(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានផ្តួចផ្តើម ធ្វើបុណ្យកាន់អង្គកឋិនទានសាមគ្គី ដង្ហែទៅកាន់វត្តវត្តបុព្វតាយារាម ហៅវត្តច្រប់ ស្ថិតនៅក្នុងឃុំក្បាលរមាស និងមួយទៀតវត្តជ័យមង្គល ហៅវត្តកំភុន ស្ថិតនៅក្នុងឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។

កឋិនទានបានចាប់ផ្តើម ក្រុងពាលី ធ្វើបទនមស្សការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងស្តាប់ព្រះធម៌ទេសនាសម្តែងដោយព្រះរាជអធិបតីព្រះមហាវិមលធម្ម ពិន សែម ព្រះឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ នៅគេហដ្ឋានលោកអភិបាលខេត្តផ្ទាល់។

លុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ លោក ម៉ុម សារឿន រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងពុទ្ធបរិស័ទ្ធជិតឆ្ងាយបាន ដង្ហែអង្គកឋិនទានទៅកាន់វត្ត វត្តបុព្វតាយារាម ហៅវត្តច្រប់ និងវត្តជ័យមង្គល ហៅវត្តកំភុន ដោយបានរួមគ្នាដង្ហែប្រទក្សិណព្រះវិហារ ចំនួន៣ជុំ ទៅតាមប្រពៃណី នៃពុទ្ធសាសនាយ៉ាងអធិកអធមក្រៃលែង។

ឆ្លៀតនៅក្នុងឱកាសនោះដែរ លោក ម៉ុម សារឿន បានពិនិត្យមើលសមិទ្ធិផលនានានៅក្នុងវត្ត ព្រមទាំងសម្តែងការកោតសរសើរដល់ព្រះសង្ឃ និងថ្នាក់ដឹកនាំខេត្ត ស្រុក និងប្រជាពលរដ្ឋក្នុងខេត្តទាំងមូលក៏ដូចជាពុទ្ធបរិស័ទ្ធចំណុះជើងវត្តទាំងពីរ ដែលបានចូលរួមជាកម្លាំងមហាសាមគ្គី ធ្វើបុណ្យសន្សំបច្ច័យ នឹងពិធីរបុណ្យផ្សេងៗទៀតជាច្រើន ដែលព្រះសមាសម្ពុទ្ធបានបញ្ញាត្តិទុក ជាតំណរៀងមក។

សូមបញ្ជាក់ថា បច្ច័យបានមកពីកឋិនទាននេះ សរុបចំនួន ២៣៥,៣៧២,៧០០រៀល ក្នុងនោះប្រគេនវត្តបុព្វតាយាមរាមចំនួន ១៣៥,៣៧២,៧០០រៀល និងវត្តជ័យមង្គល ១០០,០០០,០០០រៀល ព្រមទាំងបច្ច័យមួយចំនួនទៀត ប្រគេនព្រះចៅអធិការវត្ត និងព្រះសង្ឃផងដែរ៕