(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ បានបញ្ជាឱ្យក្រុមមន្ត្រីក្រោមឱវាទ និងកម្លាំងសមត្ថកិច្ចទាំងបីប្រភេទ ត្រូវត្រៀមកម្លាំងសរុបចាំជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះជំនន់ទឹកភ្លៀង ខណៈស្ថានភាពទឹកនៅស្រុកស្ទោងកំពុងឡើងខ្លាំង រីឯទឹកស្ទឹងសែនក៏បានឡើងដល់ចំណុចប្រកាសអាសន្នដែរ។

ការបញ្ជាភ្លាមៗនេះត្រូវបានធ្វើឡើង នាឱកាសលោកដឹកនាំមន្ត្រីចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងជាច្រើនកន្លែង ក្នុងភូមិសាស្ត្រស្រុកស្ទោង ដូចជានៅទីរួមស្រុកស្ទោង ទំនប់បង្ហៀរទឹក ៣០ កញ្ញា ដែលស្ថិតក្នុងប្រជុំបីស្រុកមានស្រុកប្រាសាទបល្ល័ង្ក ស្រុកកំពង់ស្វាយ និងស្រុកស្ទោង។

លោកអភិបាលខេត្តបានលើកឡើងថា នៅពេលថ្មីៗកន្លងមកនេះ រដ្ឋបាលខេត្តបានចេញសេចក្តីជូនដំណឹង ដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមដងស្ទឹងសែន និងតំបន់ទំនាបនានាទៀតឱ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះគ្រោះទឹកជំនន់នេះរួចមកហើយ និងជូនដំណឹងពីការផ្អាកចរាចរណ៍លើផ្លូវមួយចំនួនក្នុងខេត្ត។

ដោយឡែក នៅថ្ងៃនេះ បន្ទាប់ពីទឹកស្ទឹងសែនបានបន្តហក់ឡើង លើសកម្ពស់ប្រកាសអាសន្ន រដ្ឋបាលខេត្តបានដឹកនាំមន្ត្រីចុះពិនិត្យ ពីស្ថានភាពជំនន់ទឹកភ្លៀងនេះ និងបានដាក់បទបញ្ជាដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងគ្រប់ប្រភេទត្រូវត្រៀមមធ្យោបាយ សម្ភារៈ និងកម្លាំងសរុប ដើម្បីចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា។

ទន្ទឹមនេះ អភិបាលខេត្តបានក្រើនរំលឹកដល់មន្ត្រីមូលដ្ឋាន ត្រូវបន្តតាមដានពីស្ថានភាពទឹកភ្លៀង នៅតាមមូលដ្ឋានរៀងៗខ្លួនឱ្យបានជាប្រចាំ និងត្រូវបន្តផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នគ្រប់ពេលវេលា ហើយក៏ត្រូវត្រៀមលក្ខណៈគ្រប់បែបយ៉ាង ដើម្បីសង្គ្រោះប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាព គ្រាទឹកជំនន់បន្តហក់ឡើង បង្កជាគ្រោះមហន្តរាយ បំផ្លិចបំផ្លាញលំនៅដ្ឋាន ភូមិករ និងទ្រព្យសម្បត្តិរបស់ពួកគាត់។

បន្ថែមពីនេះទៀត លោក សុខ លូ ក៏បានដាក់បទបញ្ជាដល់មន្ត្រីខេត្ត ក្រុង ស្រុក និងកងកម្លាំងទាំងបី ត្រូវត្រៀមមធ្យោបាយសរុប និងកម្លាំងសរុប ដើម្បីចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ នៅក្នុងរដូវភ្លៀងធ្លាក់ និងគ្រោះទឹកជំនន់នេះឱ្យបានទាន់ពេលវេលា ដោយមិនត្រូវទុកប្រជាពលរដ្ឋណាម្នាក់ឱ្យរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាដាច់ខាត៕