(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា គិតត្រឹមម៉ោង ៧យប់ថ្ងៃទី១៧ ខែតុលានេះ រាជរដ្ឋាភិបាលទទួលបានជំនួយឧបត្ថម្ភជាង៧លានដុល្លារហើយ សម្រាប់ជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់។

សម្តេចតេជោ ហ៊ុន សែន បានប្រាប់លោក លឹម ជាវុត្ថា នាយកប្រតិបត្តិការអង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិចថា «គិតត្រឹមម៉ោង៧យប់ថ្ងៃទី១៧ ខែតុលានេះ រាជរដ្ឋាភិបាល បានទទួលការបរិច្ចាគជំនួយឧបត្ថម្ភពីសប្បុរសជនចំនួន ៧.៣២៣.៦៨១ដុល្លារហើយ សម្រាប់យកទៅជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់»។

ការឧបត្ថម្ភថវិកានេះបានបង្ហាញយ៉ាងច្បាស់ពីការជួយគ្នាក្នុងគ្រាលំបាករបស់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាការយកចិត្តទុកដាក់ជួយដោះស្រាយទុក្ខលំបាកប្រជាជនពីសំណាក់រាជរដ្ឋាភិបាលលើបញ្ហាទឹកជំនន់ ដោយមិនប្រកាន់និន្នាការនយោបាយ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងទទួលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងនាពេលនេះ។

សូមជំរាបថា ជំនន់ទឹកភ្លៀងបានវាយប្រហារខេត្តជាច្រើនរបស់កម្ពុជា ទាំងក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បាននិងកំពុងចេញប្រតិបត្តិការ ជួយសង្គ្រោះប្រជាពលរដ្ឋបណ្តាខេត្តរាជធានីខេត្ត ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់សង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា និងសូមបន្តចាត់វិធានការចាំបាច់នានា និងដឹកនាំកម្លាំងក្នុងការចេញទៅជួយសង្គ្រោះប្រជាពលរដ្ឋ តាមភូមិសាស្ត្រ ដែលទទួលខុសត្រូវ ឱ្យបានទាន់ពេលវេលា ដើម្បីទប់ទល់នឹងគ្រោះទឹកជំនន់ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវការលំបាក និងផលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិនានា៕