(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការប្រឡងប្រណាំងស្ថាប័នគំរូប្រចាំក្រសួងបរិស្ថាន មិនត្រឹមតែជួយបង្កើនសមត្ថភាពដល់មន្រ្តីប្រចាំតាមអង្គភាពទេ ប៉ុន្តែវាក៏ជាផ្នែកមួយសំខាន់ដែលជួយឱ្យកិច្ចការងាររីកចម្រើន ដែលបម្រើដល់ប្រទេសជាតិថែមទៀត។

ការលើកឡើងបែបនេះរបស់លោក សាយ សំអាល់ បានធ្វើឡើងនាឱកាសដែលលោកបានអញ្ជើញជាអធិបតីភាព ក្នុងការប្រកាសជយលាភី នៃអង្គភាពគំរូក្នុងវិស័យបរិស្ថាន ប្រចាំឆ្នាំ២០២០ នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នាទីស្តីការក្រសួងបរិស្ថាន។

រដ្ឋមន្ត្រីក្រសួងបរិស្ថានរូបនេះ បានលើកឡើងថា ក្នុងការបង្កើនសមត្ថភាពមន្រ្តី និងជាពិសេសការរៀបចំឱ្យមានការប្រឡងប្រណាំងតាមអង្គភាពបានធ្វើឱ្យកិច្ចការងារជាច្រើនបានសន្ទុះ និងផ្លែផ្កាគួរកត់សម្គាល់ ជាមួយគ្នាវាក៏ជាផ្នែកសំខាន់ក្នុងការជំរុញលើសមត្ថភាព និងប្រសិទ្ធភាពការងារកាន់តែល្អប្រសើរឡើង។

នាឱកាសនោះដែរ លោក សាយ សំអាល់ ក៏បានជំរុញដល់មន្រ្តីតាមស្ថាប័ននីមួយៗ ត្រូវខិតខំបំពេញការងារ និងបម្រើដល់កិច្ចការងារសង្គម ប្រជាពលរដ្ឋ និងពិសេសជួយលើកស្ទួយប្រទេសជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

បន្ថែមពីនេះលោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ ក្រសួងបរិស្ថាន បានឱ្យដឹងថា ដើម្បីជំរុញការធ្វើទំនើបកម្មស្ថាប័នចំណុះក្រសួងបរិស្ថាន និងពង្រឹងការងារអធិការកិច្ច ក្រសួងបរិស្ថានបានរៀបចំកម្មវិធីប្រកួតប្រជែងជ្រើសរើសស្ថាប័នគំរូ ក្នុងវិស័យបរិស្ថានប្រចាំឆ្នាំ២០២០ ដោយលើកទឹកចិត្តឱ្យអង្គភាពចំណុះក្រសួងបរិស្ថានទាំងអស់ ចូលរួមក្នុងការប្រកួតប្រជែងជាជយលាភីអង្គភាពគំរូក្នុងវិស័យបរិស្ថាន តាមរយៈការរៀបចំពង្រឹង និងកែសម្រួលលក្ខណៈវិនិច្ឆ័យគោលរបស់ខ្លួនរួមមាន៖

ទី១៖ គុណភាព ប្រសិទ្ធភាព និងទទួលសេវារដ្ឋបាល ទី២៖ ការងារជំនាញរបស់អង្គភាព ទី៣៖ការគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងអង្គភាព ទី៤៖ ការរៀបចំ និងកែល្អបរិស្ថានក្នុងអង្គភាព, ទី៥៖ ការទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ សហគមន៍ អាជ្ញាធរ និងដៃគូអភិវឌ្ឍ ទី៦៖ គំនិតផ្តួចផ្តើមថ្មីៗ ដើម្បីអង្គភាពមានដំណើរការកាន់តែប្រសើរ និងការប្តេជ្ញាចិត្តក្នុងការកែល្អបន្ត។

លោក ផៃ ប៊ុនឈឿន បានបន្ថែមថា ក្នុងឆ្នាំ២០២០នេះ ក្រសួងបរិស្ថាន បានរៀបចំជ្រើសរើសអង្គភាពគំរូក្នុងវិស័យបរិស្ថានទៅលើ៤ អនុវិស័យ និងមានបេក្ខភាពដែលត្រូវជ្រើសរើសដូចតទៅ៖

ទី១៖ អង្គភាពគំរូក្នុងអនុវិស័យនាយកដ្នាន៖ នាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាប នាយកដ្ឋានប្រែប្រួលអាកាសធាតុ អគ្គាធិការដ្ឋាន នាយកដ្ឋានជីវចម្រុះ នាយកដ្ឋានសវនកម្មផ្ទៃក្នុង និងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (ស្ទួន)។

ទី២៖ អង្គភាពគំរូក្នុងអនុវិស័យមន្ទីរបរិស្ថានរាជធានី-ខេត្ត៖ មន្ទីរបរិស្ថានខេត្តកំពង់ធំ មន្ទីរបរិស្ថាន រាជធានីភ្នំពេញ មន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី មន្ទីរបរិស្ថានខេត្តសៀមរាប និងមន្ទីរបរិស្ថានខេត្តកំពត។

ទី៣៖ អង្គភាពគំរូក្នុងអនុវិស័យតំបន់ការពារធម្មជាតិ៖ ដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី ឧទ្យានជាតិកែបខេត្តកែប ឧទ្យានជាតិវ៉ឺនសៃ-សៀមប៉ាង ឧទ្យានជាតិវីរៈជ័យ ខេត្តរតនគិរី និងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន ខេត្តឧត្តរមានជ័យ។

និង៤៖ អង្គភាពគំរូក្នុងអនុវិស័យសហគមន៍តំបន់ការពារធម្មជាតិ៖ សហគមន៍ត្មាតប៉ើយ-ធឿនក្រសាំង ខេត្តព្រះវិហារ សហគមន៍អូរជាំ ខេត្តបាត់ដំបង សហគមន៍ទឹកធ្លាក់ច្រកល្អៀង ខេត្តពោធិ៍សាត់ សហគមន៍ព្រៃធំ អន្លង់ធំខេត្តសៀមរាប និងសហគមន៍ពាមក្រសោប ខេត្តកោះកុង៕