(ភ្នំពេញ)៖ លោក ឈាង វុន អ្នកតំណាងមណ្ឌលខេត្តបាត់ដំបង បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម Facebook ស្ញប់ស្ញែងខ្លាំងបន្ទាប់ពី ពួកគេបានឃើញរូបលោក ដាក់ខ្លួនដាក់ប្រាណ ប៉ាវជនពិការឡើងតុគុយទាវ នៅក្នុងខេត្តបាត់ដំបង។

ជាមួយនិងរូបអង្គុយលើតុគុយទាវ ជាមួយជនពិការ ដោយលើកកំប៉ុងភេសជ្ជៈចាក់ចូលកែវ របស់ជនពិការផងនោះ លោក ឈាង វុន បានរៀបរាប់ថា នៅល្ងាចថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦ លោកបានជួបសំណេះសំណាល ជាមួយជនពិការមួយចំនួន នៅខេត្តបាត់ដំបង ហើយបានផ្តល់អាហាមួយពេលយ៉ាងសមរម្យ និងថវិកាមួយចំនួន សម្រាប់ដោះស្រាយការលំបាករបស់ពួកគេមួយរយៈពេលខ្លីផងដែរ។

ក្រុមអ្នកលេងបណ្តាញសង្គមហាក់មានទឹកចិត្ត សោមនស្សរីករាយខ្លាំង ចំពោះសកម្មភាពមនុស្សធម៌ របស់អ្នកតំណាងរាស្រ្តរូបនេះ ហើយសង្ឃឹមថា អ្នកតំណាងរាស្រ្តទាំងអស់ នឹងដាក់ខ្លួនដាក់ប្រាណ ឲ្យកាន់តែទាបចូលកាន់តែកៀក ជាមួយប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោត ដើម្បីបានដឹងពីសុខទុក្ខ និង ភាពលំបាករបស់ពួកគេ៕