(ភ្នំពេញ)៖ ជីប ម៉ុង លែន ដែលអភិវឌ្ឍគម្រោង ហ្គ្រេនភ្នំពេញស៊ីធី កំពុងកែប្រែផ្លូវរបស់គម្រោងនេះឲ្យធំទូលាយ និងខ្វាត់ខ្វែង អមដោយដើមឈើ និងសួនច្បារ ងាយស្រួលធ្វើដំណើរ និងប្រកបដោយសុវត្ថិភាពខ្ពស់ ទាំងសម្រាប់ទាំងយានយន្ត និងថ្មើរជើង។

វិថីដែលកំពុងត្រូវបានអភិវឌ្ឍនោះរួមមាន បីខ្សែមានទទឹងរហូតដល់១៨ម៉ែត្រ និង៩ខ្សែទៀតមានទទឹង៨ម៉ែត្រ។ តាមបណ្តោយវិថី១៨ម៉ែត្រ នឹងមានផ្លូវថ្មើរជើងទទឹង១,៥ម៉ែត្រ អមសងខាង ប្រកបដោយសុវត្ថិភាពខ្ពស់សម្រាប់អ្នកថ្មើរជើង។

ជាងនេះទៅទៀត នៅតាមបណ្តោយមហាវិថី និងវិថីនីមួយៗក្នុងគម្រោងនឹងមានអមដោយដើមឈើធំៗ សួនច្បារដែលមានផ្សារភ្ជាប់នឹងធម្មជាតិ ដែលនឹងផ្តល់ភាពស្រស់ស្រាយ។គម្រោង ហ្គ្រេនភ្នំពេញស៊ីធី ហ៊ុព័ទ្ធទៅដោយធម្មជាតិស្រស់ត្រកាល រួមមានទីលានវាយកូនហ្គោលស្តង់ដាអន្តរជាតិ១៨ឡូ និងសួនឧទ្យានដ៏ធំ Central Park។

ក្រុមហ៊ុន ជីប ម៉ុង លែន ដែលបានទទួលសិទ្ធិកាន់កាប់ទាំងស្រុង និងអភិវឌ្ឍគម្រោង ហ្គ្រេនភ្នំពេញស៊ីធី នេះ កំពុងអភិវឌ្ឍគម្រោងមួយនេះ ឲ្យក្លាយជាគម្រោងសហគមន៍លំនៅឋានប្រណិត សុខដុមរមនា និងការផ្សារភ្ជាប់នឹងធម្មជាតិ ដែលនឹងផ្តល់ជូនលើសពីលំនៅឋាន តែជាផ្ទះដ៏កក់ក្តៅបំផុត៕