទៅដល់៨០ម៉ឺនតោន ការណ៍នេះ កម្ពុជាត្រូវការសហការយ៉ាងស្អិតរមួត ជាមួយនឹងប្រទេសចិន ជាក់ស្តែងក្នុងរយៈពេល ៩ខែឆ្នាំ២០២០ ទីផ្សាររបស់ប្រទេសចិនមានចំណែក ៣៥% នៃបរិមាណអង្ករនាំចេញអង្ករកម្ពុជាទាំងមូល។

ក្រៅពីការលើកឡើងអំពីសក្តានុពលនៃទីផ្សារចិន និងឱកាសក្នុងការពង្រីកការនាំចេញរបស់កម្ពុជាទៅចិន លោកស្រី គឹម ស្រីរ័ត្ន អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាប្រធានគណៈកម្មាធិការប្រតិបត្តិទទួលបន្ទុកផ្នែកទីផ្សារ និងជំរុញការនាំចេញរបស់ស.អ.ក បានលើកជាសំណូមពរ និងធ្វើការពិភាក្សាជាមួយសមភាគីកិច្ចប្រជុំលើការងារដូចតទៅ៖

១៖ ពិនិត្យមើលលទ្ធភាព ក្នុងការកំណត់កាលបរិច្ឆេទប្រចាំឆ្នាំ នៃការអនុវត្តអនុស្សរណៈយោគយល់ ដែលគួរតែចាប់ផ្តើម ពីដើមខែឧសភា ហើយចប់នៅចុងខែមេសា វិញដោយសារ ជាទូទៅការប្រមូលផលស្រូវចម្បងរបស់កម្ពុជាគឺនៅខែ វិច្ឆិកា និងធ្នូ ដែលក្នុងកំឡុងពេលនេះ គឺជាពេលមមាញឹកខ្លាំងសម្រាប់ការសម្ងួតនិងរក្សាទុក និងមួយវិញទៀតនៅចុងឆ្នាំជារដូវឈប់សម្រាកច្រើន ដែលធ្វើឱ្យពិបាកក្នុងការផ្គត់ផ្គង់ឱ្យទាន់ពេលវេលា លើបរិមាណអង្ករដែលត្រូវនាំចេញទៅតាមកាលកំណត់ចុងរដូវ។

២៖ ពិនិត្យលទ្ធភាពបង្កើត ក្រុមមជ្ឈឹតកររួមគ្នា កម្ពុជា-ចិន សម្រាប់ដោះស្រាយវិវាទនៅក្នុងពាណិជ្ជកម្មអង្ករ ដែលអាចមានសមាសភាពរួម កម្ពុជា-ចិន ឬតំណាងកុងស៊ុលរបស់ស្ថានទូតចិនផងដែរ។

៣៖ ស្នើសុំឱ្យភាគីប្រទេសចិន ពិនិត្យលទ្ធភាពជួយជំរុញការផ្សព្វផ្សាយ អង្ករកម្ពុជានៅក្នុងប្រទេសចិន ជាពិសេស «ម៉ាក ម្លិះ អង្គរ»តាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិនអោយបានច្រើនថែមទៀត។

៤៖ ពិនិត្យលទ្ធភាព ជួយដល់មន្ទីរពិសោធន៍ផ្នែកកសិកម្ម អោយមានវិសាលភាពគ្រប់ដណ្តប់ លើលក្ខណៈវិនិច្ឆ័យកាន់តែច្រើនជាងមុន ដោយសារបច្ចុប្បន្ននេះ ការពិនិត្យ នៅមានកំរិត ជាពិសេសរសជាតិ និងក្លិន ដែលជាមូលហេតុនាំឱ្យមានបញ្ហាលើកិច្ចសន្យាខ្លះកន្លងមក ក្នុងការផ្គត់ផ្គង់អង្ករមួយចំនួន។

៥៖ សំណូមពរ ជួយជុំរុញឱ្យការមានការបង្កើនការបញ្ជាទិញ អោយបានច្រើនថែមទៀត ក្នុងត្រីមាសទី៤នៃឆ្នាំ២០២០ អោយឆាប់បញ្ចប់អនុស្សរណៈយោគយល់ បានចុះហត្ថលេខាហើយ និងឈានដល់ការរៀបចំអនុស្សារណយោគយល់ថ្មី។

លោក Wu Guoquan មានសេចក្តីសាទរនូវការសំរេចបានកន្លងមក និងទទួលយកដើម្បីពិនិត្យ រកលទ្ធភាពដោះស្រាយ និងធ្វើការរួមគ្នា ដើម្បីពង្រីកពាណិជ្ជកម្មប្រទេសទាំងពីរ ជាពិសេសពាណិជ្ជកម្មអង្ករ ឱ្យកាន់តែរីកចំរើនឡើងថែមទៀត៕