(ភ្នំពេញ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចូលរួមកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន ជាមួយលោកស្រី Kristalina Georgieva នាយិកាគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នាឱកាសកិច្ចប្រជុំប្រចាំឆ្នាំ២០២០ របស់ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ តាមរយៈ Video Conference។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសដល់ថ្នាក់ដឹកនាំវិស័យហិរញ្ញវត្ថុអាស៊ានបានផ្លាស់ប្តូរយោបល់ និងពិភាក្សាពីបញ្ហាប្រឈម ការអនុវត្តគោលនយោបាយ ព្រមទាំងស្នើសុំជំនួយទៅ IMF។

ឆ្នាំ២០២០នេះ កិច្ចប្រជុំបានពិភាក្សាអំពីការអនុវត្តនយោបាយចម្រុះ ក្នុងនោះរួមមាននយោបាយរូបិយវត្ថុ នយោបាយអត្រាប្តូរប្រាក់ នយោបាយម៉ាក្រូប្រុងប្រយ័ត្ន និងវិធានការគ្រប់គ្រងលំហូរមូលធន ជាដើម ដើម្បីទប់ទល់នឹងវិបត្តិ ក៏ដូចជាស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយពីវិបត្តិកូវីដ១៩។

តាមរយៈបទពិសោធន៍ពីការអនុវត្តនយោបាយចម្រុះកន្លងមកនៅក្នុងប្រទេសចំនួន៧ (ប្រេស៊ីល ឥណ្ឌូនេស៊ី សាធារណរដ្ឋកូរ៉េខាងត្បូង ម៉ិកស៊ិក ប៉េរូ ថៃ និងម៉ាឡេស៊ី) មូលនិធិរូបិយវត្ថុអន្តរជាតិបានចងក្រងជាឯកសារស្រាវជ្រាវមួយសម្រាប់បម្រើដល់ការអនុវត្តនោយោបាយចម្រុះ ឱ្យមានប្រសិទ្ធិភាព ទៅតាមស្ថានភាពប្រទេសនីមួយៗ។

ជារួមរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន បានវាយតម្លៃខ្ពស់ចំពោះលទ្ធភាពនៃការស្រាវជ្រាវរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ និងបានស្នើឱ្យមូលនិធិរូបិយវត្ថុអន្តរជាតិបន្តជួយប្រឹក្សាលើការអនុវត្តនយោបាយ ជាពិសេសការផ្តល់ការសម្របសម្រួលលើការអនុវត្តនយោបាយឆ្លងប្រទេស ដោយសារតែកន្លងមកការអនុវត្តនយោបាយនៅក្នុងប្រទេសមួយអាចមានឥទ្ធិពលដល់ប្រទេសដទៃទៀត ជាពិសេសពីប្រទេសអភិវឌ្ឍន៍ទៅប្រទេសកំពុងលូតលាស់។

កិច្ចប្រជុំក៏បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តនយោបាយវិត្ថារកម្មទាំងផ្នែកសារពើពន្ធ និងរូបិយវត្ថុ ដើម្បីជួយជ្រោងសកម្មភាពសេដ្ឋកិច្ចឱ្យងើបឡើងវិញ, គាំទ្រឱ្យមានការប្រើប្រាស់នយោបាយម៉ាក្រូប្រុងប្រយ័ត្ន និងវិធានការគ្រប់គ្រងលំហូងមូលធន ក្នុងគោលដៅពង្រឹងស្ថិរភាពហិរញ្ញវត្ថុ និងអត្រាប្តូរប្រាក់ជាដើម។

លើសពីនេះ គោលនយោបាយចម្រុះទាំងនេះ ត្រូវអនុវត្តឡើងដោយមានការសម្របសម្រួល និងពេលវេលាច្បាស់លាស់ ជាពិសេសការរក្សានូវឯករាជ្យភាពរបស់ធនាគារកណ្តាល។

សូមបញ្ជាក់ថា មូលនិធិរូបិយវត្ថុអន្តរជាតិតែងតែផ្តល់ការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាធនាគារជាតិនៃកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស ជួយតាមដានស្ថានភាពសេដ្ឋកិច្ច និងផ្តល់ប្រឹក្សាផ្នែកនយោបាយសេដ្ឋកិច្ច។ ក្នុងនាមជាតំណាងកម្ពុជា ក្នុងក្រុមប្រឹក្សាទេសាភិបាល របស់មូលនិធិរូបិយវត្ថុអន្តរជាតិលោក ជា ចាន់តូ បានពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ ហើយកន្លងមក ថ្នាក់ដឹកនាំជាន់ខ្ពស់របស់មូលនិធិរូបិយវត្ថុអន្តរជាតិបានមកបំពេញទស្សនកិច្ចនៅកម្ពុជាជាបន្តបន្ទាប់ ជាពិសេសទស្សនកិច្ចថ្នាក់ដឹកនាំកំពូលរបស់ IMF៕