(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យខ្លាចមួយ បានកើតឡើងនៅតាមបណ្តោយ ផ្លូវជាតិលេខ៤ ខាងលិចថ្នល់រទេះភ្លើងជាង១០០ម៉ែត្រ រវាងម៉ូតូ និងម៉ូតូដែលបណ្តាល ឲ្យមនុស្ស៣នាក់បានស្លាប់ភ្លាមៗ នៅម៉ោង៩៖១០នាទី យប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ភ្នាក់ងារ Fresh News បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូ២គ្រឿង ធ្វើដំណើរ ទិសដៅច្រាស់គ្នា ដោយមួយគ្រឿង ជិះម្នាក់ឯង និងមួយគ្រឿងទៀតជិះគ្នាពីរនាក់ ក្នុងល្បឿនយ៉ាងលឿនលុះបើកដល់ដល់ចំណុចកើតហេតុ អ្នកបើកបរទាំង២ បើកឡើងមកកណ្តាលផ្លូវដូចគ្នា ធ្វើឲ្យបុកគ្នាពេញទំហឹង ស្លាប់ទាំង៣នាក់តែម្តងរីឯម៉ូតូទាំង២គ្រឿង រងការខូចខាចទាំងស្រុង។

ក្រោយកើតហេតុសពទាំងបីនាក់ ត្រូវបានសមត្ថកិច្ច ធ្វើកោសល្យវិច័យរួច ប្រគល់ឲ្យទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យ នៅស្រុកកំណើតតាមប្រពៃណី។ សម្រាប់ម៉ូតូទាំងពីរគ្រឿង ត្រូវបានខាងជំនាញ យកទៅរក្សាទុកនៅការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕