(កូរ៉េខាងត្បូង)៖ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារមួយចំនួនជាមួយ លោកនាយករដ្ឋមន្ត្រីកូរ៉េ Chung Sye-kyun។

ស្ថានទូតខ្មែរនៅកូរ៉េខាងត្បូង បានឲ្យដឹងថា ជំនួបនេះបានផ្ដោតសំខាន់ទៅលើការលើកកំពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសយើងទាំងពីរ ជាពិសេសក្នុងដំណាក់កាល ដ៏លំបាកនៃជំងឺរាតត្បាតកូវីដ១៩។

បន្ថែមពីនេះកិច្ចការងារសហប្រតិបត្តិការលើវិស័យកសិកម្ម ក៏ត្រូវបានលោកនាយករដ្ឋមន្ត្រីជំរុញឲ្យមានកិច្ចសហការគ្នាល្អរវាង NongHyup (NH) និងភាគីកម្ពុជា ដើម្បីប្រែក្លាយវិបត្តិពិភពលោក កូវីដ១៩ នេះទៅជាឱកាសក្នុងការផ្គត់ផ្គង់ឧស្សាហកម្មចំណីអាហារ។

លោកនាយករដ្ឋមន្ត្រី មានកិត្តិយសដោយបានទទួលអាហារថ្ងៃត្រង់ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី កាលពីដើមខែកុម្ភៈ កន្លងមកនេះ ដោយសម្ដេចតេជោគឺជាភ្ញៀវបរទេសទី១ ពេលដែលគាត់ទើបទទួលតំណែងជានាយករដ្ឋមន្ត្រី។

លោកនាយករដ្ឋមន្ត្រីមានអនុស្សាវរីយ៍ល្អជាមួយប្រទេសកម្ពុជា ដែលកាលពីឆ្នាំ២០១៣ លោកបានចូលរួមជាអ្នកសង្កេតការណ៍បោះឆ្នោតនាពេលនោះ ហើយបានកោតសរសើរដល់ការអនុវត្ត នូវដំណើរការប្រជាធិបតេយ្យនៅប្រទេសកម្ពុជាជាទៀតទាត់៕