(ភ្នំពេញ)៖ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ​២០១៦ម្សិលមិញនេះ មាន​ករណីគ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើងចំនួន២០លើក ក្នុងនោះយប់៨លើក បណ្តាលឲ្យ​មនុស្ស​ស្លាប់៩នាក់ រងរបួសធ្ងន់ ១៦នាក់ និងរបួសស្រាល៩នាក់ នេះបើតាមរបាយការណ៍ គ្រោះថ្នាក់ចរាចរណ៍របស់ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ។

ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា នៅក្នុង​ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍ទាំង២០លើក​នេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន២៦គ្រឿង រួមមានម៉ូតូ​ចំនួន១៦គ្រឿង រថយន្តធុនតូចចំនួន៤គ្រឿង រថយន្តធុនធំចំនួន ៤គ្រឿង យានផ្សេងៗ២គ្រឿង និងអ្នកថ្មើរជើង ២នាក់ ហើយ​មូល​ហេតុដែល​បណ្តាល ឲ្យ​កើតមាន​ករណីគ្រោះថ្នាក់ចរាចរណ៍ ​រួមមានល្មើសល្បឿន៧លើក ស្រវឹង៣លើក មិនគោរពសិទ្ធិ៤លើក មិនប្រកាន់ស្តាំ៣លើក បត់គ្រោះថ្នាក់១លើក កត្តាយានយន្ត១លើក និងមនុស្សរត់ឆ្លងផ្លូវ១លើក។

ដោយឡែក​​លទ្ធិផលត្រួតពិនិត្យ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ​២០១៦ម្សិលមិញនេះ​ យាន​យន្តដែលល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន ៧៧៩៦គ្រឿង ក្នុងនោះបានធ្វើ​ការអប់រំ​ចំនួន ៣២៥៦គ្រឿង ​និងពិន័យ​សរុប ៤៥៤០គ្រឿង ៕