(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ បានថ្លែងថា ស្ពានតភ្ជាប់ពីកោះពេជ្រ មកកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១ ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃនេះ គឺជាសមិទ្ធផលរបស់ជាតិ។

សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាថ្លែងថា ការសាងសង់ស្ពានតភ្ជាប់ថ្មី ដែលជាសមិទ្ធផលរបស់ជាតិនេះ កើតចេញការអភិវឌ្ឍន៍ ដោយប្រើប្រាស់រូបមន្តយកស្លឹកត្នោត ខ្ចប់ស្កត្នោត។ បានសេចក្តីថា គឺជាការយកថវិកា ពីអភិវឌ្ឍន៍ទីក្រុងកោះនរា របស់ក្រុមហ៊ុន OCIC ដើម្បីសាងសង់ស្ពានតភ្ជាប់ពីកោះពេជ្រ មកកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១នេះ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ និងជំរុញរដ្ឋបាលរាជធានីភ្នំពេញ ត្រូវតែបន្តអភិវឌ្ឍន៍តាមរូបមន្តយកស្លឹកត្នោត ខ្ចប់ស្កត្នោតនេះ។
សម្តេចតេនាយករដ្ឋមន្ត្រី បានលើកឡើងថា ការអភិវឌ្ឍន៍ទីក្រុងកោះពេជ្រ ទីក្រុងរណបជ្រោយចង្វារ និងទីក្រុងកោះនរានេះ បានយកផលចំណេញ ទៅកសាងសំណង់ផ្លូវស្ពាន និងសំណង់ផ្សេងៗ នៅរាជធានីភ្នំពេញបានជាច្រើន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំថ្លែងនូវអរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធររាជធានីភ្នំពេញ ដែលបានធ្វើការសម្របសម្រួល ដើម្បីឲ្យការដ្ឋានសាងសង់ស្ពាននេះបានបើកដំណើរការ ហើយនេះវាជាសមិទ្ធផលរបស់ជាតិ [...] រាជធានីភ្នំពេញ ក៏បានធ្វើការងារយ៉ាងល្អដែលបង្កើតឡើងនូវសមិទ្ធផលនានា តាមរបៀបយកស្លឹកត្នោតខ្ចប់ស្ករត្នោត។ អភិវឌ្ឍន៍កោះពេជ្រ យកលុយពីកោះពេជ្រធ្វើស្ពានជាច្រើនកន្លែង អភិវឌ្ឍន៍នៅខាងជ្រោយចង្វារ រកថវិកានេះទៅធ្វើសំណង់ជាច្រើនកន្លែង អភិវឌ្ឍន៍កោះនរា យើងធ្វើស្ពានកោះនរានេះ ដែលជាសម្បត្តិសាធារណៈ អីចឹងទេយើងត្រូវបន្តដំណើរនេះតទៅទៀត ប៉ុន្តែដំណើរនេះវាទាមទារឲ្យមានសន្តិភាព»

សម្តេចតេជោនាយកដ្ឋមន្ត្រីបានថ្លែងថា នៅពេលដែលស្ពានតភ្ជាប់ថ្មីទាំង២នេះ សាងសង់រួចនោះស្ថានភាពចរាចរណ៍ នៅតាមមហាវិថីនៅជិតវិមានឯករាជ្យ ពិសេសមុខផ្ទះសម្តេច រួមទាំងចរាចរណ៍នៅទីក្រុងកោះពេជ្រជាដើម នឹងមានការមមាញឹកខ្លាំងជាងមុខ ដោយសារបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ទៅមក រួមទាំងបងប្អូនធ្វើដំណើរ ទៅខេត្តកណ្តាល ព្រៃវែង និងស្វាយរៀងផងដែរ។ ជាមួយគ្នានេះស្ពានទាំងពីរនេះ ក៏នឹងជួយកាត់បន្ថយការកកស្ទះ នៅស្ពានព្រះមុនីវង្សផងដែរ។

អ្នកឧកញ៉ា ពង់ ឃាវសែ ប្រធានក្រុមហ៊ុន OCIC បានថ្លែងឲ្យដឹងថា ស្ពានចំនួនពីរ ដែលត្រូវសាងសង់ភ្ជាប់ពីកោះពេជ្រ មកកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១ រួមមាន៖

ស្ពានទី១៖ ជាប្រភេទស្ពានបេតុងយោងខ្សែកាប តភ្ជាប់ពីផ្លូវជាតិលេខ១ មកគម្រោងអភិវឌ្ឍន៍កោះនរា មានបណ្តោយ៦០ម៉ែត្រ ទទឹង២១ម៉ែត្រ មាន៣គន្លងសងខាងសម្រាប់យានយន្ត និង១គន្លងសងខាងសម្រាប់ថ្មើរជើង ដែលគ្រោងចំណាយថវិកាចំនួន១.៦លានដុល្លារអាមេរិក សាងសង់រយៈពេល១២ខែ ដោយស្ពាននេះសាងសង់ដោយវិស្វករខ្មែរ និងសាងសង់ដោយក្រុមហ៊ុនខ្មែរ១០០%។

ស្ពានទី២៖ ជាស្ពានបេតុងខ្សែកាប តភ្ជាប់ពីតំបន់អភិវឌ្ឍន៍កោះនរា ទៅកាន់ទីក្រុងរណបកោះពេជ្រ មានបណ្តាយប្រវែង ៨២៤ម៉ែត្រ មានទទឹង ២៤.៥០ម៉ែត្រ ដែលមាន៣គន្លងសងខាងសម្រាប់យានយន្ត និង១គន្លងសងខាងសម្រាប់ថ្មើរជើង។ ស្ពាននេះកម្ពស់ពីផ្ទៃទឹករហូតដល់៨ម៉ែត្រ នៅរដូវវស្សាអាចននាវាចរ បើកកាត់បាន ដោយគ្រោងចំណាយពេលសាងសង់៣៥ខែ ដោយចំណាយថវិកា ៣៨លានដុល្លារ។ ស្ពាននេះគូរប្លង់ដោយក្រុមហ៊ុនចិន និងសាងសង់ដោយក្រុមហ៊ុនចម្រុះ ខ្មែរ-ចិន។

អ្នកឧកញ៉ា ពង់ ឃាវសែ បានថ្លែងថា «គម្រោងអភិវឌ្ឍន៍កោះនរានេះ នឹងផ្តល់អត្ថប្រយោជន៍ដល់សង្គមសេដ្ឋកិច្ចយើង ពិសេសក្នុងកាលៈទេសៈនាពេលបច្ចុប្បន្នដែលកម្ពុជា កំពុងត្រូវការវិនិយោគបន្ថែមជាច្រើន ដើម្បីទ្រទ្រង់សកម្មភាពសេដ្ឋកិច្ច ឲ្យបានរឹងមា។ គម្រោងអភិវឌ្ឍន៍កោះនរា អាចអនុញ្ញាតឲ្យប្រជាពលរដ្ឋរស់នៅបានចំនួន៥ម៉ឺននាក់ ដោយគ្រោងចំណាយថវិកាសរុប២៥០០លានដុល្លារ»

អ្នកឧកញ៉ាបានលើកឡើងថា សម្រាប់ថវិកាជិត៥៥០លានដុល្លារ នៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ រយៈពេល៣ឆ្នាំដំបូង ត្រូវបានប៉ាន់ប្រមាណថា អាចរួមចំណែកដល់ផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ២២៥លានដុល្លារក្នុង១ឆ្នាំៗ ដែលស្មើនឹង០.៩ភាគរយនៃ GDP នាពេលបច្ចុប្បន្ននេះ។ គម្រោងអភិវឌ្ឍន៍កោះនរា កំពុងប្រើប្រាស់កម្លាំងពលកម្មចំនួន៧០០នាក់ និងកើនឡើងដល់៧០០០នាក់ នៅពេលគម្រោងមានសកម្មភាព សាងសង់ពេញទំហឹង ហើយបន្ទាប់ពីបញ្ចប់ការដ្ឋានសាងសង់ គម្រោងអភិវឌ្ឍន៍នេះ នឹងបង្កើតការងារ១ម៉ឺនកន្លែង៕