(កណ្ដាល)៖ ព្រះឃោសមុនីវង្ស វ័ន្ត វណ្ណោ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះលេខាធិការគណៈខេត្តកណ្តាល នាយកពុទ្ធិកវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា និងជាព្រះចៅអធិការវត្តប្រជុំនទីក្រពើហា នៅថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២០នេះ បាននិមន្ដចែកអំណោយជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ប្រមាណ៧០ គ្រួសារ នៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្ដកណ្ដាល។

ព្រះឃោសមុនីវង្ស វ័ន្ត វណ្ណោ បានមានព្រះសង្ឃដិកាថា ការនិមន្ដចែកអំណោយសម្រាលការលំបាករបស់ប្រជាពលរដ្ឋនេះ បន្ទាប់ពីរយៈពេល២ថ្ងៃមកនេះ ជំនន់ទឹកភ្លៀងកាន់តែធ្ងន់ធ្ងរទៅៗ ដែលបណ្ដាលឱ្យប៉ះពាល់ដល់ពលរដ្ឋងាយរងគ្រោះប្រមាណ ៧០គ្រួសារ។ បើទឹកនៅតែបន្ដជន់លិច ព្រះចៅអធិការ នឹងបន្ដផ្ដល់អំណោយសម្រាលការលំបាកដល់ពលរដ្ឋយើងបន្ថែមទៀត។

ព្រះឃោសមុនីវង្ស វ័ន្ត វណ្ណោ បានព្រះសង្ឃដិកាបន្ដថា ការចុះផ្ដល់ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ មិនមែនតែពុទ្ធបរិស័ទនៅក្បែរវត្ដក្រពើហានោះទេ នឹងបន្ដជួយដល់ពលរដ្ឋនៅតាមបណ្ដាខេត្ដដទៃទៀត ដែលកំពុងរងគ្រោះដោយគ្រោះមហន្ដរាយធម្មជាតិនេះ។

សូមជម្រាបថា អំណោយនៅក្នុងមួយគ្រួសារទទួលបាន៖ មី១កេស ថវិកា៥ម៉ឺនរៀល៕