(ភ្នំពេញ)៖ ក្រសួងទេសចរណ៍បានសម្រេចរៀបចំរង្វាន់បន្ថែមទៀត សម្រាប់ស្តង់ដារ «ផ្សារស្អាត» និង «បង្គន់សាធារណៈ» នៅប្រទេស កម្ពុជាដែលនឹងត្រូវប្រកាសជាលើកដំបូងនៅក្នុងទិវាទីក្រុងស្អាតនាចុងខែកុម្ភៈខាងមុខ។ នេះបើតាមការប្រកាសរបស់ក្រសួង ទេសចរណ៍ដែល Fresh News ទទួលបាននៅរសៀល ថ្ងៃសុក្រនេះ។

រង្វាន់នេះនឹងត្រូវរៀបចំឡើងរៀងរាល់ឆ្នាំ ក្នុងនោះសម្រាប់ស្តង់ដារផ្សារស្អាតមាន៣ប្រភេទ រួមមាន១. ស្តង់ដារ «ផ្សារទំនើបស្អាត» ២. ស្តង់ដារ «ផ្សារម៉ាតស្អាត» និង៣. ស្តង់ដារ «ផ្សារសាធារណៈស្អាត»

តាមប្រកាស, សម្រាប់ស្តង់ដារ «ផ្សារទំនើបស្អាត» ត្រូវមានសូចនាករគោលដូចជា ការគ្រប់គ្រងបរិស្ថាន, ការបំពុល, តំបន់បៃតង, ភាពស្អាត, សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់, ការបណ្តុះបណ្តាល និងបញ្ជ្រាបការរយល់ដឹងស្តីពីភាពស្អាត-បរិស្ថានរួមទាំង ការគ្រប់គ្រងសំណល់។ ចំណែក «ផ្សារម៉ាតស្អាត» មានសូចនាករគោលដូចជា ការគ្រប់គ្រងបរិស្ថាន, ការបំពុល, ភាពស្អាត,  សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់,ការបណ្តុះបណ្តាល និងបញ្ជ្រាបការយល់ដឹងស្តីពីភាពស្អាត និងបរិស្ថាន រួមទាំងការគ្រប់គ្រងសំណល់ ហើយ «ផ្សារសាធារណៈស្អាត» ត្រូវមានសូចនាករគោលដូចជា ការគ្រប់គ្រងបរិស្ថាន, ការបំពុល,  ភាពស្អាត, សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់, ការបណ្តុះបណ្តាល និងបញ្ជ្រាបការយល់ដឹងស្តីពីភាពស្អាត និងបរិស្ថាន រួមទាំងការគ្រប់គ្រងសំណល់ជាដើម។

ដោយឡែកសម្រាប់ ស្តង់ដារបង្គន់សាធារណៈវិញ ត្រូវមានសូចនាករ៧ដូចជា 1.ទម្រង់ប្លង់ (Layout) 2.  បន្ទប់បង្គន់ 3. បង្គន់បុរស 4.វត្ថុធាតុដើមសម្រាប់ប្រើប្រាស់ 5. សម្ភារៈដែលជួយសម្រួលដល់ការប្រើប្រាស់បង្គន់សាធារណៈ 6. ការថែរក្សាអនាម័យនិងគិតគូរ ដល់បរិស្ថាន និង 7. គំនូស ឬផ្លាកសញ្ញាបង្ហាញ។


មន្រ្តីក្រសួងទេសចរណ៍ បាននិយាយថា សម្រាប់ការចូលរួមប្រឡងប្រណាំងយកស្តង់ដារផ្សារស្អាត និងបង្គន់សាធារណៈនេះ ម្ចាស់ផ្សារ ក៏ដូចជាម្ចាស់បង្គន់សាធារណៈ អាចដាក់ពាក្យចាប់ពីដើមខែមីនា ដល់៣០មិថុនា ហើយចាប់ពីថ្ងៃទី១ ខែកក្កដាដល់ខែតុលា ក្រុមការងារថ្នាក់ជាតិនឹងចុះវាយតម្លៃដល់មូលដ្ឋាន ដោយឡែកចាប់ពីខែវិច្ឆិកា ដល់ថ្ងៃទី១ ខែមករា ក្រសួងទេសចរណ៍ក៏ដូចជា គណៈកម្មាធិការវាយតម្លៃទីក្រុងស្អាត នឹងធ្វើសេចក្តីសម្រេចតែម្តង ហើយការផ្តល់រង្វាន់ នឹងធ្វើឡើងនៅក្នុងទិវាទីក្រុងស្អាត ឆ្នាំ២០១៧៕