(ព្រះវិហារ)៖ លោកទេសរដ្ឋមន្ត្រី មាស សុភា រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ និងលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត និងលោកស្រី ព្រមទាំងលោក-លោកស្រីជាអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាព មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលខេត្តព្រះវិហារ បានផ្តួចផ្តើមធ្វើបុណ្យអង្គកឋិនទានសាមគ្គីមួយដង្ហែចូលវត្តដំបូកខ្មៅ ស្ថិតនៅក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ដើម្បីប្រមូលបច្ច័យកសាងកាំជណ្តើរឡើងព្រះវិហារវត្តដំបូកខ្មៅ និងព្រះវិហារវត្តថ្មីបីដុំ។

បុណ្យកឋិនទានសាមគ្គីនេះ បានប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ក្នុងបរិវេណសាលាខេត្តព្រះវិហារ ដោយបានជួបជុំពុទ្ធបរិស័ទមកពីជិតឆ្ងាយ ប្រារព្ធពិធីក្រុងពាលី និងនមសិកាព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនា ជាមួយការចូលចាប់មគ្គផលតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន មានមាតា បិតាញាតិការទាំង៧សណ្តាន និងឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធវីរយុទ្ធជន យុទ្ធនារីដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ។

នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ លោកទេសរដ្ឋមន្ត្រី មាស សុភា និងលោក ឡុង សុវណ្ណ លោក ប្រាក់ សុវណ្ណ បានដឹកនាំអង្គកឋិនទានសាមគ្គីដង្ហែ ទៅវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តដំបូកខ្មៅ។

សូមបញ្ជាក់ថា បច្ច័យដែលប្រមូលបានពីបុណ្យកឋិនទានសាមគ្គីនេះមានចំនួន ១៧០ លានរៀល ក្នុងនោះវេរប្រគេនព្រះសង្ឃវត្តដំបូកខ្មៅ និងវត្តថ្មីបីដុំចំនួន ៥ លានរៀល បច្ច័យដែលនៅសល់ទុកកសាងជួសជុលកាំជណ្តើរឡើងភ្នំត្បែង និងកសាររបងវត្តថ្មបីដុំ៕