(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ សម្តេចព្រះពោធិ៍វង្ស អំ លីមហេង ព្រះសង្ឃនាយករងទី១ នៃកម្ពុជា និងជាព្រះចៅអធិការវត្តមុនីសុវណ្ណ ហៅចំពុះក្អែក អមព្រះដំណើរដោយសម្តេចព្រះធម្មលិខិត សៅរ៍ ចន្ទថុល្ល, សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន, ព្រះញាណវង្ស សៅរ៍ មុនី, ព្រះរាជាគណៈ និងលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ លោកចៅសង្កាត់ មេភូមិ បាននិមន្ត និងអញ្ជើញបន្តចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន៥៦គ្រួសារ ស្ថិតនៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

អំណោយសម្តេចព្រះពោធិ៍វង្ស អំ លីមហេង នាំយកទៅចែកជូនប្រជាពលរដ្ឋទាំង៥៦គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូ, មី១កេស, ត្រីខ១ឡូ, ទឹកដោះគោ ២កំប៉ុង, ស្ករស១គីឡូ និងថវិកាចំនួន២៨០,០០០រៀល។

ដោយក្នុងនោះសម្តេចព្រះពោធិ៍វង្ស អំ លីមហេង បានបរិច្ចាគបច្ច័យផ្ទាល់ព្រះអង្គចំនួន១០ម៉ឺនរៀល, សម្តេចព្រះធម្មលិខិត សៅរ៍ ចន្ទថុល្ល ចំនួន៥ម៉ឺនរៀល, សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ចំនួន៥ម៉ឺនរៀល និងព្រះរាជាគណៈមួយចំនួនទៀតផងដែរ៕