(ភ្នំពេញ)៖ បញ្ជាការដ្ឋានអង្គរក្ស នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានទទួលអំណោយសប្បុរសធម៌ ជាអង្ករ ចំនួន២០តោន និងថវិកាមួយចំនួន ពីសមាគមពាណិជ្ជកម្មបេតុកម្ពុជា-ចិន ប្រចាំកម្ពុជា និងក្រុមហ៊ុន ម៉ធាន គ្រុប តាមរយៈការកៀងគរ និងសម្របសម្រួលពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

ពិធីប្រគល់ និងទទួលអំណោយសប្បុរសធម៌នេះ បានធ្វើឡើងក្រោមវត្តមានលោក ហង្ស សាមឿន អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងសមាសភាពសមាគមពាណិជ្ជកម្មបេតុកម្ពុជា-ចិន នៅបញ្ជាការដ្ឋានកងអង្គរក្ស ទីក្រុងតាខ្មៅ ខេត្តកណ្តាល។

បើតាមតំណាងសមាគមពាណិជ្ជកម្មបេតុកម្ពុជា-ចិន បានឱ្យដឹងថា ដោយមើលឃើញប្រទេសកម្ពុជា បច្ចុប្បន្ននេះ បាននឹងកំពុងរងគ្រោះមហន្តរាយដោយទឹកជំនន់ទឹកភ្លៀង ដែលបានប៉ះពាល់ដល់រាជធានី-ខេត្ត មួយចំនួន ដូច្នេះហើយ ក្នុងនាមជាសមាគមពាណិជ្ជកម្មចិន នៅក្នុងប្រទេសកម្ពុជា ប្រឹងប្រែងកៀងគរអំណោយ និងថវិកា ដើម្បីចូលរួមរំលែកនូវការលំបាករបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលបានប្រឹងប្រែងរឹតចំណងមិត្តភាពកម្ពុជា-ចិន ឱ្យកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។

ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល តំណាងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការង នៃកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានអង្គរក្សសម្ដេចតេជោ ហ៊ុន សែន ក៏សូមអរគុណសប្បុរសជនដែលជួយផ្តល់ជាថវិកា សម្ភារ ស្បៀងអាហារ។ល។ តាមរយៈរាជរដ្ឋាភិបាល ឬកាកបាទក្រហម ឬអាជ្ញាធរថ្នាក់ក្រោមជាតិ ឬការចុះចែកផ្ទាល់ដល់ប្រជាជនដែលរងគ្រោះជាដើម។

ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល បានសន្យាថានឹងយកអង្ករ ព្រមទាំងថវិកា ដែលទទួលបានពីសប្បុរសជននានា ទៅប្រគល់ដល់កងយុទ្ធពលខេមរភូមិន្ទ និងកងកម្លាំងប្រដាប់អាវុធ កម្លាំងប្រជាការពារភូមិអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដយកចិត្តទុកដាក់ជួយសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋនៅពេលទឹកជន់ និងទឹកស្រកទៅវិញ ដោយយកចិត្តទុក្ខដាក់ថែទាំ ការពារទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅតាមផ្ទះ និងមិនត្រូវឱ្យប្រជាជនណាម្នាក់ស្លាប់ ដោយសារលង់ទឹកនោះទេ ឬដាក់បាយនោះទេ៕