(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌដូនពេញ ប្រចាំការនៅផ្សារកណ្តាល សហការជាមួយសន្តិសុខផ្សារ នៅរសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានចាប់ខ្លួនចោរប្លន់ម្នាក់នៅត្រង់ចំណុចផ្ទះលេខ១៧២ (យីហោ V VIP NET 24H) ផ្លូវលេខ១៤៤ ភូមិ៨ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ក្រោយជនសង្ស័យប្រើកាំបិតភ្ជង់ប្លន់យកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។

លោក ហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌដូនពេញ បានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ថាច់ យ៉ាំងមិញ អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

ក្រោយចាប់ខ្លួនជនសង្ស័យរូបនេះ កម្លាំងនគរបាលបានដកហូតបានកាបូបស្ពាយចំហៀងពណ៌ខ្មៅ ចំនួនមួយ មានប្រាក់រៀលចំនួន ២,១៥០,០០០រៀល និងប្រាក់ដុល្លារចំនួន ៤២១ដុល្លារ កូនកាំបិតបុ័ងតោពណ៌សចំនួនមួយ។

មុនពេលកើតហេតុជនសង្ស័យ បានចូលទៅក្នុងចំណុចខាងលើ ដើម្បីលេងហ្គេមអិនធើណេត លុះដល់ពេលស្ងាត់ ជនសង្ស័យក៏ឆ្លៀតឱកាសដកកាំបិតចេញពីក្នុងកាបូប ធ្វើសកម្មភាពភ្ជង់ប្លន់តែម្តង។

បច្ចុប្បន្នកំលាំងផ្នែកព្រហ្មទណ្ឌ សហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាល១ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ កំពុងធ្វើការសាកសួរបំភ្លឺ នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ៕