(ភ្នំពេញ)៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងភារវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដឹកនាំបញ្ជផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី ជាប្រធាននាយកដ្ឋាន សហការជាមួយលោក អ៊ូ បូរ៉ាត់ អគ្គាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រោមការសម្របសម្រួលរបស់លោក សៀង សុខ ព្រះរាជអាជ្ញារង នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានបើកប្រតិបត្តិការចុះទៅឆែកឆេរលំនៅដ្ឋានលេខ១៥ ផ្លូវសំរោងអណ្តែត និងផ្ទះលេខ២៧ ផ្លូវលេខ១ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជាទីកន្លែងដែលជនជាតិកូរ៉េខាងត្បូងមួយក្រុមសម្ងំលាក់ខ្លួនធ្វើសកម្មភាពចាប់ជំរិតទារប្រាក់តាមប្រព័ន្ធ Internet។

លោកឧត្តមសេនីយ៍ អ៊ី សុខឃី បានប្រាប់អង្គភាព Fresh News ថា នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងនគរបាលរបស់លោក បានឃាត់ខ្លូនជនជាតិកូរ៉េខាងត្បូង២៣នាក់ ព្រមទាំងដកហូតសម្ភារ និងវត្ថុតាងជាComputer ជាង២០គ្រឿងផងដែរ ដែលក្រុមជនល្មើសរៀបចំធ្វើសកម្មភាពនាពេលកន្លងមក។

ក្រោយចាប់ខ្លួនជនជាតិកូរ៉េខាងត្បូងទាំងនេះ ត្រូវបានបញ្ជូនភ្លាមៗ ទៅកាន់នាយកដ្ឋានប្រឆាំងភារវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដើម្បីបន្តការសួរនាំ ចាត់ការតាមផ្លូវច្បាប់៕