(អាមេរិក)៖ លោក Mark Zuckerberg​ សហស្ថាបនិក និងជានាយកប្រតិបត្តិ Facebook បានថ្លែងឲ្យដឹងនៅក្នុងសន្និសិទកាសែត មួយថា ចំនួនអ្នកប្រើប្រាស់ Facebook នឹងកើនឡើងដល់ ៥ពាន់លាននាក់នៅឆ្នាំ២០៣០ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន The Next Web នៅថ្ងៃទី០៥ ខែកុម្ភៈ។

មហាសេដ្ឋីលំដាប់ទី៥នៃពិភពលោករូបនេះ បានបញ្ជាក់ថា គោលដៅរបស់ Facebook នឹង​ពង្រើន​អ្នកប្រើប្រាស់ឲ្យដល់ ៥ពាន់លាននាក់ នៅឆ្នាំ២០៣០ ពោលគឺជិតស្មើនឹង ៦០ភាគរយនៃ​ចំនួន​ប្រជា​ជនសរុបទូទាំងពិភពលោក។

លោក Mark Zuckerberg​ បានឲ្យដឹងបន្ថែមទៀតថា អ្វីដែលនឹងជំរុញឲ្យចំនួនអ្នកប្រើប្រាស់ Facebook កើនឡើងដល់ ៥ពាន់លាននាក់នោះគឺ Internet.org ដែលជា​មូលនិធិមួយរបស់​​លោក Mark Zuckerberg​ ក្នុងគោលដៅផ្ដល់សេវាកម្មអ៊ីនធើណែត នៅតាម​តំបន់ដាច់ស្រយាល ឬតំបន់​ដែលគ្មានអ៊ីនធើណែត ដោយក្នុងនោះគឺ Internet.org សហការជាមួយរដ្ឋាភិបាលនៃប្រទេសទាំង​នោះ​ដើម្បីចែកចាយអ៊ីនធើណែត មានតំបន់ខ្លះគឺ​ផ្ដល់ជូនដោយគិតថ្លៃ។

គួរបញ្ជាក់ផងដែរថា នៅសប្ដាហ៍មុននេះ លោក Mark Zuckerberg​ បានបង្ហោះនៅលើ Facebook Page លោកថា ចំនួនអ្នកប្រើ Facebook បានកើនឡើងដល់ ១,៦ពាន់លាននាក់៕