(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានអញ្ជើញទៅពិនិត្យដោយផ្ទាល់ និងសួរសុខទុក្ខប្រជាពលរដ្ឋ ក៏ដូចជាអាជីវករដែលកំពុងលក់ដូរ ក្នុងផ្សារចំនួន៣ នៅស្រុកបាកាន រួមមានផ្សារត្រពាំងជង ផ្សារបឹងខ្នា និងផ្សារតាលោ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានត្រួតពិនិត្យការអនុវត្តយន្តការ ដែលបានដាក់ចេញកន្លងមក ដើម្បីលើកកម្ពស់ការថែទាំង អនាម័យ-បរិស្ថាន ការរក្សាសន្តិសុខ សុវត្ថិភាព ជូនបងប្អូនអាជីករដែលកំពុងលក់ដូរក្នុងផ្សារ ជាពិសេសការសម្រួល និងលើកស្ទួយ ជីវភាព របស់ប្រជាពលរដ្ឋ សំដៅរួមចំណែកអនុវត្តគោលនយោ បាយកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំ ដ៍ត្រឹមត្រូវ និងប៉ិនប្រសព្វរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

កន្លងមក លោកអភិបាលខេត្តតែងតែចុះជាប់ជាប្រចាំនៅគ្រប់ផ្សារទាំង១១ ក្នុងខេត្តពោធិ៍សាត់ ដើម្បីក្តាប់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ក៏ដូចជា អាជីវករលក់ដូរក្នុងផ្សារទាំងអស់។
លោកអភិបាលខេត្តបានចេញដាក់នូវយន្តការដើម្បីឲ្យអ្នកដែលម៉ៅភាស៊ីទាំងអស់អនុវត្តតាម ដោយមិនត្រូវយកភាស៊ីលើសការកំណត់ ដែលមានចែងនៅក្នុងសៀវភៅបន្ទុក ជាពិសេសមិនត្រូវយកភាស៊ីពី លោកតា លោកយាយ ដែលមានអាយុចាប់ពីឆ្នាំ៦០ឡើងព្រមទាំង ក្មួយតូចៗ ដែលលក់បន្លែបង្កា ត្រីស្រែ លាស ខ្ចៅខ្យងនោះទេ។

លោកអភិបាលខេត្ត ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់វិធានការ និងរម្លឹកដល់កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ក្នុងការការពារសន្តិសុខ សុវត្ថិភាព ជូនអាជីវករនៅក្នុងផ្សារ ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្ត មិនត្រូវទុកឲ្យពួកគាត់រស់នៅ ក្នុងភាពរងារ និងភ័យខ្លាច ដូចពាក្យចាស់ពោលថា «គោបាត់ ទើបធ្វើរបង» នោះឡើយ។ លោកអភិបាលខេត្តបានប្រាប់អោយអាជីវករទូរសព្ទប្រាប់លោកជាបន្ទាន់ក្នុងករណី ដែលមានភាពមិនប្រក្រតីកើតមានឡើង នៅក្នុងផ្សារ។  ជាលទ្ធផល ទាំងប្រជាពលរដ្ឋ និងអាជីវករលក់ដូរក្នុងផ្សារទាំង៣ ក្នុងស្រុកបាកាន បានបង្ហាញពីការ ពេញចិត្ត និងគាំទ្រយន្តការរបស់លោកអភិបាលខេត្តដែលបានដាក់ចេញ ទាំងការងារប្រមូលភាស៊ីក៏ មិនមានភាពមិនប្រក្រតីនិងការងារសន្តិសុខ កក៏មានភាពល្អប្រសើរផងដែរ ធ្វើឲ្យពួកគាត់មានទឹកចិត្ត និងទំនុកចិត្តក្នុងការប្រកបអាជីវកម្មលក់ដូរនៅក្នុងផ្សារ។

លោកអភិបាលខេត្តបានជូនថវិកាដល់លោកយាយចាស់ៗ ដែលបានយកផលិតផល​និងបន្លែបង្កាបន្តិបន្តួចមកលក់ដូរ​ក្នុងផ្សារចំនួន ​៤០នាក់ និងបានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋដែលគោរពច្បាប់ចរាចរណ៍បានល្អចំនួន០៥ នាក់ ក្នុងម្នាក់ៗទទួល​បានប្រេងសាំង ចំនួន ០៥ លីត្រ៕