(ភ្នំពេញ)៖ លោក ផេនហ្គីរេន ខាស្មីហាន ផេនហ្គីរេន ថាហ៉ី ឯកអគ្គរាជទូតនៃស្ថានទូតព្រះរាជាណាចក្រប្រ៊ុយនេប្រចាំនៅកម្ពុជា បានធ្វើទស្សនកិច្ចទៅកាន់ «បណ្ណាល័យសម្តេចម៉ែ» នៃវិទ្យាស្ថានស្លឹករឹតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។

ប្រ៊ុយនេ គឺជាប្រទេសមួយស្ថិតក្នុងចំណោមប្រទេសអាស៊ាន ដែលប្រកាន់របបរាជាធិបតេយ្យ មានព្រះមហាក្សត្រគ្រងរាជ្យ និងកាន់អំណាច។ ប្រ៊ុយនេ តែងតែផ្តល់ការគាំទ្រដោយប្រយោលជារៀងរហូតមក ដល់ការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ក្នុងការសិក្សាស្រាវជ្រាវទៅលើជនជាតិចាមនៅកម្ពុជា។

ប្រទេសប្រ៊ុយនេ គោរពប្រតិបត្តិសាសនាឥស្លាម។ គួររំឭកថា ចាប់តាំងពីចាប់បដិសន្ធិ មកមជ្ឈមណ្ឌលឯកសារកម្ពុជាមានបុគ្គលិកកាន់សាសនាឥស្លាមសរុបប្រមាណ ១៥ភាគរយ នៃបុគ្គលិកទាំងអស់។

បុគ្គលិកដែលមានដើមកំណើតជាជនជាតិចាមមូស្លីមទាំងនេះ បានធ្វើការសិក្សាស្រាវជ្រាវ សរសេរ និងបោះពុម្ពសៀវភៅផ្សេងៗទាក់ទងជាមួយនឹងសហគមន៍របស់ខ្លួន។ សៀវភៅ «ការចងចាំរបស់ស្រ្តីចាមមូស្លីម ស្តីអំពីរឿងរ៉ាវក្នុងសម័យខ្មែរក្រហម» គឺជាស្នាដៃនិពន្ធរបស់លោកស្រី សូ ហ្វារីណា នាយករងនៃមជ្ឈមណ្ឌលឯកសារកម្ពុជា។

មជ្ឈមណ្ឌលឯកសារកម្ពុជា គឺជាស្ថាប័នដំបូងបង្អស់ ដែលបានយកចិត្តទុកដាក់ និងធ្វើការជាមួយសហគមន៍ខ្មែរឥស្លាមចាប់តាំងពីឆ្នាំ១៩៩៥ មកម្ល៉េះ តាមរយៈការស្រង់យកប្រវត្តិសាស្ត្រផ្ទាល់មាត់ ដោយចុះទៅធ្វើការនៅតាម បណ្តាវិហារសាសនាឥស្លាមទាំងអស់នៅក្នុងប្រទេសកម្ពុជា។ មជ្ឈមណ្ឌលឯកសារកម្ពុជា បានផ្តល់ឯកសារនានាដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដើម្បីធ្វើការកាត់ទោសមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហម។

នៅក្នុងសំណុំរឿង ០០២/០២ ទាក់ទងនឹងការទទួលខុសត្រូវរបស់ នួន ជា និង ខៀវ សំផន ចំពោះឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តនៅក្នុងអំឡុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រហូតដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៧៩។ ជនជាប់ចោទទាំងពីររូបត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងជនជាតិចាម ស្តីអំពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ តាមរយៈការធ្វើមនុស្សឃាត, ការបាត់ខ្លួនដោយបង្ខំ, ការសម្លាប់រង្គាល, ការដាក់ក្នុងមន្ទីរឃុំឃាំង, ការធ្វើទារុណកម្ម, ការធ្វើទុក្ខបុកម្នេញដោយមូលហេតុនយោបាយនិងសាសនា អំពើអមនុស្សធម៌ផ្សេងៗទៀត ក្រោមទម្រង់ជាការប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់មនុស្ស។ កន្លងមកមជ្ឈមណ្ឌលឯកសារកម្ពុជា មានកិច្ចសហការសិក្សាស្រាវជ្រាវជាមួយប្រទេសឥណ្ឌូនេស៉ី និងប្រទេសមីយ៉ាន់ម៉ា លើបញ្ហាសិទ្ធិមនុស្ស បញ្ហារើសអើងពូជសាសន៍ និងការសម្លាប់រង្គាល។

លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ធ្លាប់បានបំពេញបេសកកម្មនៅប្រទេសអ៉ីរ៉ាក់ ក្នុងការប្រមែប្រមូលភ័ស្តុតាងបទឧក្រិដ្ឋកម្មអន្តរជាតិនានា ដែលជាឯកទេសរបស់លោក ដើម្បីចូលរួមក្នុងដំណើរការរៀបចំតុលាការកាត់ទោស អតីតប្រធានាធិបតីអ៉ីរ៉ាក់គឺលោក សាដាម ហ៊ូសេន។

នៅក្នុងអំឡុងពេលទស្សនកិច្ចប្រមាណជាង ២ម៉ោង លោក ឆាំង យុ បានរៀបរាប់អំពីពិព័រណ៍ព្រះឆាយាលក្ខ័ណ៍សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងព្រះរាជ្យវង្សានុវង្ស, បន្ទប់បណ្ណាល័យដែលមានផ្ទុកសៀវភៅរាប់ពាន់ក្បាល, រូបថត, ឯកសារសោទស្សន៍, បណ្ណសារឌីជីថលរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា, ពិព័រណ៍ស្តីអំពីសាវតានិងអត្ថន័យនៃការរចនាប្លង់អគារវិទ្យាស្ថានស្លឹករឹត និងការរចនាប្លង់អគារវិទ្យាស្ថានស្លឹករឹតរបស់លោកស្រី ហ្សាហា ហាឌីដ ដែលជាស្ថាបត្យករស្ត្រីដ៏ល្បីល្បាញនៅលើពិភពលោក។

ក្រៅពីនេះ លោកស្រី សូ ហ្វារីណា បានបង្ហាញអំពីទីតាំងស្រាវជ្រាវ, មជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្ណាល័យខ្មែរក្រហមនៅតាមបណ្តាខេត្តទាំង១០។ បន្ទាប់មក ក្រុមការងារនៃមជ្ឈមណ្ឌលឯកសារកម្ពុជា និងភ្ញៀវកិត្តិយសបានពិភាក្សាគ្នាទៅលើបញ្ហាផ្សេងៗ ស្តីពីការប្រឈមនានារបស់ក្រុមជនជាតិភាគតិចនៅកម្ពុជា និងការថែរក្សាសន្តិភាពនៅក្នុងសហគមន៍មូលដ្ឋាន។

នៅចុងបញ្ចប់នៃដំណើរទស្សកិច្ចលោកឯកអគ្គរាជទូត ផេនហ្គីរេន ខាស្មីហាន ផេនហ្គីរេន ថាហ៉ី តំណាងឲ្យប្រតិភូកិត្តិយស និងស្ថានទូតព្រះរាជាណាចក្រប្រ៊ុយនេប្រចាំនៅកម្ពុជា បានផ្តល់ជាចំណារអនុស្សាវរីយ៍លើសៀវភៅក្រាំងមាសរបស់ «បណ្ណាល័យសម្តេចម៉ែ» ដែលមានសេចក្តីដូចតទៅ៖

«សូមអរគុណចំពោះបទពិសោធន៍ និងទស្សនកិច្ចដ៏អស្ចារ្យនេះ។ នេះគឺជាបទពិសោធន៍យ៉ាងវិសេសវិសាលសម្រាប់ខ្ញុំក្នុងការយល់ដឹងអំពីប្រវត្តិសាស្រ្ត និងការដែលសម្តេចព្រះវររាជបិតាជាផ្នែកមួយដ៏សំខាន់នៃប្រវត្តិសាស្រ្ត។

ខ្ញុំសង្ឈឹមថាមជ្ឈមណ្ឌលឯកសារកម្ពុជា និងអាចអភិរក្សឯកសារ និងបណ្ណសារសម្រាប់មនុស្សជំនាន់ក្រោយ។ សារមន្ទីរនេះអាចនឹងមានទំហំតូច ប៉ុន្តែគឺជាសមុច្ច័យនៃបណ្ណសារដ៏ធំសម្បើម សម្រាប់អ្នករាល់គ្នាដែលចាប់អារម្មណ៍ក្នុងការសិក្សា និងស្រាវជ្រាវអំពីប្រវត្តិសាស្រ្តប្រទេសកម្ពុជា ជាពិសេសនៅក្នុងអំឡុងរបបខ្មែរក្រហម។ សូមអរគុណសាជាថ្មីម្តងទៀត»៕