(ព្រះសីហនុ)៖ នគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានបញ្ជូនចោរលួចម៉ូតូ ២នាក់ មកកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

បើតាមឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២០ ខែតុលានេះថា ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន នាថ្ងៃទី១៩ ខែតុលា វេលាម៉ោង១៧៖០០នាទី នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ទោ បានឱ្យដឹងថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ កន្លងទៅ វេលាម៉ោង២០៖៣០នាទី មានករណីចោរលួចម៉ូតូទុកនៅកន្លែងធ្វើការ ស្ថិតនៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។

ក្រោយស្រាវជ្រាវ កម្លាំងជំនាញបានស្រាវជ្រាវឃាត់រហូតខ្លួនជនសង្ស័យចំនួន ២នាក់ មានឈ្មោះទី១៖ ឈ្មោះ ឆេង លាក់ ហៅ ម៉ាប់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ និងទី២៖ ឈ្មោះ ទ្រី លេត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡាន មានទីលំនៅភូមិរាម ស្រុកព្រៃនប់។

ចំណែកជនរងគ្រោះមានឈ្មោះ ពឹង ឆាយហេង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក មានទីលំនៅភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

វត្ថុតាងចាប់យករួមមាន៖ ម៉ូតូ១គ្រឿងម៉ាក អ៊ឹមស្លាស ពណ៌ខ្មៅ គ្មានស្លាកលេខ (ផលនៃអំពើលួច), ម៉ូតូ១គ្រឿងម៉ាក ស៊ុយសូគីនិច ពណ៌ស-លឿង ពាក់ស្លាកលេខភ្នំពេញ 2AC-5922 (ផលនៃអំពើលួច)៕