(កំពង់ឆ្នាំង)៖ បុរសជាពលករម្នាក់បានទៅបំរើការនៅប្រទេសជប៉ុន ហើយបានបាត់ដំណឹងអស់រយៈពេលជាង ៣ខែមកហើយ មិនបានទំនាក់ទំនងមកក្រុមគ្រួសារ ធ្វើឲ្យឪពុកម្ដាយប្រពន្ធកូន មានការបារម្ភអំពីសុខទុក្ខដោយមិនដឹងថារូបគេ បានសុខឬទុក្ខយ៉ាងណានោះទេ។ នេះបើតាមការអះអាងរបស់ក្រុមគ្រួសារនៅឯស្រុកខ្មែរ។

ស្ត្រី ទ្រួយ ស្រីពៅ អាយុ២៩ឆ្នាំ ដែលត្រូវជាប្រពន្ធបានរៀបរាប់ប្រាប់អង្គភាពព័ត៌មាន Fresh News កាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ថា បច្ចុប្បន្ននាងមានទីលំនៅក្នុងភូមិស្វាយគយ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង និងមានកូន៣នាក់នៅក្នុងបន្ទុក ដែលកូនរបស់នាងទាំងបីនាក់។ ពួកគេទើបតែមានអាយុពី ២ឆ្នាំ ទៅ៨ឆ្នាំតែប៉ុណ្ណោះ។ រីឯប្ដីរបស់នាងឈ្មោះ យុង ពែក អាយុ៣១ឆ្នាំ បានទៅធ្វើ ការនៅប្រទេសជប៉ុន ដោយបានចេញទៅកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ តាមរយៈក្រុមហ៊ុនមួយមានឈ្មោះថា ក្រុមហ៊ុន អេស៊ាន យូមេន សឹបផត (ខេមបូឌា) (ASIAN HUMAN SUPPORT (CAMBODIA) Co.,Ltd) ក្រុមហ៊ុននេះមានទីតាំងនៅទីក្រុងភ្នំពេញ។

នាងបានឲ្យដឹងទៀតថា នៅពេលដែលប្ដីរបស់នាងបានទៅដល់ប្រទេសជប៉ុន បានរយៈពេលជាង៣ខែដំបូង ប្ដីនាងក៏បានផ្ញើប្រាក់មកឲ្យនាង និងឪពុកម្ដាយនៅឯស្រុកខ្មែរបានចំនួនពីរដង សរុបជាទឹកប្រាក់បានជាង ១ពាន់ដុល្លារ សម្រាប់ឲ្យនាងសងបំណុលគេ និងបង់ការប្រាក់ឲ្យអង្គការកម្ចីឥណទាន ដែលនាងបានខ្ចីសម្រាប់ឱ្យប្ដីនាងស្នាក់នៅរៀនបំប៉ន និងហូបចុកផ្សេងៗ នៅកន្លែងក្រុមហ៊ុន រួមនិងថ្លៃការចេញដំណើរទៅប្រទេសជប៉ុន ដែលខាងក្រុមហ៊ុនតម្រូវឲ្យបង់ចំនួន ៥៥០០ដុល្លារផងនោះ។

នាងថា មុនពេលដែលប្ដីនាងបានចេញទៅធ្វើការនៅប្រទេសជប៉ុននេះ ក្រុមគ្រួសារនាងត្រូវចំណាយប្រាក់អស់ជាច្រើន សម្រាប់ការហូបចុកស្នាក់នៅរៀនសូត្រ និងចំណាយផ្សេងៗនៅកន្លែងក្រុមហ៊ុន ព្រោះការស្នាក់នៅ រៀនសូត្រកន្លែងក្រុមហ៊ុនខាងលើនេះ រហូតទៅដល់២វគ្គ ដែលមានរយៈពេលជិត២ឆ្នាំឯណោះ មុនពេលធ្លាក់ឈ្មោះបានទៅធ្វើការនៅប្រទេសជប៉ុន ដោយលើកទី១ ត្រូវស្នាក់ នៅរៀនបំប៉នកន្លែងក្រុមហ៊ុនអស់រយៈពេលជិត៨ខែ ហើយមិនមានឈ្មោះចេញទៅធ្វើការនៅប្រទេសជប៉ុន ខាងក្រុមហ៊ុនក៏ឱ្យប្ដីរបស់នាងត្រឡប់មកផ្ទះវិញ។

លុះប្តីនាងមកស្នាក់នៅផ្ទះបានប្រមាណជា៥ខែ ខាងក្រុមហ៊ុនក៏បានទូរស័ព្ទមកប្រាប់ក្រុមគ្រួសារនាងថា ឱ្យប្ដីនាងឡើងមកធ្វើការសម្ភាសន៍ ព្រោះនៅប្រទេសជប៉ុនកំពុងត្រូវ ការកម្មករសំណង់ ជាបន្ទាន់ ខណៈនោះនាង និងក្រុមគ្រួសារ ក៏បានប្រញាប់ប្រញាល់នាំប្តីទៅកន្លែងក្រុមហ៊ុននៅឯភ្នំពេញ ព្រោះនឹកស្មានថា បានចេញទៅធ្វើការនៅប្រទេសជប៉ុនភ្លាមៗ តែពេលទៅដល់ ខាងក្រុមហ៊ុន មិនបានធ្វើការសម្ភាសន៍ និងឲ្យចេញទៅភ្លាមៗ ដូចដែលក្រុមហ៊ុនបានទូរស័ព្ទប្រាប់នោះទេ ដោយខាងក្រុមហ៊ុនតម្រូវឱ្យប្ដីរបស់នាងស្នាក់នៅរៀនជាបន្តទៀតសិន។

ដោយជ្រុលនិងលង់ខ្ចីលុយអង្គការអស់ជាច្រើនហើយនោះ នាង និងក្រុមគ្រួសារមិនអាចរកប្រាក់មកសងអង្គការវិញបាន ក៏បានសម្រេចចិត្តឲ្យប្ដីរបស់នាងនៅស្នាក់រៀនកន្លែងក្រុម ហ៊ុននេះជាបន្ត ទៀត។ រៀនលើកទី២នេះ ប្ដីនាងត្រូវស្នាក់នៅរៀនអស់រយៈពេល៧ខែទៀត ទើបធ្លាក់ឈ្មោះបានចេញទៅធ្វើការនៅប្រទេសជប៉ុន។

នាងបានបន្តឲ្យដឹងទៀតថា មុនពេលដែលប្ដីនាងបាត់ដំណឹង គឺប្ដីរបស់នាងបានទូរស័ព្ទមកនាង ដោយប្រាប់ថា នៅកន្លែងធ្វើការសំណង់ ត្រូវបានថៅកែវាយដំរាល់ ថ្ងៃ ពេលនោះនាងក៏បាននិយាយអង្វរប្ដីសុំឱ្យប្ដីនាងបន្តធ្វើការជាបន្តទៀតសិន ចាំនាងទៅកន្លែងក្រុមហ៊ុននៅភ្នំពេញ ដើម្បីផ្ដល់ព័ត៌មានពីបញ្ហាដែលគេធ្វើបាបប្ដី ទៅឲ្យក្រុមហ៊ុនបានជ្រាប ក្រែងក្រុមហ៊ុនជួយរកកន្លែងការងារផ្សេងឲ្យធ្វើ។

នាងថា ពេលប្ដីរបស់នាងទូរស័ព្ទមកនាងពីល្ងាច លុះព្រឹកឡើងក៏ស្រាប់តែ ខាងក្រុមហ៊ុនបានទូរស័ព្ទមកក្រុមគ្រួសាររបស់នាង ដោយបានប្រាប់ថាឈ្មោះ យុង ពែក នៅប្រទេសជប៉ុន បានរត់គេចចេញ ពីកន្លែងធ្វើការហើយ ពេលនោះក្រុមហ៊ុនបានឲ្យក្រុមគ្រួសារនាង និងនាងឲ្យជួយទំនាក់ទំនងរកប្ដីរបស់នាងផង ថាតើគេរត់ទៅនៅកន្លែងណា?។

គ្រាន់តែបានទទួលដំណឹងនេះ នាង និងក្រុមគ្រួសារ មានការបារម្ភពីប្តីពិសេសគឺក្រុមគ្រួសាររបស់នាងបារម្ភ និងមិនដឹងទៅរកប្ដីរបស់នាងនៅកន្លែងណា ព្រោះក្រុមហ៊ុនបានឲ្យគ្រួសារនាង ជួយស្រាវជ្រាវរក នាងនិងក្រុមគ្រួសារ មិនដឹងថាតើទៅរកប្ដី ដោយរបៀបណាព្រោះនាងនៅឯស្រុកខ្មែរឯណេះ។

នាងបន្តថា រយៈពេលដែលក្រុមហ៊ុន បានទូរស័ព្ទមកគ្រួសារនាងឱ្យស្រាវជ្រាវរកប្ដីនាង បានប្រមាណជាកន្លះខែក្រោយមក ក៏ស្រាប់តែត្រូវបានសមត្ថកិច្ចនគរបាលស្រុកបរិបូណ៌ បានហៅរូបនាង ឪពុកក្មេករបស់នាង និងបងថ្លៃ ទៅកន្លែងអធិការដ្ឋាននគរបាលស្រុកបរិបូណ៌។ ពេលទៅដល់សមត្ថកិច្ចក៏ បានអានពាក្យបណ្ដឹងរបស់ក្រុមហ៊ុន ពាក់ព័ន្ធនឹងបញ្ហាដែលនាង ឪពុកនាង និងបងថ្លៃរបស់នាង បានធ្វើកិច្ចសន្យាជាមួយនឹងក្រុមហ៊ុន មុនពេលដែលប្ដីរបស់នាង បានចេញទៅធ្វើការនៅប្រទេសជប៉ុន។ នៅក្នុងលិខិតដែលសមត្ថកិច្ចអានឱ្យក្រុមគ្រួសារនាងស្ដាប់នោះដែរ គឺខាងក្រុមហ៊ុនតម្រូវឱ្យគ្រួសារនាងបង់ ប្រាក់ឲ្យក្រុមហ៊ុនចំនួន១៥,០០០ដុល្លារ។

បន្ទាប់ពីបានស្ដាប់នូវខ្លឹមសារ ដែលសមត្ថកិច្ចបានអានឱ្យស្ដាប់រួចមក ទាំងរូបនាង និងគ្រួសាររបស់នាង មានតែលើកម្រាមដៃ១០ អង្វរទៅដល់ក្រុមហ៊ុនដោយសុំឲ្យក្រុមហ៊ុនយោគយល់ និងជួយរកប្តីរបស់នាងឲ្យឃើញសិន ព្រោះពេលនេះនាង និងក្រុមគ្រួសារ មិនមានប្រាក់បង់ឲ្យក្រុមហ៊ុននោះទេ ព្រោះនាងនៅជំពាក់អង្គការជាង១ម៉ឺនដុល្លារ ដោយនាងត្រូវរកប្រាក់បង់ការរាល់ខែ ក្នុងមួយខែត្រូវបង់៣០០ដុល្លារ។

តាំងពីបាត់ដំណឹងប្ដីមក ដោយមិនមានប្រាក់បង់ឲ្យអង្គការ នាងក៏បានទៅស៊ីឈ្នួលឲ្យគេនៅក្រុងភ្នំពេញ ដោយទុកកូនពីរនាក់ផ្ញើនឹងម្ដាយឪពុកចាស់ៗនៅផ្ទះ ហើយនាងបានយកកូនតូចមួយ ទៅធ្វើការជាមួយ ដោយកម្រៃក្នុងមួយខែ១៥០ដុល្លារ សម្រាប់យកមកបង់ឱ្យ អង្គការមិនគ្រប់ទេ តែបានអង្គការយោគយល់ និងបានឲ្យនាងបង់តែការក្នុងមួយខែ១៥០ដុល្លារ ដូច្នេះប្រាក់ខែដែលនាងរកបានក្នុងមួយខែ១៥០ដុល្លារ គឺនាងមិនបានសល់ទុកផ្ញើរឱ្យកូននោះទេ ដោយសន្សំបានបន្តិចបន្តួចដែលថៅកែ គេឱ្យនាងមួយថ្ងៃ២ពាន់រៀល ទៅ៣ពាន់រៀល ដើម្បីសន្សំសម្រាប់ផ្ញើរមកឲ្យកូនរៀនតែប៉ុណ្ណោះ ហេតុនេះនាង និងឪពុកម្ដាយដែលមានវ័យចាស់ៗណាស់ទៅហើយនោះ រកប្រាក់ឯណាទៅបង់ឲ្យក្រុមហ៊ុនរហូតដល់១៥,០០០ដុល្លារនោះ។

បន្ទាប់ពីសមត្ថកិច្ចនគរបាលស្រុកបរិបូណ៌ បានហៅក្រុមគ្រួសារនាងទៅសួរនាំ រំលងជាង១ខែ ក្រោយមកទៀត ក្រុមគ្រួសារនាងបានទទួលដីកាពីតុលាការខេត្តកំពង់ឆ្នាំង ដែលបានកោះហៅនាង ឪពុកក្មេករបស់នាង និងបងថ្លៃឲ្យទៅឆ្លើយបំភ្លឺនៅតុលាការ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ ដើម្បីចូលរួមនីតិវិធីត្រៀមទាញហេតុផលពាក់ព័ន្ធនឹងបណ្ដឹងរបស់ក្រុមហ៊ុន ដែលបានប្ដឹងទាមទារសំណងពីក្រុមគ្រួសារនាងចំនួន៥,០០០ដុល្លារ។

នាងថាបើទោះជាក្រុមហ៊ុនបានបន្ធូរបន្ថយឲ្យក្រុមគ្រួសាររបស់នាងបង់ប្រាក់ទៅឲ្យក្រុមហ៊ុន មកនៅត្រឹមតែ៥ពាន់ដុល្លារក៏ដោយ ទាំងនាង និងកូនៗ រួមទាំងតាយាយចាស់ៗដែលជាឪពុកក្មេក ម្ដាយក្មេក រួបទាំងបងថ្លៃផង បានលើកដៃសំពះ សុំអង្វរដល់ក្រុមហ៊ុនសុំលោកមេត្តាអធ្យាស្រ័យ និងយោគយល់ដល់គ្រួសារនាងផង តើឲ្យនាងទៅពឹងអ្វីបើប្ដីរបស់នាងបាត់ដំណឹង មិនដែលទំនាក់ទំនងមកនាង និងក្រុមគ្រួសារផងនោះ ដូច្នេះនាង និងក្រុមគ្រួសារ មិនមានលទ្ធភាពរកប្រាក់មកបង់ឲ្យក្រុមហ៊ុននោះទេ ព្រោះបច្ចុប្បន្ននេះនាងក៏នៅជំពាក់អ្នកជិតខាង និងអង្គការជាង ១ម៉ឺនដុល្លារឯណោះ ដោយធ្វើការបានប្រាក់បន្តិចបន្តួច សម្រាប់បង់ឲ្យតែអង្គការមិនគ្រប់ផង ហេតុនេះនាងសុំឲ្យក្រុមហ៊ុន មេត្តាសណ្ដុសប្រណី និងអនុគ្រោះដល់ក្រុមគ្រួសារនាង និងសុំជួយរកប្តីរបស់នាងឲ្យឃើញសិនចុះ។

ក្នុងពាក្យបណ្ដឹងរបស់ក្រុមហ៊ុនខាងលើនេះ គឺក្រុមហ៊ុនបានប្ដឹង៖

*ទី១៖ សុំឲ្យសហកូនបំណុលសងប្រាក់ចំនួន ៥,០០ដុល្លារ ឲ្យមកក្រុមហ៊ុន អេស៊ាន យូមេន សឹបផត (ខេមបូឌា) ។
*ទី២៖ សុំឱ្យសហកូនបំណុលផ្ដល់សំណងជំងឺចិត្ត និងខាតពេលវេលាចំនួន៣,៥០០ដុល្លារ។
*ទី៣៖ សុំឲ្យតុលាការចេញសាលក្រមដែលមានអនុភាព អនុវត្តជាបណ្ដោះអាសន្ន។
*ទី៤៖ ប្រាក់ពន្ធលើកម្មវត្ថុបណ្ដឹង និងប្រាក់ប្រដាប់ក្តី ជាបន្ទុករបស់សហចុងចម្លើយ។

ជុំវិញករណីខាងលើនេះ តំណាងក្រុមហ៊ុន អេស៊ាន យូមែន សឹបផត (ខេមបូឌា) បានឆ្លើយបំភ្លឺប្រាប់អង្គភាពព័ត៌មាន Fresh News តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២០ថា លោកជាតំណាងឲ្យក្រុមហ៊ុននាំពលករទៅប្រទេសជប៉ុន ដោយឡែកករណីឈ្មោះ យុង ពែក ដែលជាពលករទៅបម្រើការនៅប្រទេសជប៉ុន តាមរយៈក្រុមហ៊ុនរបស់លោកនេះ គឺឈ្មោះនេះបានរត់ចេញពីកន្លែងការងារ ដោយមិនបានជូនដំណឹងមកក្រុមហ៊ុននោះទេ។

ក្រុមហ៊ុនរបស់លោកនៅពេលដែលបញ្ជូនពលករទៅបម្រើការនៅប្រទេសជប៉ុន មុននឹងទៅក្រុមហ៊ុនរបស់លោកបានធ្វើការណែនាំ និងអប់រំពាក់ព័ន្ធនឹងច្បាប់ការងារ ក៏ដូចជាការរស់នៅធ្វើការ នៅទីនោះផងដែរ។ ជាពិសេសខាងក្រសួងការងារ ក៏ជួយធ្វើការអប់រំណែនាំបន្ថែមទៀតពាក់ព័ន្ធទៅនឹងពលករដែលជួបនូវបញ្ហាផ្សេងៗ ព្រោះទីនោះ គឺមានទាំងសហជីពមានទាំងទីប្រឹក្សាពលករ ជប៉ុន ហើយនិងមានស្ថានទូត សម្រាប់ឲ្យពលករធ្វើការទំនាក់ទំនងផងដែរ ប្រសិនបើពលករជួបបញ្ហាផ្សេងៗ។

ម្យ៉ាងទៀត នៅពេលដែលពលករទៅដល់ប្រទេសជប៉ុន ខាងសហជីពនៅជប៉ុន បានអញ្ជើញទីប្រឹក្សាភ្នាក់ងារពលករជប៉ុនដែលជារបស់រដ្ឋ នៅប្រទេសជប៉ុន ដើម្បីចុះមកបណ្ដុះបណ្ដាល ពួកគាត់រយៈពេលមួយខែដើម្បីឲ្យចេះធ្វើការទំនាក់ទំនងបើសិនមានបញ្ហាអ្វី ឬក៏កើតទុក្ខមិនសុខចិត្តពួកគាត់អាចប្ដឹងទៅក្រសួង ឬស្ថានទូត នៅទីនោះបានផងដែរ។

ប៉ុន្តែចំពោះឈ្មោះ យុង ពែក នេះ គឺរត់ចោលពីកន្លែងការងារ ដោយមិនបានជូនដំណឹងមកក្រុមហ៊ុន ឬក៏ក្រុមប្រឹក្សាសហជីពណានៅប្រទេសជប៉ុនបានដឹងនៅឡើយ ហើយឈ្មោះនេះផងដែរ ក៏មានគម្រោងរត់តាំងពីនៅស្រុកខ្មែរមកម្ល៉េះថា នៅពេលមកដល់ប្រទេសជប៉ុនគាត់នឹងរត់ចេញពីការងារ។

បើចំណែកច្បាប់នៅប្រទេសជប៉ុន បើពលកររត់មិនត្រឹមតែប្រឈមមុខជាមួយខាងក្រុមហ៊ុនយើងប៉ុណ្ណោះទេ។ ខាងជប៉ុនបើពលករត់ ពេលប៉ូលីសគេចាប់បានគាត់ត្រូវមានទោសត្រូវជាប់គុកពី៦ខែ ទៅ៣ឆ្នាំ និងត្រូវបង់សំណងឲ្យគេចំនួន៣ម៉ឺនដុល្លារទៀតផង៕