(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ និងក្រុមគ្រួសារព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន និងគ្រួសារកងទ័ព ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ បានផ្តួចផ្តើមធ្វើបុណ្យធ្វើបុណ្យអង្គកឋិនទានសាមគ្គីមួយដង្ហែ ទៅកាន់វត្តស្រអែមរតនារ៉ាម ស្ថិតនៅក្នុងភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

បុណ្យកឋិនទានសាមគ្គីនេះ បានប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ដោយបានជួបជុំពុទ្ធបរិស័ទមកពីទីជិតឆ្ងាយ ប្រារព្ធពិធីក្រុងពាលី និងនមសិកាព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនា ជាមួយនិងការចូលចាប់មគ្គផល តាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន មានមាតា បិតាញាតិការទាំង៧សណ្តានដែលបានចែកឋានទៅកាន់លោកខាងមុខ។

ដោយឡែក នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះដែរ លោកឧត្តមសេនីយ៍ទោ ដួង សំនៀង បានដឹកនាំដង្ហែអង្គកឋិនទានសាមគ្គី ដោយមានការចូលរួម យ៉ាងច្រើនកុះករ ពីសំណាក់ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ អមដោយស្គរឆៃយាំ និងសម្លេងកងរំពងប្រកប ដោយភាពសប្បាយរីកាយ ទទួលអនុមោទនា យកផល្លានិសង្ឃរៀងៗខ្លួន ដែលកើតចេញពីការដង្ហែអង្គកឋិនទានសាមគ្គីនេះ។

សូមបញ្ជាក់ថា បច្ច័យដែលប្រមូលបានពីបុណ្យកឋិនទានសាមគ្គីនេះ មានចំនួន១០,១៧០,០០០រៀល បានវេប្រកេនព្រះសង្ឃសម្រាប់កសាងសមិទ្ធិផលនានា នៅក្នុងវត្ត៕