(សៀមរាប)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ បានជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់ប្រជាជនចំនួន ២០០ គ្រួសារ ដែលអ្នកទទួលផលពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និង ងាយរងគ្រោះ អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ និង បងប្អូនរងគ្រោះ ដោយទឹកជំនន់ នៅក្នុងសាលាបឋមសិក្សា រើល ស្ថិតនៅក្នុងភូមិ ត្រពាំងស្វាយ ឃុំរើល ស្រុក ពួក ខេត្តសៀមរាប អំណោយទាំងនេះ មានដូចជា អង្ករ មី ទឹកត្រី ទឹកស៊ិអ៊ីវ មុង ភួយ និង ថវិកា ជាដើម។

លោករដ្ឋមន្ត្រី ក៏តែងតែបានចុះសួរសុខទុក្ខ ពិនិត្យមើលស្ថានភាពជីវភាពរបស់អ្នកទទួលផលពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ និង អ្នករងគ្រោះដោយទឹកជំនន់ខ្លះទៀត ដល់ផ្ទះ នៅតាមភូមិមួយចំនួន ហើយក៏បានទៅពិនិត្យមើលដំណើរការ បើកប្រាក់ ជូនបងប្អូនអ្នកទទួលផលដោយផ្ទាល់ផងដែរ ។

អំឡុងពេលជួបសំណេះសំណាល លោក រដ្ឋមន្ត្រី តែងតែបានផ្តាំផ្ញើក្រើនរំឭកដល់បងប្អូនប្រជាជនទាំងនោះឱ្យយកចិត្តទុកដាក់កុំធ្វេសប្រហែស ថែរក្សាសុខភាព និង សុវត្ថិភាពផ្ទាល់ខ្លួន ក៏ដូចជាសុខភាព និង សុវត្ថិភាពគ្រួសារនៅអំឡុងពេលទឹកជំនន់នេះឱ្យបានល្អ ហើយក៏មិនត្រូវភ្លេចជំងឺកូវីដ ១៩ ដែរ ព្រោះថា បើទោះបីជាកម្ពុជា កំពុងប្រឈមនឹងទឹកជំនន់ក្តីក៏កម្ពុជា មិនទាន់មានសុវត្ថិភាពទាំងស្រុងពីជំងឺកូវីដ ១៩ នៅឡើយទេ ។

លោករដ្ឋមន្ត្រី វង សូត ក៏តែងតែបានផ្តាំផ្ញើដល់អ្នកទទួលផលពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ទាំងអស់ ឱ្យប្រើប្រាស់ថវិកា ដែលរាជរដ្ឋាភិបាល កម្ពុជាបើកផ្តល់ជូន តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និង ងាយរងគ្រោះ អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ នោះឱ្យបានត្រឹមត្រូវ ឱ្យបានជាប្រយោជន៍ដល់គ្រួសារ ចៀសវាងការប្រើប្រាស់មិនបានត្រឹមត្រូវ ដូចជាយកទៅចំណាយលើគ្រឿងស្រវឹង និង ល្បែងស៊ីសងជាដើម ហើយការផ្តាំផ្ញើបែបនេះ មិនមែនជាលើកទី១ ទេ គឺគេបានឮលោករដ្ឋមន្ត្រី វង សូត ថ្លែងផ្តាំផ្ញើបែបនេះជាបន្តបន្ទាប់មកហើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២០ លោក វង សូត បានជួបសំណេះសំណាល សួរសុខទុក្ខ ចែកអំណោយ ដល់បងប្អូនប្រជាជន អ្នកទទួលផលកម្មវិធីឧបត្ថម្ភសាច់ប្រាក់ខាងលើនេះ និង អ្នករងគ្រោះដោយទឹកជំនន់ចំនួន ៣០០ គ្រួសារនៅឃុំ ជ្រោយស្តៅ ស្រុក ថ្មគោល ខេត្ត បាតដំបង។ នៅរសៀលថ្ងៃទី១៩ ខែតុលាដដែល លោក រដ្ឋមន្ត្រី វង សូត ក៏បានចុះជួបសួរសុខទុក្ខ និង ចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋចំនួន ៣០០ គ្រួសាផ្សេងរទៀតនៅខេត្ត បន្ទាយមានជ័យ ដែលពិធីនោះ ធ្វើនៅក្នុងវត្តទឹកថ្លា ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

គិតរយៈពេល២ថ្ងៃមក ពោលគឺនាថ្ងៃទី១៩ និងទី២០ ខែតុលា ឆ្នាំ២០២០ លោករដ្ឋមន្ត្រី វង សូត បានជួបសំណេះសំណាល, សួរសុខទុក្ខប្រជាជន ដែលជាអ្នកទទួលផលពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ និងប្រជាជនរងគ្រោះដោយទឹកជំនន់ សរុប ៨០០គ្រួសារ ដែលរស់នៅក្នុងខេត្តចំនួន ៣ គឺខេត្ត បាត់ដំបងប ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ហើយអំណោយទាំងនោះសរុបជាទឹកប្រាក់ប្រមាណជាជាង៣ម៉ឺនដុល្លារអាមេរិក៕