(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានជំរុញដល់ក្រសួងអប់រំ និង គ្រឹះស្ថានសិក្សាទាំងអស់ត្រូវតែរួមគ្នា ធ្វើកំណែទម្រង់ ដ៏ជាក់លាក់មួយទៅលើប្រព័ន្ធអប់រំនៅកម្ពុជា គ្រាដែលការកំណែទម្រង់នេះបាននិងកំពុងទទួលបានការសាទរខ្លាំងពី ប្រជាពលរដ្ឋកម្ពុជា។

ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រងនាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្តេចតេជោ បានថ្លែងថា កំណែទម្រង់លើវិស័យអប់រំរបស់លោក ហង់ ជូនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានធ្វើឲ្យមានការសាទរ ខ្លាំងពីអាព្យាបាលសិស្ស និងជំរុញឲ្យសិស្សភ្ញាក់រលឹកខិតខំរៀនសូត្រផងដែរ។

ទន្ទឹមនិងការរំលឹកពីជោគជ័យ នៃការធ្វើកំណែទម្រង់អប់រំនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកទៅដល់ការមើលងាយទៅ លើគុណភាពសញ្ញាបត្រនៅកម្ពុជា ពីសំណាក់ប្រធានបក្សប្រឆាំងលោក សម រង្ស៊ី ផងដែរ។ សម្តេចនាយករដ្ឋមន្រ្តី បានហៅការមិន ឲ្យតម្លៃទៅលើសញ្ញាបត្ររបស់និស្សិតនៅកម្ពុជា ពីសំណាក់លោក សម រង្ស៊ី គឺជាការប្រមាថមួយ ដ៏ធ្ងន់ធ្ងរ។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យសិស្ស និស្សិត និងប្រព័ន្ធអប់រំទាំងអស់ត្រូវប្រែក្លាយការឈឺចាប់កើតចេញពីការប្រមាថនេះ ឲ្យក្លាយទៅជាការធ្វើកំណែទម្រង់មួយ ដ៏ជាក់លាក់។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះ «ខ្ញុំព្រះករុណា ខ្ញុំ នៅតែទទូចឲ្យបន្តនូវការកំណែទម្រង់ស៊ីជម្រៅទៅលើបញ្ហាអប់រំនេះ ។ ទោះបីថា មានមនុស្សម្នាក់ ឬក៏មនុស្សខ្លះ ដែលប្រមាថមើលងាយសញ្ញាបត្រក្នុងស្រុក ក៏ដោយចុះ ប៉ុន្តែយើងទាំងអស់គ្នានៅទីនេះ ត្រូវតែដឹងថា យើងប្រែក្លាយពីការឈឺចាប់ ដែលគេប្រមាថសញ្ញាបត្រគ្មានតម្លៃ ឲ្យក្លាយទៅជាអ្នកមានចំណេះដឹងពិតប្រាកដ ហើយ មានចំណេះដឹងខ្ពស់ជាងអ្នកថាហ្នឹងទៅទៀត។ ធ្វើយ៉ាងនេះ ទើបយើងមិនបរាជ័យ ចំពោះមុខការប្រមាថរបស់អ្នកនយោបាយខ្លះ ដែលហ៊ានប្រមាថអ្នកសិក្សាក្នុងស្រុក»។ «ចឹងទេ សូមប្រែក្លាយការឈឺចាប់ ចំពោះមុខនូវការប្រមាថរបស់គេឲ្យទៅជាកម្លាំងសិក្សាមួយ មិនមែនតែមនុស្សម្នាក់ៗទេ តែស្ថាប័នអប់រំ ត្រូវតែមានកំណែទម្រង់ជាក់លាក់ សាលានីមួយៗ គ្រឹះស្ថានអប់រំនីមួយៗ ត្រូវតែមានការប្រឹងប្រែង»។

សម្តេចតេជោ ក៏បានស្នើឲ្យមានការសហការគ្នាជិតស្និទ្ធផងដែរ រវាងក្រសួងអប់រំ អាណាព្យាបាល ជាមួយគ្រឹះស្ថានអប់រំដទៃទៀត ទាំងផ្នែកឯកជន និង គ្រឹះស្ថានអប់រំ ដើម្បីធ្វើឲ្យការអប់រំនៅកម្ពុជាទទួលបាននូវគុណភាពមួយដ៏ច្បាស់លាស់៕