(ភ្នំពេញ)៖ សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះរាជាគណៈថ្នាក់ឯក និងជាឧត្តមប្រឹក្សាគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តលង្កា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ មានសទ្ធាជ្រះថ្លា បានជូនបច្ច័យចំនួន ១២,០០០,០០០ រៀល ជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរួមចំណែកជួយប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ដោយគ្រោះធម្មជាតិ។

វត្តលង្កា ជាវត្តមួយក្នុងចំណោមវត្តជាច្រើន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានសទ្ធាជ្រះថ្លា បានរួមចំណែកបរិច្ចាគថវិកាជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារទឹកជំនន់។ វត្តអារាម មិនត្រឹមតែបានអប់រំផ្នែកពុទ្ធចក្រតែប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ផ្នែកអាណាចក្រ វត្តរាមក៏បានចូលរួមចំណែកជួយសម្រាលបន្ទុកសេដ្ឋកិច្ច និងជួយដោះស្រាយបញ្ហាសង្គម។

យោងតាមទន្និន័យរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបង្ហាញពីផលប៉ះពាល់ ខូចខាត ដោយសារគ្រោះធម្មជាតិ ទឹកជំនន់ គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ៖ បានបង្ហាញថា ខេត្តដែលរងផលប៉ះពាល់ដោយសារទឹកជំនន់មាន ១៩ រាជធានី-ខេត្ត ស្មើ ៧១ ក្រុង/ខណ្ឌ ក្នុងនោះ មានខេត្តពោធិ៍សាត់ ប៉ែលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគីរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ធំ និងកំពង់ឆ្នាំង។

ទឹកជំនន់នេះបានប៉ះពាល់ដល់ប្រជាជនប្រមាណ ៦១,៣៥៧ គ្រួសារ ស្មើប្រមាណ ២៤៥,៤២៨ នាក់ ។ ប្រជាជនជន្លៀសប្រមាណ ៧,៩៩៧ គ្រួសារ ស្មើប្រមាណ ២៦,៦០៨ នាក់ ។ ប៉ះពាល់ផ្ទះប្រមាណ ៥៩,២៦៨ ខ្នង ។ ផ្ទះខូចខាត ៥៦ ខ្នង។ សាលាលិចទឹកប្រមាណ ៤៥៩ កន្លែង ។

ស្រូវលិចទឹកប្រមាណ ១៦៩,០៨១ ហិកតា ។ ដំណាំលិចទឹកប្រមាណ ៧៣,២៩១ ហិកតា។ ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវក្រួសក្រហម ប៉ះពាល់ប្រមាណ ៣៤៤ គីទ្បូម៉ែត្រ។ ផ្លូវលំជនបទលិចទឹកប្រមាណ ១,៤៥៩ គីទ្បូម៉ែត្រ ។ ស្ពានលិចទឹកប្រមាណ ២៤ កន្លែង។ ទំនប់ប៉ះពាល់ប្រមាណ ២២.៧ គីទ្បូម៉ែត្រ ។ ប្រទ្បាយមេ ប៉ះពាល់ ១៦៩.១ គីទ្បូម៉ែត្រ។ ប្រទ្បាយរងប៉ះពាល់ ១២៩.៣ គីទ្បូម៉ែត្រ។ ប្រទ្បាយស្រោចស្រពប៉ះពាល់ ៧៩.៦ គីទ្បូម៉ែត្រ។ និងច្រាំងទន្លេ ប៉ះពាល់ ៤១០ គីទ្បូម៉ែត្រ៕