Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខណ្ឌដង្កោ បញ្ជាក់ពីមូលហេតុដែលធ្វើឲ្យតំបន់ និងទីតាំងមួយចំនួនក្នុងខណ្ឌលិចលង់ធ្ងន់ធ្ងរ

17-10-2020 18:00

(ភ្នំពេញ)៖ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានបញ្ជាក់ថា ដោយសារតែទឹកហៀរខ្លាំងពីស្ទឹងព្រែកត្នោត បានបណ្ដាលឲ្យទឹកដីខណ្ឌដង្កោរ នៅចំណុចបុរី VIP បុរីពិភពថ្មីគួរស្រូវ និង តំបន់ជុំវិញត្រូវលិច ស្របពេលដែលក្នុងប៉ុន្មានថ្ងៃនេះ ប្រទេសកម្ពុជាក៏មានភ្លៀងធ្លាក់ជាប់គ្នា ដែលបណ្ដាលឲ្យមានជំនន់ទឹកភ្លៀងផង ទើបបណ្ដាលឲ្យតំបន់ដែលលិចទឹកទាំងនោះ មិនអាចរំដោះទឹកបានទាន់ពេលវេលា។

លោកស្រីបានទាំងអះអាងថា នៅឆ្នាំបន្តបន្ទាប់ស្ថានភាពបែបនេះ អាចនឹងមិនកើតមាននោះផង បន្ទាប់ពីខ្សែក្រវ៉ាត់ក្រុងគឺទំនប់ទប់ទឹកសំខាន់ៗ ត្រូវបានរៀបចំច្បាស់លាស់។ លោកស្រីបានទទូចកុំឲ្យ មានការយល់ថា តំបន់បុរី VIP តំបន់ផ្សារព្រែកជ្រៃ និងតំបន់ដែលបានលិចលង់ក្នុងប៉ុន្មានថ្ងៃនេះ តែបានលិចមួយឆ្នាំបែបនេះហើយ និងលិចរាល់ឆ្នាំដោយសារតែស្ថិតក្នុងតំបន់ទំនាប ពោលគឺលោកស្រីនៅតែយល់ថា ស្ថានភាពដែលបង្កឲ្យលិចនៅក្នុងពេលនេះ គឺបណ្ដាលមកពីកម្ពុជាទទួលឥទ្ធិលព្យុះបណ្ដាលឲ្យភ្លៀងធ្លាក់ជាប់ៗគ្នា។

លោកស្រីបានបន្ថែមទៀតថា បទពិសោធន៍លិចទឹកឆ្នាំនេះ នឹងធ្វើឲ្យរដ្ឋាភិបាលរកវិធីរុញច្រានទឹកទៅកាន់តំបន់ដែលមិនប៉ះពាល់ ដើម្បីកុំឲ្យទឹកដីខណ្ឌដង្កោរងការលិចលង់ទៀត។ ជាមួយគ្នានោះ លោកស្រីក៏អំពាវនាវឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់បានខ្ពស់សម្រាប់ជំនន់ទឹកភ្លៀង។ ក្នុងនោះ ក្រុមការងារជួយសង្គ្រោះ ក៏បានយកចិត្តទុកដាក់ ក្នុងតំបន់ដែលរងគ្រោះទាំងនោះផងដែរ។

មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ហេតុផលមួយផ្នែកនៅភ្នំពេញ ពិសេសនៅខណ្ឌដង្កោ ត្រូវលិចក្នុងឆ្នាំនេះ គឺដោយសារតែស្ថានភាពដីក្នុងរាជធានីភ្នំពេញ កកើតឡើងក្នុងតំបន់ភូមិសាស្ត្រមួយជាទំនាបរាងជាបាតខ្ទះ ហ៊ុមព័ទ្ធជុំវិញដោយបឹងកប់ស្រូវ ទន្លេសាប ទន្លេបាសាក់ និងស្ទឹងព្រែកត្នោត។

ក្នុងនោះទីតាំងរង្វង់មូលគួរស្រូវ, បុរីពិភពថ្មីគួរស្រូវ, បុរីវីអាយភី, ផ្សារព្រែកជ្រៃ, វត្តព្រះធាតុ សង្កាត់ស្ពានថ្ម និងបុរីធំៗស្ទើរទាំងអស់ផ្សេងទៀតដូចជា បុរីរតនៈភ្នំពេញ, បុរី The ML Villa, បុរី អ៊ុយ ហុង, ក្រុមហ៊ុនថ្នាំពណ៌ជាតិ Can Paint, និង បុរីឡាផាម នៅក្នុងតំបន់នោះត្រូវលិច បើទោះជាបានរៀបចំប្រព័ន្ធលូធំៗត្រឹមត្រូវ ត្រូវតាមស្ថានភាពទីតាំងអភិវឌ្ឃន៍ថ្មី។

អ្នកជំនាញបន្តថា ការបម្រែបម្រួលនៃអាកាសធាតុលើពិភពលោក ដែលភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា លើសពី៤០មីលីម៉ែត្រក្នុងមួយម៉ោង គឺជាហេតុផលនាំឲ្យមានជំនន់ទឹកភ្លៀង ដោយក្នុងឆ្នាំនេះ មិនមែនតែភ្នំពេញទេ សូម្បីនៅទីក្រុងសេអ៊ូល បាងកក ហូជីមិញ សឹង្ហបុរី ម៉ានីលជាដើម ក៏រងការជន់លិចធ្ងន់ធ្ងរផងដែរ គឺខ្លាំងជាងនៅកម្ពុជាទៅទៀត៕