(ភ្នំពេញ)៖ បន្ទាប់ពីបានដំណើរការស្រាវជ្រាវព្រំដែនកម្ពុជា-វៀតណាម អស់រយៈពេលជាង ៧ខែ នៅលើខ្សែបន្ទាត់ព្រំដែនប្រមាណ ៥០០គីឡូម៉ែត្រ ក្នុងខេត្តចំនួន៤ គឺខេត្តស្វាយរៀង កណ្តាល កំពត និងត្បូងឃ្មុំ ក្រុមការងារស្រាវជ្រាវព្រំដែនកម្ពុជា-វៀតណាម នៃ រាជបណ្ឌិត្យសភាកម្ពុជា ដែលមានលោក សុខ ទូច ជាប្រធានក្រុម នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានបើកសន្និសីទព័ត៌មានបង្ហាញពីលទ្ធផល ក៏ដូចជាបញ្ហាមួយចំនួនទៅលើការងារស្រាវជ្រាវនេះ។

លោក សុខ ទូច បានថ្លែងនៅក្នុងសន្និសីទនេះថា ដំណើរការបោះបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម គ្មានអ្នកខាត ឬអ្នកចំណេញឡើយ គឺមានតែភាពត្រឹមត្រូវទៅតាមនិយាមការណ៍ ដែលបានកំណត់នៅលើផែនទីបោន ខ្នាត ១ លើ ១០០ ០០០។ លោក សុខ ទូច បានបញ្ជាក់ថា ការបោះបង្គោលព្រំដែននេះ មានកន្លែងខ្លះចូលមកដីខ្មែរ ហើយកន្លែងខ្លះក៏ចូលទៅក្នុងដីរបស់វៀតណាម។

លោក សុខ ទូច បានបង្ហាញក្តីរំពឹងថា ក្រោយពេលក្រុមការងាររបស់លោកស្រាវជ្រាវចប់ លោកនឹងចងក្រងជាឯកសារប្រវត្តិសាស្រ្ត មួយសម្រាប់ប្រជាពលរដ្ឋ ហើយក៏អាចជួយឲ្យប្រជាពលរដ្ឋលែងឈ្លោះគ្នា និងព្រួយបារម្ភពីការបាត់បង់ទឹកដីបន្តទៅទៀតផងដែរ។

សូមទស្សនាវីដេអូ របស់លោក សុខ ទូច បង្ហាញពីដំណើរការស្រាវជ្រាវព្រំដែនកម្ពុជា-វៀតណាម នៅក្នុងសន្និសីទព័ត៌មាន តាមរយៈ Fresh News TV ចាប់ពីម៉ោង ១៧៖៣០នាទីតទៅ៖

លោក សុខ ទូច បង្ហាញលទ្ធផល នៃការស្រាវជ្រាវព្រំដែនកម្ពុជា-វៀតណាម នៅក្នុងខេត្តស្វាយរៀង កណ្តាល កំពត និងត្បូងឃ្មុំ លើខ្សែបន្ទាត់ព្រំដែនចំនួន ៥០០គីឡូម៉ែត្រ។ លោក សុខ ទូច អះអាងថា ការសាងសង់បោះបង្គោលព្រំដែនទាំងកម្ពុជា និង វៀតណាម គ្មានខាត គ្មានចំណេញ គឺមានតែភាពត្រឹមត្រូវតាមបច្ចេកទេស និងផែនទីបន្សល់ពីសម័យបារាំង។ ប្រធានស្រាវជ្រាវព្រំដែនកម្ពុជា-វៀតណាម នៃរាជបណ្ឌិតសភាកម្ពុជា បានឲ្យដឹងទៀតថា ការបោះបង្គោលព្រំដែននេះ មានកន្លែងខ្លះចូលក្នុងដីកម្ពុជា ហើយកន្លែងខ្លះទៀត ក៏ចូលទៅក្នុងដីរបស់វៀតណាមផងដែរ។

Posted by Fresh News on Thursday, February 4, 2016