(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ការពារដល់អាជីវករខ្មែរ២នាក់ ដែលត្រូវបានអាជ្ញាធរថៃ ចាប់ខ្លួនក្នុងហេតុការប៉ះទង្គិចគ្នារវាងអាជីវករខ្មែរ និងនគរបាលថៃ នៅផ្សាររ៉ុងក្លឿ ខេត្តស្រះកែវ ប្រទេសថៃ កាលពី២ថ្ងៃមុន។ នេះបើតាមសេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួងការបរទេស។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នោះថា «ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ក៏បានណែនាំបន្ទាន់ភ្លាមឲ្យឯកអគ្គរាជទូត និងអគ្គកុងស៊ុលកម្ពុជានៅប្រទេសថៃ រកមេធាវីដើម្បីការពារពលរដ្ឋខ្មែរ យើងទោះជាក្នុងករណីណាក៏ដោយ ដូចអ្វីដែលយើងធ្លាប់បានធ្វើ កន្លងមក» ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦  មានការប៉ះទង្គិចគ្នា រវាងក្រុមអាជីវករខ្មែរនៅផ្សាររ៉ុងក្លឿ ខេត្តស្រះកែវ ប្រទេសថៃ ជាមួយក្រុមសើបអង្កេតពិសេសថៃមកពីទីក្រុងបាងកក ដែលចុះមកត្រួតពិនិត្យកម្មសិទ្ធិបញ្ញាលើទំនិញនៅផ្សាររ៉ុងក្លឿ ។ នៅពេលមានការប៉ះទង្គិចរវាងអាជីវករខ្មែរនៅផ្សាររ៉ុងក្លឿ ជា មួយនគរបាលថៃនោះ បានកើតមានការវាយតប់ និងគប់ដំថ្មទៅ លើនគរបាលថៃ នាំឲ្យខូចខាតរថយន្តនគរបាល អស់ចំនួន ២គ្រឿង។នគរបាលថៃបានចាប់អាជីវករខ្មែរ ២ នាក់ ដែលគេថតរូបភាព បានក្នុងវីដេអូរបស់នគរបាល ។

នៅថ្ងៃទី៤ ខែ កុម្ភៈ ម្សិលមិញនេះ តុលាការថៃបានកាត់ទោស អាជីវករខ្មែរទាំង ២នាក់នេះ ឲ្យជាប់ពន្ធនាគារចំនួន ៣ខែ ។ នគរបាលថៃ ក៏បានបញ្ជូនវីដេអូអាជីវករ ២ នាក់នេះមកឲ្យ ស្ថានទូតកម្ពុជានៅទីក្រុងបាងកក មើលផងដែរ ។ នេះបើតាមការបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសកម្ពុជា៕