(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី ប៉ោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះថា នៅយប់មិញនេះទឹកជំនន់បានវាយប្រហារមកលើក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយកម្លាំងអាវុធហត្ថបានសហការជាមួយអាជ្ញាធរ ធ្វើការជម្លៀសពលរដ្ឋរកទីទួលសុវត្ថិភាព។

លោកឧត្តមសេនីយ៍ត្រី ប៉ោន ប៊ិន បានបញ្ជាក់ថា ក្នុងការជម្លៀសពលរដ្ឋនេះកម្លាំងអាវុធហត្ថបានផ្លុំកញ្ចែប្រកាសអាសន្ន ដើម្បីឲ្យប្រជាពលរដ្ឋភ្ញាក់ពីដំណេក និងរៀបចំសម្ភារ ជម្លៀសពីផ្ទះសំបែងរបស់ពួកគាត់ទៅរកកន្លែងសុវត្ថិភាព។

សូមជម្រាបថា នៅខេត្តបន្ទាយមានជ័យនៅប៉ុន្មានថ្ងៃមកនេះ ទទួលរងនូវជំនន់ទឹកភ្លៀង ដែលមានទឹកភ្លៀងខ្លះ និងទឹកខ្លះទៀតធ្លាក់មកពីប្រទេស បណ្តាលឲ្យលិចលង់ក្រុងស្រុករបស់ខេត្តនេះ។ អាជ្ញាធរ និងសមត្ថកិច្ចបានរួមគ្នាជួយជម្លៀស និងចែកស្បៀងជូនពលរដ្ឋរងគ្រោះផងដែរ៕