(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានអះអាងថា លោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ មិនមានទោសពុករលួយជុំវិញការដោះលែង ឪពុកម្តាយលោក ថោង សារ៉ាត់ នោះទេ។

លោក អាំង មាលតី ដែលត្រូវដកចេញពីតំណែងកាលពីខែកុម្ភៈ ឆ្នាំមុន បន្ទាប់ពីដោះលែងឪពុកម្តាយលោក ថោង សារ៉ាត់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ ក្រោយពីរកឃើញថាពាក់ព័ន្ធនឹងបទល្មើស ដោះលែងឈ្មួញគ្រឿងញៀនជាមួយថ្នូររថយន្ត Audi មួយគ្រឿង ដែលមិនមែនបទល្មើសដោះលែង ឪពុកម្តាយលោក ថោង សារ៉ាត់ ជាមួយនឹងលោក ពេជ្រ ព្រហ្មមុនី នោះទេ។

នៅក្នុងសន្និសីទកាសែតមួយ នារសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានលើកឡើងថា លោក អាំង មាលតី គឺជាអ្នករងឥទ្ធិពលពីលោក ពេជ្រ ព្រហ្មមុនី ប៉ុណ្ណោះជុំវិញការសម្រេចដោះលែងឪពុកម្តាយ លោក ថោង សារ៉ាត់ នាពេលនោះ ហើយថានៅពេលដែលស៊ើបអង្កេត ACU បានរកឃើញគាត់មានទោសលើ ការដោះលែងឈ្មួញគ្រឿងញៀនទៅវិញ។ លោកថា «ការស៊ើបអង្កេតទៅលើលោក អាំង មាលតី ជាអ្នកដោះលែង គាត់ជាអ្នកទទួលឥទ្ធិពលទេ ជឿទៅលើលោក ពេជ្រ ព្រហ្មមុនី ថាអញ្ចេះថាអញ្ចុះ គាត់ក៏អន្តរាគមន៍ធ្វើការដោះលែងទៅ អញ្ចឹងអ្នកដែលមានឥទ្ធិពលមកលើគាត់ទេជាអ្នកមានទោស»។

លោកទេសរដ្ឋមន្រ្តីបានបន្ថែមថា «ពិតមែនថាវាមិនមែនជាបទល្មើសពាក់ព័ន្ធនឹងការដោះលែង ប៉ុន្តែគាត់នៅតែជាតួរអង្គមួយដែលធ្វើការដោះលែង តែបុគ្គលដែលទទួលខុសត្រូវចំពោះមុខច្បាប់ អំពើពុករលួយនោះគឺ លោក ពេជ្រ ព្រហ្មមុនី ដែលជះឥទ្ធិពលលើគាត់ហើយលោក មាលតី សមរម្យហើយដែលក្រសួងយុត្តិធម៌ ដាក់ពិន័យដកគាត់ចេញ»។

កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ សាលាដំបូងខេត្តកណ្តាលបាននាំខ្លួន លោក អាំង មាលតី ពីពន្ធនាគារមកសាកសួរអស់រយៈពេលជាច្រើនម៉ោង។ ក្រោយពេលសាកសួរ លោក អាំង មាលតី ក៏ត្រូវបានគេបញ្ជូនភ្លាមៗ តាមរថយន្តដឹកអ្នកទោសទៅកាន់ពន្ធនាគារខេត្ត។ មន្រ្តីតុលាការខេត្តកណ្តាលបានឲ្យដឹងថា ការប្រកាសសាលក្រម ត្រូវបានលើកពេលទៅថ្ងៃក្រោយ ដោយមិនកំណត់។

ចំណែក លោក ពេជ្រ ព្រហ្មមុនី កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសដាក់គុកកំណត់ ១៨ខែ ប៉ុន្តែឱ្យទោសអនុវត្តនៅក្នុងពន្ធនាគារ ១០ខែប៉ុណ្ណោះ។ លោកក៏ត្រូវបានតុលាការចោទប្រកាន់ ២ករណីទៀត រួមមានជ្រៀតជ្រែកដោយខុសច្បាប់នៅក្នុងការបំពេញមុខងារសាធារណៈ និង បទជំនួញឥទ្ធិពលអកម្ម៕