(ព្យុងយ៉ាង)៖ កូរ៉េខាងជើង នៅថ្ងៃសុក្រនេះបាននិយាយថា ខ្លួនមិនដែលគំរាមវាយប្រហារកូរ៉េខាង​ត្បូង ដោយប្រើប្រាស់អាវុធ នុយក្លេអ៊ែរឡើយ ព្រមទាំងបានបញ្ជាក់ថា អាវុធនុយក្លេអ៊ែរ ដែលខ្លួនមាន​គឺដើម្បីការពារប្រឆាំងនឹង​សហរដ្ឋអាមេរិក នេះបើយោងតាម ការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​​យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃទី០៥ ខែកុម្ភៈ។

កូរ៉េខាងជើង បានអំពាវនាវឲ្យសហរដ្ឋអាមេរិក បោះបង់គោលនយោបាយយកកូរ៉េខាងត្បូងធ្វើជា ​​ឈ្នាន់ដើម្បីវាយប្រហារ កូរ៉េខាងជើង និងដើម្បីបង្កភាពចលាចលនៅក្នុងឧបកទ្វីបកូរ៉េ។ មួយវិញទៀត ការសាកល្បងអាវុធនុយក្លេអ៊ែរកន្លងមកគឺវាគឺជារបបគំហើញ និងការការពារខ្លួនប៉ុណ្ណោះ ព្រោះ​​រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ព្យាយាមវាយប្រហារខ្លួនដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរ។

អ្នកនាំពាក្យរបស់កូរ៉េខាងជើង បាននិយាយថា «វាគ្មានហេតុផលអ្វីដែលយើង (កូរ៉េខាងជើង) ត្រូវទម្លាក់គ្រាប់បែកទៅកាន់មនុស្សដែល រស់នៅកូរ៉េខាងត្បូងនោះទេ។ កម្មវិធីអាវុធនុយក្លេអ៊ែរ ដែល​កូរ៉េខាងជើងមានគឺដើម្បីការពារខ្លួន ពីសំណាក់ក្រុមបច្ចាមិត្តដែលមាន អាមេរិក​ជាមេដឹកនាំប៉ុណ្ណោះ ជាពិសេសគឺដើម្បីការសន្ដិសុខ សុវត្ថិភាព និងស្ថិរភាពនៅក្នុងឧ​ប​ទ្វីកូរ៉េ»។

គួរបញ្ជាក់ផងដែរថា កូរ៉េខាងជើង បានបំផ្ទុះសាកល្បងគ្រាប់បែកអ៊ីដ្រូសែន កាលពីថ្ងៃទី០៦ ខែមករា និងបានបញ្ជាក់ប្រាប់អង្គការ សហប្រជាជាតិថា ខ្លួននឹងធ្វើការបាញ់បង្ហោះផ្ដាយរណបមួយនៅចន្លោះ​ថ្ងៃទី ០៨-២៥ ខែកុម្ភ៕