(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ បានដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំតុមូលប្រចាំឆ្នាំរវាងមូនិធិរូបិយវត្ថុអន្តរជាតិ (IMF) ជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាល ធនាគារកណ្តាលអាស៊ាន តាមរយៈប្រព័ន្ធវីដេអូខនហ្វឺរែន (Teleconference) ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់លើលទ្ធផលនៃការសិក្សារបស់ IMF ស្តីពី «ក្របខណ្ឌសមាហរណកម្មគោលនយោបាយ (Integrated Policy Framework)»។

ជាកិច្ចចាប់ផ្តើមថ្លែងទៅកាន់បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន លោកស្រី Kristalina Geogieva ប្រធានមូនិធិរូបិយវត្ថុអន្តរជាតិ បានវាយតម្លៃខ្ពស់ ចំពោះការខិតខំ ប្រឹងប្រែងក៏ដូចលទ្ធផលល្អប្រសើរ របស់ប្រទេសក្នុងសហគមន៍អាស៊ាន ក្នុងកិច្ចការប្រយុទ្ធប្រឆាំងទប់ស្កាត់ការរាតត្បាត ជាសាកលនៃជំងឺកូវីដ-១៩ ខណៈដែលពិភពលោក កំពុងទទួលរងការប៉ះទង្គិច យ៉ាងធ្ងន់ធ្ងរពីសំណាក់ជំងឺដ៏កាចសាហាវមួយនេះ។

លោកស្រីបានគូសបញ្ជាក់ថា ស្ថិតក្នុងបរិការណ៍ ដែលអាទិភាពត្រូវបានផ្តល់លើការគិតគូរ លើការស្តារសេដ្ឋកិច្ចឡើងវិញ កិច្ចប្រជុំនាពេលនេះ គឺជាវេទិកាដ៏សំខាន់មួយ សម្រាប់ចែករំលែក បទពិសោធន៍ និងពិភាក្សារកធាតុចូល ពីសំណាក់ប្រទេសនីមួយៗក្រោម ក្របខណ្ឌសមាហរណកម្មគោលនយោបាយ (Integrated Policy Framework) ដែលត្រូវបានរៀបចំឡើង ក្នុងគោលបំណងបង្កើនការយល់ដឹងឱ្យបានកាន់តែច្បាស់ពីការប្រើប្រាស់ឧបករណ៍គោលនយោបាយ របស់ប្រទេសនីមួយៗ និងផ្តល់ជាវិធីសាស្រ្តក្នុងការវិភាគ ដើម្បីលើកកម្ពស់យន្តការ សម្របសម្រួលរវាង គោលនយោបាយរូបិយវត្ថុ និងគោលនយោបាយសារពើពន្ធ និងដើម្បីជាមូលដ្ឋានសម្រេចចិត្តជ្រើសរើស កញ្ចប់គោលនយោបាយចម្រុះ (Policy Mix) សមស្របមួយ ប្រកបដោយថាមវន្ត ភាពប្រទាក់ក្រឡា ប្រសិទ្ធភាព និងស័ក្តសិទ្ធភាព ក្នុងគោលដៅគ្រប់គ្រងការ ប្រែប្រួលនៃលំហូរមូលធន និងរក្សានូវស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំង ជាពិសេសពន្លឿននូវការងើបឡើងវិញនៃសេដ្ឋកិច្ចជារួមក្រោយឥទ្ធពលនៃជំងឺកូវីដ-១៩ ត្រូវបានថមថយ និងបញ្ចប់ទៅជាស្ថាពរ។

សម្រាប់ប្រទេសកម្ពុជា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែង យ៉ាងសស្រាក់សស្រាំ ក្នុងការគ្រប់គ្រងស្ថានការណ៍ ក្នុងកិច្ចការពារទប់ស្កាត់ ការចម្លង ក្នុងសហគមន៍និងករណីឆ្លង មកពីក្រៅប្រទេស តាមរយៈវិធានការតឹងរឹងនានា។ គិតត្រឹមថ្ងៃទី២២ ខែតុលា ប្រទេសកម្ពុជារកឃើញ ករណីឆ្លងចំនួន២៨៦នាក់ ក្នុងនោះ មាន២៨០នាក់បានជាសះស្បើយ។ ទោះបីជាកញ្ចុំនៃករណីឆ្លងជំងឺកូវីដ-១៩ ត្រូវគ្រប់គ្រងបានយ៉ាងល្អប្រសើរ ក៏ដោយ ការរាតត្បាតជាសកលនេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យដឹកនាំកំណើន របស់កម្ពុជា ក្នុងនោះមាន៖ វិស័យកាត់ដេរ, វិស័យទេសចរ, និងវិស័យសំណង់និងអចលនទ្រព្យ ដោយឡែកនៅសល់តែវិស័យកសិកម្មមួយ ប៉ុណ្ណោះដែលនៅតែជាវិស័យ ដែលមានសក្តានុពល សម្រាប់យកមកទប់ទល់ការប៉ះទង្គិច និងគាំទ្របន្ថែមដើម្បីពង្រឹងសេដ្ឋកិច្ចក្នុងស្រុក។ ជាងនេះទៀត, វិស័យហិរញ្ញវត្ថុក៏កាន់តែរងសម្ពាធធ្ងន់ទៅៗ ហើយកាន់តែផ្សារភ្ជាប់យ៉ាងជិតស្និត ជាមួយជីវភាពប្រជាជនទូទៅ និងវិស័យឯកជន ខណៈដែលវិស័យសារពើពន្ធក៏កំពុង រងនូវបន្ទុកកាន់តែធ្ងន់ដោយសារ ម្ខាងចំណូលជាតិត្រូវរពឹងថានឹងធ្លាក់ចុះ និងដោយសារម្ខាងទៀត តម្រូវការចំណាយក៏កាន់តែកើនឡើង។

ជាវិធានការឆ្លើយតប រាជរដ្ឋាភិបាលកម្ពុជា បានធ្វើវិចារណកម្មថវិកាមិនចាំបាច់ ដោយសន្សំបានថវិកាជាតិ បានប្រមាណ ១ ប៊ីលានដុល្លារ ដើម្បីកៀរគរជាធនធាន សម្រាប់ប្រើប្រាស់លើ ការងារអាទិភាព ក្នុងនោះមានមុខសញ្ញាចំណាយ ជាកញ្ចប់អន្តរាគមន៍ជំងឺកូវីដ-១៩ ដែលមានទំហំទឹកប្រាក់ ១,១៦៤ ប៊ីលានដុល្លារ សម្រាប់ផ្តោតលើ សកម្មភាពការងារក្រោមអភិក្រមមុខ៤ ក្នុងនោះមាន៖ (១) ថវិកាដើម្បីប្រយុទ្ធនឹងការរាតត្បាតជំងឺកូវីដ-១៩ (២) ថវិកាសម្រាប់ដោះស្រាយការប៉ះទង្គិចផែ្នកសេដ្ឋកិច្ច និងសង្គមកិច្ច ដោយផ្តល់ជំនួយសង្គ្រោះ បន្ទាន់ទៅដល់ប្រជាពលរដ្ឋរងគ្រោះ ដើម្បីធានាថា គ្មានពលរដ្ឋណាម្នាក់ដាច់ពោះស្លាប់ (៣) ថវិកាសម្រាប់រក្សាភាពធននៃសេដ្ឋកិច្ចក្នុងស្រុកទល់នឹងវិបត្តិជំងឺកូវីដ-១៩នេះ ហើយត្រៀមព្រួលសេដ្ឋកិច្ច ដើម្បីងើបឡើងវិញក្រោយចប់កូវីដ-១៩ និង (៤) ថវិកាសម្រាប់ធានានិងរក្សាស្ថិរភាពនិងសន្តិសុខនៅក្នុងសង្គម។ផ្អែកលើអភិក្រមខាងលើ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការអន្តរាគមន៍ចំនួន ០៦ ជុំ ដោយគ្របដណ្តប់លើអន្តរវិស័យមានដូចជា៖ (១) វិធានការសារពើពន្ធដូចជា ការលើកទឹកចិត្ត និងការលើកលែងផ្នែកពន្ធ (២) វិធានការហិរញ្ញវត្ថុ មានដូចជាយន្តការ សហហិរញ្ញប្បទាន និងការចែករំលែកហានិភ័យ ការបង្កើតមូនិធិធានាឥណទាន ក៏ដូចជាឧបករណ៍ហិរញ្ញប្បទានដទៃទៀត (៣) វិធានការជំនួយសង្គម មានការផ្ទេរសាច់ប្រាក់ទៅកាន់ជនក្រីក្រ និងក្រុមងាយរងគ្រោះ កម្មវិធីសាច់ប្រាក់ពលកម្ម ក៏ដូចជាផ្តល់ការបណ្តុះ- បណ្តាល និងបណ្តុះបណ្តាលឡើងវិញសម្រាប់អ្នកបាត់បង់ការងារ និង(៤) វិធានការកែទម្រង់រចនាសម្ព័ន្ធ ដែលជាការប្តេជ្ញារយៈពេលវែង មានដូចជា ការបន្តលើកកម្ពស់ការ សម្របសម្រួលពាណិជ្ជកម្ម និងបរិយាកាសវិនិយោគ៕