(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ សហការជាមួយ នគរបាលតាមបណ្តាខណ្ឌ បានបន្តបើកប្រតិបត្តិការ ចុះបង្ក្រាបករណីគ្រឿងញៀន ជាបន្តបន្ទាប់ រហូតចាប់ខ្លួនជនសង្ស័យបន្ថែមទៀត ចំនួន២២នាក់ នៅតាមបណ្តាខណ្ឌ ក្នុងនោះ មានជនជាតិចិនម្នាក់ផងដែរ ដែលត្រូវបានចាប់ខ្លួនផងដែរ។

លោក ប៊ន សំអាត ស្នងការរងនគរបាល រាជធានីភ្នំពេញបានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ថា នៅថ្ងៃម្សិលមិញកម្លាំងនគរបាលរបស់លោក ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តម សេនីយ៍ ជួន សុវណ្ណ បានចាប់ជនសង្ស័យដែលពាក់ព័ន្ធ នឹងគ្រឿងញៀនចំនួន២២នាក់ ព្រមទាំងដកហូតថ្នាំជាង២០០កញ្ចប់។

សម្រាប់ជនសង្ស័យទាំងនេះរួមមាន កម្លាំងនគរបាល ខណ្ឌមានជ័យចាប់បាន៤នាក់ និងថ្នាំជាង២០០កញ្ចប់ ថ្នាំគ្រាប់ ជិត២០០គ្រាប់ កម្លាំងនគរបាលជ្រោយចង្វារ ចាប់បានជនសង្ស័យ៤នាក់ និងថ្នាំ ២កញ្ចប់ កម្លាំងនគរបាលខណ្ឌសែនសុខ ចាប់បានជនសង្ស័យ១០នាក់ និងថ្នាំ២កញ្ចប់ កម្លាំងនគរបាល ខណ្ឌឫស្សីកែវ ចាប់បានជនសង្ស័យ៣នាក់ និងកម្លាំងនគរបាល ការិយាល័យប្រឆាំងគ្រឿងញៀន ចាប់បានជនជាតិចិនម្នាក់នៅខណ្ឌជ្រោយចង្វារ ដកហូតថ្នាំប្រមាណ៤គីឡូ និងកាំភ្លើងខ្លីមួយដើម។

លោកស្នងការរង បានបញ្ជាក់ថា សម្រាប់បទល្មើសគ្រឿងញៀននេះ លោកនឹងខិតខំប្រឹងប្រែងកាន់តែខ្លាំង ឡើងក្រោមបញ្ជាពីលោកស្នងការ ចុះបង្ក្រាបដូចភ្លៀងរលឹម នៅតាមបណ្តាគោលដៅ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញពីព្រោះ វាបានបំផ្លាញដល់សង្គមជាតិយ៉ាងធ្ងន់ធ្ងរ ជាពិសេស ក្រុមយុវជនជំនាន់ក្រោយតែម្តង។

សម្រាប់ជនសង្ស័យទាំងនេះ ស្ថិតនៅក្រោមការសួរនាំ នៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីបញ្ជូនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់៕