(ភ្នំពេញ)៖ លោកបណ្ឌិត អ៉ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា និងជាប្រធាននាយកប្រតិបត្តិធនាគារអេស៉ីលីដា បានឲ្យដឹងថា គិតមកដល់ពេលនេះបានប្រជាពលរដ្ឋចំនួនជិត២៨ម៉ឺនគ្រួសារដែលបានខ្ចីប្រាក់ពីវិស័យធនាគារ ទទួលបានការរៀបចំឥណទានឡើងវិញ បន្ទាប់ពីពួកគាត់ជួបបញ្ហាជីវភាព ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។

លោកបញ្ជាក់ថា ការរៀបចំឥណទានឡើងវិញនេះ មានទឹកប្រាក់ប្រមាណ ៣ពាន់លានដុល្លារអាមេរិក។

លោកបានឲ្យដឹងបែបនេះ នៅក្នុងកម្មវិធីវគ្គបណ្តុះបណ្តាលវិនិយោគិនក្នុងវិស័យមូលបត្រ ស្តីពី «ឱកាសចំណេញក្នុងការវិនិយោគលើមូលបត្រនាថ្ងៃនេះ» ដែលបានធ្វើឡើង នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០។

ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាន, លោក អ៉ិន ចាន់នី បានលើកឡើងថា នៅកម្ពុជាក៏ជួបវិបត្តិ ដែលបណ្តាលមកពីជំងឺកូវីដ១៩ដែរ ធ្វើឲ្យវិស័យផ្សេងៗ រួមទាំងវិស័យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរងផលប៉ះពាល់។ ប៉ុន្តែគ្រប់វិស័យទាំងអស់ សុទ្ធតែទទួលបានវិធានការអនុគ្រោះនានា ពីរាជរដ្ឋាភិបាល ធ្វើឲ្យជួបហានីភ័យតិច។ រាជរដ្ឋាភិបាលក៏បានបន្ថូរបន្ថយ និងលើកទឹកចិត្តផ្នែកពន្ធផងដែរ សម្រាក់ជួយវិស័យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីជួយដល់ការលូតលាស់របស់អតិថិជន។

លោក អ៉ិន ចាន់នី បានបន្ថែមថា ជំងឺកូវីដ១៩ ធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងមួយផ្នែកហើយ ប៉ុន្តែអ្វីដែលមានផលប៉ះពាល់ថែម គឺជំនន់ទឹកភ្លៀងថ្មីៗនេះ។ ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ក៏ឆ្លើយតបនឹងការអំពាវនាវរបស់រាជរដ្ឋាភិបាល គឺការរៀបចំឥណទានឡើងវិញ សម្រាប់វិស័យរងផលប៉ះពាល់ដោយទឹកជំនន់ដែរ។

លោកបណ្ឌិតបានបញ្ជាក់យ៉ាងដូច្នេះថា៖ «មកដល់សព្វថ្ងៃនេះក្នុងវិស័យធនាគារទាំងមូល ចំនួនអតិថិជនជិត២៨ម៉ឺនគ្រួសារ ដែលចំនួនទឹកលុយប្រមាណជា ៣ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលយើងរៀបចំឥណទានឡើងវិញ»

លោកបន្តថា វិស័យធនាគារនៅតែដំណើរការល្អ ដោយសារការចាត់ចែងរបស់រាជរដ្ឋាភិបាល និងការចាត់ចែងរបស់ធនាគារ ស្របទៅតាមវិធានការរបស់រាជរដ្ឋាភិបាល ហើយប្រការនេះធ្វើឲ្យទប់ស្កាត់បាននូវឥណទាន ដែលខូចបង់បានច្រើន។ អីចឹងវិស័យធនាគារ និងហិរញ្ញវត្ថុ មានសុខភាពល្អ។

«ការផ្តល់ឥណទាន ក៏មានការសមរម្យដែរ មិនថ្លៃដូចឆ្នាំ២០១៩ទេ ដោយសារបន្ថូរបន្ថយតាមការអំពាវនាវ របស់រាជរដ្ឋាភិបាល។ ចំនួនកំណើននៃប្រាក់សន្សំ ក៏កើនឡើងគួរឲ្យកត់សម្គាល់ដែរ។ អីចឹងវិស័យធនាគារទាំងមូល អេស៉ីលីដា ជាពិសេសនេះគឺល្អ ហើយយើងអាចធ្វើ យើងអាចអនុវត្តន៍ផែនការអាជីវកម្មយើងឆ្នាំ២០២០ បានសម្រេចតាមផែនការគ្រោងទុក»។ នេះជាការបញ្ជាក់របស់លោក អ៉ិន ចាន់នី។

លោកបណ្ឌិតបានបន្ថែមថា ឥណទានមិនដំណើរការ របស់ធនាគារអេស៉ីលីដា នឹងអាចកើនឡើងដល់២ភាគរយ ខណៈមុនវិបត្តិកូវីដ១៩ ឥណទានមិនដំណើរការមានត្រឹមតែ១,៣ភាគរយប៉ុណ្ណោះ។ ទោះជាយ៉ាងណា ការកើនឡើងនេះ គឺជាអត្រាមួយដែលគេអាចគ្រប់គ្រងបាន។

សូមបញ្ជាក់ថា ក្នុងឱកាសចុះសួរសុខទុក្ខ ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ស្ថាប័នធនាគារ និងគ្រឹះស្ថានមីក្រូហរិញ្ញវត្ថុទាំងអស់ មេត្តាយោគយល់ដល់ទុក្ខលំបាក របស់ប្រជាពលរដ្ឋដែលលិចលង់ ដោយទឹកជំនន់ សូមបន្ធូរបន្ថយនូវពេលវេលានៃការសងប្រាក់ ពន្យារពេលនៃការសងប្រាក់ ឬអាចការបន្ថយអត្រាការប្រាក់ជូនពួកគាត់ជាដើម។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ធនាគារ និងគ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ មិនត្រូវរឹបអូសទ្រព្យសម្បត្តិ ផ្ទះសំបែង ដីធ្លីរបស់ប្រជាពលរដ្ឋ ដែលប៉ះពាល់ក្នុងដំណាក់កាលកូវីដ១៩ និងនៅក្នុងដំណាក់កាលនៃគ្រោះទឹកជំនន់នោះឡើយ៕