(ភ្នំពេញ)៖ រឿង «សិស្សប្អូនសំណព្វចិត្ត.!» បានរៀបចំពិធីបើកសម្ពោធ យ៉ាងគគ្រឹកគគ្រេង បញ្ចាំងជាផ្លូវការ កាលពីល្ងាចថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ដែលជាវណ្ណកម្មវីមួយទៀតរបស់ផលិតកម្ម រ៉ក់ ខណៈក្នុងផ្ទៃរឿងទាំងមូលបង្ហាញពីភាពកំប្លុកកំប្លែកប្លែកៗ ជាពិសេសចរឹតក្រម៉ិចក្រម៉ើម របស់អ្នកនាង សុខ សោម៉ាវត្តី ជាតួឯកស្រី និងលោក យឹម ណារ៉ា ជាតួឯកប្រុស នឹងធ្វើឲ្យអ្នកទស្សនាជក់ចិត្តមិនខាន។

ពិធីបើកសម្ពោធជាផ្លូវការនេះ ត្រូវបានធ្វើឡើង ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោក យឹម សុសត្យា ប្រធានគ្រប់គ្រង​ក្នុងផលិតកម្ម រ៉ក់ ,លោក សៅ សុខនី ប្រធានចាត់ការទូទៅ រោងភាពយន្ត ផ្លាទីនៀម ,ផលិតករ និងតារាសម្ដែងជាច្រើននាក់។

លោក យឹម សុសត្យា ប្រធានគ្រប់គ្រង​ក្នុងផលិតកម្ម រ៉ក់ បានថ្លែងថា «រឿងស្នេហាបែបមនោសញ្ចេតនា ចាប់ផ្តើមលេចឡើងក្នុងទីផ្សារខ្មែរ សន្ទុះរឿងខ្មែរចាប់ផ្តើម រីកចម្រើនឡើងគួរឲ្យកត់សំគាល់ ក្នុងពេលបច្ចុប្បន្នយើងសង្កេតឃើញ មានរឿងខ្មែរចាក់នៅតាមរោងកុន មិនដាច់ពី១ខែទៅ​១ខែ ហើយសន្ទុះនៃការគាំទ្រ របស់ទស្សនិកជន ក៏កាន់​តែច្រើនឡើងៗ បើប្រៀបទៅនឹងប៉ុន្មានឆ្នាំមុន»

លោក យឹម សុសត្យា បន្ថែមទៀតថា «បន្ទាប់ពីបានផ្តល់ជូន នូវចំណងដៃថ្មីរួចមក គឺ រឿង «មុនពេលដួលរលំ ឬ Before the Fall» ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ទាំងទីផ្សារក្នុងស្រុក និងក្រៅស្រុក នៅក្នុងដើមឆ្នាំ ២០១៦ ផលិតកម្មរ៉ក់ បានបញ្ចេញនូវវណ្ណកម្មថ្មីមួយទៀតហើយ គឺរឿង "សិស្សប្អូនសំណព្វចិត្ត" យើងព្យាយាមផលិត នូវភាពយន្តដែលមានរសជាតិប្លែកៗ និងថ្មីស្រឡាង ដើម្បី​បំពេញទៅតាមតំរូវការ ​ទស្សនារបស់​ទស្សនិកជន។ ក្រឡេកមកមើលផលិតកម្ម រ៉ក់​ ដែលជាផលិតកម្ម ជើងចាស់មួយ ឈរនៅក្នុងស្រុកអស់រយៈ ពេល​ជិត ១០ឆ្នាំ ហើយលើវិស័យភាពយន្តខ្មែរ ដោយផលិតកម្ម នឹងខិតខំស្វែងរកនូវអ្វីដែលថ្មីនិងប្លែក ទោះបីមានការលំបាកខ្លះក៏ដោយ..»។ ​

កញ្ញា ស៊ា រស្មី ជាអ្នកនិពន្ធរឿង សិស្សប្អូនសំណព្វចិត្ត បានបកស្រាយថា «​សិស្សប្អូនសំណព្វចិត្ត.!មាន សាច់រឿង បែបលក្ខណៈរ៉ូមែនទិច មនោសញ្ចេនា គួរឲ្យ​ស្រឡាញ់ កំប្លុកកំប្លែង និងស៊ីអារម្មណ៍ បែបយុវវ័យរួមផ្សំ ជាមួយនឹងការសម្តែងបែបរឡិករឡក់ ពីតារាស្រីដ៏ស្រស់ស្អាត គឺអ្នកនាង សុខ សុម៉ាវត្តី និងកំលោះ សង្ហា លោក យឹមណារ៉ា ពិតជាធ្វើឲ្យអ្នកទស្សនា ទប់សំណើចមិនបាន។ ប្រសិនបើបានទស្សនាហើយ ប្រាកដជាមានអារម្មណ៏ក្តុកក្តួល ជាមួយ​នឹងឈុត Cute Cute ស៊ីអារម្មណ៍ជាក់ជាពុំខាន។ លើសពីនេះទៀត ទស្សនិកជន នឹង បានសើចសប្បាយហ៊ាទឹកមាត់ពី​ការសម្តែង ប្លែកៗរបស់តារាសម្តែងកំប្លុកកំប្លែង ជាច្រើនដួងដូចជា នាយតេឡេ នាយគ្រឿន នាយចឹម DJ ពាង DJ BIG នាយត្បាល់ និងបងតុ»

កញ្ញាបន្តថា «ខ្សែភាពយន្តរឿង សិស្សប្អូនសំណព្វចិត្ត នេះបានបញ្ចូលនូវអត្តន័យ ដែលជួយលើកកម្ពស់ដល់នារីខ្មែរថែមទៀតផង។ ចង់ដឹងកាន់តែច្បាស់ ជាមួយនឹងអត្ថន័យសាច់រឿងយ៉ាងណា ក៏ដូចជាចង់ដឹងថាអារម្មណ៍មាន Crush ជាអារម្មណ៍បែបណា? និងបើចង់ដឹងថា ធ្វើយ៉ាងម៉េចទើបញ៉ែ Crush បានសម្រេច? សូមចូលរួមទស្សនា រឿង សិស្សប្អូនសំណព្វចិត្ត នេះទាំងអស់គ្នា..!»

​សូមបញ្ជាក់ថា ពិធីសម្ពោធរឿង «សិស្សប្អូនសំណព្វចិត្ត.!» មានការសហការពីសំណាក់ក្រុមហ៊ុន ជាច្រើនដូចជា ទឹកផ្លែឈើ Freeze ផ្សារទំនើបសូរិយា ក្រុមហ៊ុនគ្រឿងសំអាង Nature Republic ក្រុមហ៊ុន Hot and Cold ក្រុមហ៊ុន BMW និងក្រុមហ៊ុន Akasa ​ក្នុងនោះកម្មវិធីមានការកម្សាន្តសប្បាយៗដូចជា ការដើរម៉ូត ការរាំចង្វាក់ថ្មីៗ ការច្រៀង ការលេងហ្គេម ហើយអ្វីដែលកាន់តែពិសេសនោះ គឺភ្ញៀវ​ទាំងអស់ មានឱកាសឈ្នះរង្វាន់ ព្រមទាំង បានថតរូបអនុស្សារីយ៍ និងពិសារ​ភោជនីអាហារទៀតផង៕